ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ស.រ.អា.៖ លោកស្រី Michelle Obama នឹង​លើក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


លោកស្រី ​Michelle Obama ​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក នឹង​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​កម្ពុជា​​នៅ​ចុង​សប្តាហ៍​​នេះ។
លោកស្រី ​Michelle Obama ​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក នឹង​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​កម្ពុជា​​នៅ​ចុង​សប្តាហ៍​​នេះ។

លោកស្រី ​Michelle Obama ​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​គ្រោង​នឹង​ បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​ថ្ងៃ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​អប់រំ​ដល់​និស្សិត​ស្ត្រី ​តែ​លោក​ស្រី​ នឹង​មានឱកាស​ក្នុង​ការ​ស្ទាបស្ទង់​មើល​ពី​ស្ថាន​ការណ៍​នយោបាយ​នឹង​សិទ្ធិ​មនុស្សនៅ​ប្រទេស​កម្ពុជា​ ដែល​សកម្មជន​ដីធ្លី​ជា​ស្រ្តី ​និង​សកម្មជន​នយោបាយ​កំពុង​ជាប់​ឃុំឃាំង​ផង​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ស.រ.អា.។

លោក​អេវិន ម៉េដេរ៉ស (Evan Medeiros) នាយក​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​អាស៊ី​នៃ​ ក្រុម​ប្រឹក្សា​សន្តិសុខ​ បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅសេតវិមាន​តាម​ប្រព័ន្ធ​ Conference Call ​កាលពី​ថ្ងៃ​ច័ន្ទថា​ លោកស្រី​អូបាម៉ា​នឹង​មិន​ព្រងើយ​ចំពោះ​ ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ទេ​ ក្នុង​ពេល​លោកស្រី​បំពេញ​ទស្សនកិច្ច។ ​លោក​បាន​ថ្លែង​តាម​ប្រសាសន៍​ដើម​ថា៖

«អ្វី​ដែល​ខ្ញុំអាច​បន្ថែម​នោះ​គឺ​ថា​ នៅពេល​លោកស្រី ​(Michelle Obama) អញ្ជើញ​ ទៅ​ដល់​ប្រទេស​កម្ពុជា​ លោកស្រី​នឹង​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​ជួប​ជាមួយ​សង្គម​ស៊ីវិល​ ដើម្បី​ពង្រឹង​គោល​គំនិត​របស់ស.រ.អា.​អំ​ពីសារៈ​សំខាន់​នៃ​ប្រព័ន្ធ​នយោបាយ​បើក​ចំហ​ ​និង​ចូលរួម​ដោយ​គ្រប់​ភាគី​ ដែល​អនុញ្ញាត​ឲ្យ​សង្គមស៊ីវិលដើរ​តួនាទី​ក្នុង​អភិបាល​កិច្ច​ល្អ»។​

ផែនទី​បង្ហាញ​អំពី​ដំណើរ​របស់​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ទ្វីប​អាស៊ី​ក្នុង​ខែមីនា ឆ្នាំ២០១៥។
ផែនទី​បង្ហាញ​អំពី​ដំណើរ​របស់​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ទ្វីប​អាស៊ី​ក្នុង​ខែមីនា ឆ្នាំ២០១៥។

ទស្សន​កិច្ច​របស់​លោកស្រី​អូបាម៉ា​ធ្វើ​ឡើងចំ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​សកម្ម​ជន​ដីធ្លី​បឹងកក់​យ៉ាង​តិច​១១​នាក់​ជាស្តី្រ​ ចាប់​ខ្លួន​សកម្ម​ជន​នយោបាយ ​បញ្ហា​និទណ្ឌ​ភាព ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ បញ្ហា​ប្រើប្រាស់​កម្លាំង​បង្ក្រាប​ធ្ងន់ធ្ងរ​លើ​ការ​តវ៉ា​អហិង្សា ​បញ្ហា​រំលោភ​បំពាន​ដីធ្លី​ជាដើម។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​បចេ្ចកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ​ជារឿងគួរ​ឲ្យ​រីករាយ។​ លោក​ថ្លែង​ថា ​ប្រសិន​បើ​លោកស្រី​ភរិយា​ប្រធានាធិបតី​ស.រ.អា.​ ​Michelle Obama ​នឹង​លើក​ យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ពិភាក្សា​ជាមួយ​មន្ត្រី​កម្ពុជា​ក្នុង​ដំណើរ​ទស្សន​កិច្ច​ ខាង​មុខ​ លោក​ចង់​ឃើញ​ថា ​សកម្ម​ជន​ជាស្ត្រី​បឹងកក់​ចំនួន​១១​នាក់ ​និង​សកម្ម​ជន​ នយោបាយ​ជំទាស់​ត្រូវ​បាន​ដោះលែង។​

