ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ជប៉ុន​ លោក​ស្រី​ Michelle Obama ​ផ្សព្វផ្សាយ​ «គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា»


លោក​ស្រី​ Michelle Obama (ខាងឆ្វេង) ជាមួយ​នឹង​សមភាគី​លោកស្រី​ Akie Abe (ខាងស្តាំ) នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​លើ​ការ​អប់រំ​ស្រ្តី​ ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន​ និង​សហរដ្ឋអាមេរិក។
លោក​ស្រី​ Michelle Obama (ខាងឆ្វេង) ជាមួយ​នឹង​សមភាគី​លោកស្រី​ Akie Abe (ខាងស្តាំ) នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​លើ​ការ​អប់រំ​ស្រ្តី​ ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន​ និង​សហរដ្ឋអាមេរិក។

លោកស្រី​មីសែល​ អូបាម៉ា ​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​កំពុង​បន្ត​ដំណើរ​បំពេញ​ទស្សនៈ​កិច្ចរបស់​លោកស្រី​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ដែល​នៅ​ទី​នោះ​លោកស្រី កំពុង​ផ្សព្វផ្សាយ​កិច្ច​ផ្តួចផ្តើមមួយ​ដែល​មាន​គោល​បំណង​ជួយ​នារី​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន។

ថ្លែង​នៅ​ក្បែរ​លោកស្រី Akie Abe សមភាគី​របស់​លោកស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោកស្រី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន ​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​លើ​កិច្ចផ្តួចផ្តើម​ការ​ផ្តល់​ឱកាស​ឲ្យ​ស្រ្តី​បាន​ចូល​សិក្សា​ឬ «Let Girls Learn» របស់​សេតវិមាន។

លោកស្រី​អូបាម៉ា ​មាន​ប្រសាសន៍​ថា «ការសិក្សា​របស់​ខ្ញុំ ជា​ចំណុច​ចាប់ផ្តើម​នៃគ្រប់ឱកាស​ ដែល​ខ្ញុំ​មាននៅ​ក្នុង​ជីវិត​របស់​ខ្ញុំ។ក៏​ប៉ុន្តែ​ឥឡូវ​នេះ ​ខ្ញុំ​ដឹង​ថា ​គ្រប់នារី​ដូចជា​ខ្ញុំ មាននារី​ផ្សេង​ទៀត​នៅទូទាំង​ពិភពលោក​ដែល​មាន​ការ​ឆ្លាត​វាង​វៃ ​មានសមត្ថភាព​ ​មាន​ការ​ស្រេក​ឃ្លាន​ដើម្បី​ឲ្យ​បាន​ទទួល​ជោគ​ជ័យ ក៏​ប៉ុន្តែ នារី​ទាំង​អស់​នោះ ​មិន​មាន​ឱកាស​ដើម្បី​ទៅ​សាលារៀន។

​កម្មវិធី​ផ្តួច​ផ្តើមនោះមាន​គោល​បំណង​ជួយ​អប់​រំ​នារី​៦២​លាននាក់​នៅ​ទូទាំង​សាកល​លោក​ដែល​មិន​បាន​ចូល​សាលា​រៀន ​ហើយត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​លោកស្រី​អូបាម៉ា​ជាមួយ​នឹង​លោកប្រធានាធិបតី។

​អង្គការ Peace Corps ​របស់​សហរដ្ឋ​អាមេរិក​ ​នឹង​ធ្វើ​ការ​ជាមួយ​អង្គការស្ម័គ្រ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​របស់​ជប៉ុនឬ Japan Oversea Cooperation Volunteers ជាមួយ​នឹង​អង្គការ​ផ្តល់​ជំនួយ​អន្តរជាតិ​ផ្សេង​ៗ​ទៀតដើម្បី​ជួយ​អនុវត្ត​កម្មវិធី​នេះ។

លោក​ស្រី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «ហើយ​ដោយ​មានភាព​ជា​ដៃ​គូថ្មី​នេះ​រវាង​ប្រទេស​យើង​ទាំង​២ ​យើង​កំពុង​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រទេស​នានា​នៅ​ជុំ​វិញ​ពិភពលោក​ឲ្យ​ធ្វើ​សកម្មភាព។​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ និង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ​យើង​នឹងទាក់​ទងមេដឹកនាំ​ពិភពលោក​ ហើយ​សុំ​ឲ្យ​មេដឹកនាំ​ទាំង​នោះ​ធ្វើ​ការ​តាំង​ចិត្ត​ដ៏​ខ្លាំង​របស់​ខ្លួន​ដល់​ការ​សិក្សា​អប់​រំ​របស់​នារី។

លោកស្រី​ភរិយា​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ​ក៏​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ។ ​លោកស្រី ​ក៏​នឹង​មាន​ផែនការ​ជួប​ជាមួយ​អធិរាជ​និង​អធិរាជនីរបស់​ជប៉ុន​មុនពេល​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ទី​កន្លែង​ទេសចរណ៍​នៅ​ក្រុង​ក្យូតូ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

នៅ​ថ្ងៃ​សុក្រ​ដូច​គ្នា​នេះ​ផង​ដែរ ​លោកស្រី​អូបាម៉ា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេស​មួយ​នៃ​បណ្តា​ប្រទេស​១១​ដែល​រួមមាន​នៅ​ក្នុង​កម្មវិធីកិច្ច​ផ្តួចផ្តើម​នេះ។​ប្រទេស​ផ្សេង​ទៀតនៅ​ក្នុង​កម្មវិធី​ផ្តួច​ផ្តើម​មាន​ប្រទេស​អាល់​បានី ​បេនីន ប៊ូគីណា ​ហ្វាសូ ហ្គាណា ម៉ុលដាវី ម៉ុងហ្គោលី ម៉ូហ្សាំប៊ិក​ តូហ្គោ​ និងអ៊ូហ្គង់ដា។

នៅ​ក្នុង​ប្រទេស​កម្ពុជា ​លោកស្រី​អូបាម៉ា ​នឹង​ជួប​ជាមួយ​លោកស្រីប៊ុន ​រ៉ានី ​ភរិយា​របស់​នាយករដ្ឋ​មន្រ្តី​ហ៊ុន ​សែន។​ នេះ​ជា​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​លើក​ទី​មួយ​ដែល​លោកស្រី​ភរិយា​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ដែល​កំពុង​កាន់​អំណាច​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈ​កិច្ចនៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ៕

XS
SM
MD
LG