លោកស្រី Michelle Obama នឹងជំរុញឲ្យសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាមានតួនាទីសំខាន់នៅក្នុងការងារអភិបាលកិច្ចល្អ។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃសេតវិមាន។
លោក Evan Medeiros នាយកជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់កិច្ចការអាស៊ីបានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទដែលត្រូវផ្សាយបន្តដោយស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះថានៅក្នុងដំណើរទស្សនកិច្ចពីថ្ងៃទី២១ដល់២២ខែមិនានៅកម្ពុជាលោកស្រី Michelle Obamaភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងត្រូវជួបជាមួយ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលសំខាន់ៗនៅក្នុងប្រទេសកម្ពុជាដើម្បីជំរុញឲ្យមានការបង្កើតគោលនយោបាយបើកទូលាយដែលអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលមានតួនាទីនៅក្នុងអភិបាលកិច្ចល្អក្នុងប្រទេស។
ឆ្លើយនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាននាពេលនោះលោក Medeiros បាននិយាយថា៖
«លោកស្រីនឹងមានឱកាសជួបជាមួយអង្គការសង្គមស៊ីវិលដើម្បីជំរុញទស្សនៈសំខាន់ៗរបស់យើងដើម្បីឲ្យមាននយោបាយបើកចំហរ និង បញ្ចូលតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងអភិបាលកិច្ចល្អ»។
លោកស្រីMichelle Obama នឹងមកដល់ខេត្តសៀមរាបនៅយប់ថ្ងៃសុក្រទី២០ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅថ្ងៃសៅរ៍ទី២១ហើយចាកចេញវិញនៅព្រឹកថ្ងៃអាទិត្យទី២២ខែមិនា។
លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជាADHOCបានស្វាគមន៍ការលើកឡើងនេះដោយសារតែសង្គមស៊ីវិលដើតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិដោយតម្លាភាពនិងនិរន្តរភាព។
«នេះគឺជាការណ៍មួយល្អណាស់ព្រោះថាសង្គមស៊ីវិលគឺជាភ្នែកច្រមុះមួយដែលធ្វើការងារជាមួយប្រជាជនដោយផ្ទាល់ៗ ហើយលោកដឹងពីសុខទុក្ខទាំងឡាយ បំណងប្រាថ្នាទាំងឡាយ បញ្ហាទាំងឡាយដែលប្រជាពលរដ្ឋបានជួបប្រទះអញ្ចឹងរដ្ឋាភិបាលគួរតែយកមតិសង្គមស៊ីវិលទៅស្តាប់ផង កុំឲ្យយល់ថាមតិដែលសង្គមស៊ីវិលលើកតែងតែចោទថាជាការវាយប្រហារ។ នេះគឺជាការណ៍មួយខុសហើយ»។
លោកបានបន្ថែមថាមន្ត្រីរដ្ឋាភិបាលគួរតែផ្លាស់ប្តួការគិតរបស់ខ្លួនដែលយល់ថាការតិះទៀនរបស់ក្រុមអង្គការសង្គមស៊ីវិលគឺជាការប្រឆាំងនឹងរដ្ឋាភិបាលផ្ទុយទៅវិញវាជាមតិរិះគន់ស្ថាបនាដែលគេតែងតែអនុវត្តនៅក្នុងប្រទេសអភិវឌ្ឍន៍នានានៅសកលលោក។
ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងបង្អស់មកកាន់កម្ពុជាលោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា គឺក្នុងគោលបំណងសំខាន់មកផ្សព្វផ្សាយគម្រោងផ្តល់ឱកាសឱ្យស្ត្រីបានសិក្សា“Let Girls Learn” ដែលលោកស្រីបានប្រកាសកាលពីពីរសប្តាហ៍មុននោះ។ គម្រោងនេះទៀតសោតនឹងធ្វើការអនុវត្តដោយក្រុមស្ម័គ្រចិត្ត Peace Corps អាមេរិកផងដែរ។
នៅសន្និសីទកាសែតដដែលនោះមន្ត្រីផ្លូវការអាមេរិកបានបន្ថែមថាPeace Corps អាមេរិកាំងមានតួនាទីសំខាន់នៅក្នុងការជំរុញគម្រោងថ្មីនេះនៅកម្ពុជាដើម្បីឲ្យកុមារីមានឱកាសចូលសាលាឲ្យបានច្រើន។
ក្រុមស្ម័គ្រចិត្តអាមេរិកPeace Corps មានវត្តមាននៅកម្ពុជាចាប់ទាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយបានចូលរួមធ្វើ ការងារផ្នែកមនុស្សធម៌ ការអប់រំ នៅតាមសហគមន៍ជាដើម។
លោក Medeiros ក៏បានបញ្ចាក់ផងដែរថាលោកស្រី Michelle នឹងធ្វើការជួបជាមួយក្រុមស្ម័គ្រចិត្ត Peace Corps នៅក្រុងសៀមរាបនិងទស្សនាប្រាសាទអង្គរវត្តផងដែរមុនពេលចាកចេញពីប្រទេសកម្ពុជា។
បើតាមគម្រោងលោកស្រីMichelle Obamaនឹងត្រូវទទួលស្វាគមន៍ដោយលោកស្រីប៊ុន រ៉ានី ហ៊ុន សែន ហើយស្ត្រីទី១នៃប្រទេសទាំងពីរនឹងត្រូវជួបសន្ទនាគ្នាផងដែរ។
ក្រៅពីនោះលោកស្រីMichelle នឹងជួបជាមួយក្រុមសិស្សានុសិស្សវិទ្យាល័យនៅខេត្តសៀមរាប។
នៅក្នុងខ្ទង់ទស្សនៈរបស់កាសែត The Wall Street Journal ដែលចុះផ្សាយ កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកស្រីទីមួយបានមានប្រសាសន៍ថា វាជាការខាតបង់ដ៏ធំធេងមួយដែលកុមារីជាង ៦២លាននាក់នៅលើពិភពលោកមិនបានចូលសាលារៀន៕