«យើង​មើល​ទៅ​រឿងរ៉ាវ​ដែល​ចាប់​ស្ត្រី​បឹងកក់​នេះ​គឺ​ដោយសារ​តែ​បញ្ហា​ដីធ្លី​និង​ បញ្ហា​ទឹក​លិច​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាល​ភាព​របស់​គាត់​ ហើយ​គាត់​នាំ​គ្នា​ ធ្វើ​ការ​តវ៉ា។​ ពួក​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​ការ​ចាប់​ខ្លួន​ នេះ​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហ្នឹង​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ ក្រៅពី​បញ្ហា​ដីធ្លី​នោះ»។​

វីអូអេ​បានព្យាយាម​ទាក់​ទង​សុំការ​ឆ្លើយ​តប​ពី​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា តែពុំ​អាច​ទាក់ទង​បាន​ទេ។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ​លោក​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​មួយ​រូប​ បានអះអាង​ថា ​ប្រទេស​កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​ មិន​អាច​មាន​អ្នកណា​ម្នាក់​រំលោភ​បំពាន​បាន។​

«ដូច្នេះ​ឥស្សរជន​ណាមួយ​ដែល​មក​លូកលាន់​នៅ​ក្នុង​ដែន​អធិបតេយ្យ​ភាព​ឬ​ក៏​ រំលោភ​លើការ​គោរព​របស់​កម្ពុជា​ គឺ​ទីមួយ​វា​ប្រាសចាក​នឹង​អ្វី​ដែល​យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​នៅ​អ.ស.ប.ក្រុង​វីយ៉េន​ ដែល​និយាយ​អំពី​អធិបតេយ្យ​ភាព​ ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស ​ដែល​មហា​អំណាច​ទាំងឡាយ​ត្រូវតែ​ដក​ដៃ​ចេញ​ពី​ការ​សម្រេច​និង​ជម្រើស​របស់​ប្រជាជន​កម្ពុជា»។​

លោក​ផៃ ស៊ីផាន​បាន​បន្ត​ថា ​អ្វី​ដែល​លោក​ដឹង​គឺ​លោក​ស្រី ​Michelle Obama​ ជា​ភ្ញៀវ​របស់​កម្ពុជា​ ដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​ផ្តោត​ទៅលើ​បញ្ហា​វប្បធម៌​ និង​ ការ​អប់រំ​ដល់ស្តី្រ ​តែ​ការ​ក្លែង​ពី​គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​យ៉ាងណា​គឺ​កំពុង​តែ​ឮ​ពេញ​ព្រះរាជា​ណាចក្រ​កម្ពុជា។​

លោកស្រី​ Michelle Obama ​ជាភរិយា​ប្រធានាធិបតី​ស.រ.អា.ដំបូង​គេ​ ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា។​ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន ​ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​ដល់កម្ពុជា​ដ៏ធំនោះ​ លោកស្រី​ Michelle Obama ​គ្រោង​នឹង​អញ្ជើញ​មកដល់​ទីក្រុង​អង្គរ ​ខេត្ត​សៀមរាប​ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏ធំជាង​គេ​ក្នុង​ប្រទេស​នៅថ្ងៃ​សុក្រ​ខាងមុខ​ ហើយ​លោកស្រី​នឹង​ត្រូវ​ទទួល​ស្វាគមន៍ដោយ​លោក​ស្រី​ប៊ុន រ៉ានី​ហ៊ុន សែន​ ដែល​ជា​ភរិយា​របស់​លោក ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕

XS
SM
MD
LG