ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ចិន​បង្ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​ភាគី​ទាំងពីរ​ថា មាន​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

កិច្ច​ព្រម​ព្រៀង​នេះ​ ធ្វើ​ឲ្យ​កម្ពុជា​ដែល​ជា​«មិត្ត​ដែក​ថែប»​របស់​ចិន​ អាច​នាំ​ផលិត​ផល​កសិកម្ម​ចេញ​ទៅ​ប្រទេស​មហា​អំណាច​មួយ​នេះ​បន្ថែម​ទៀត។​

ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញ ​អះអាង​ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​ចិន​និង​កម្ពុជា ​(FTA)​ ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​អត្ថ​ប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានទូតចិន​ប្រចាំ​នៅ​កម្ពុជា​ និង​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា។​

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​លោក​ ប៉ាន សូរស័ក្តិ​ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ចិន ​លោក ​ចុង ស្សាន​ (Zhong Shan) ​បាន​ដឹកនាំ​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ​ដោយ​ប្រកាស​បង្ហើយ​ជា​ផ្លូវ​ការ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ ដែល​គ្រោង​នឹង​ចុះ​ហត្ថលេខា ​ក្នុង​ទីក្រុង​ប៉េកាំង​ នៅ​ខែ​ក្រោយ​នេះ។ ​កិច្ច​ព្រម​ព្រៀង​នេះ ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​តាំង​ពី​ចុង​ឆ្នាំ​២០១៩។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ស្ថានទូត​ចិន​បញ្ជាក់​ថា​ កិច្ច​ចរចា​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​ចិន​និង​កម្ពុជា​ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ។​ ស្ថានទូត​បញ្ជាក់​ថា៖ ​«ប្រទេស​ទាំង​ពីរ​ បាន​បញ្ចប់​កិច្ច​ចរចា​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ទិស​ដៅ​ប្រកប​ដោយ​អត្ថ​ប្រយោជន៍»។​

ស្ថានទូត​ចិន​បន្ថែម​ថា៖ ​«ទាំង​នេះ ​នឹង​ជា​កម្លាំង​ជំរុញ​ថ្មី​មួយ​ក្នុង​ការ​ពន្លឿន​ការ​កសាង​សហគមន៍​ជោគ​វាសនា​រួម​រវាង​ចិន​ និង​កម្ពុជា​ប្រកប​ដោយ​អត្ថន័យ​យុទ្ធសាស្ត្រ»។​ ស្ថានទូត​ចិន​បន្ថែម​ថា ​ការ​បង្ហើយ​កិច្ច​ព្រម​ព្រៀង​នេះ ​«បង្ហាញ​ពី​កម្រិត​ខ្ពស់​នៃ​ទំនាក់​ទំនង​ដៃគូ​កិច្ច​សហ​ប្រតិបត្តិ​ការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ»។​

កិច្ច​ព្រម​ព្រៀង​នេះ​ ធ្វើ​ឲ្យ​កម្ពុជា​ដែល​ជា​«មិត្ត​ដែក​ថែប»​របស់​ចិន​ អាច​នាំ​ផលិត​ផល​កសិកម្ម​ចេញ​ទៅ​ប្រទេស​មហា​អំណាច​មួយ​នេះ​បន្ថែម​ទៀត។​

ក្រសួង​ពាណិជ្ជ​កម្ម​ ក៏​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ​នេះ ​«ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​យូរ​អង្វែង​ជា​ប្រពៃណី ​ក៏​ដូចជា​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ»។ ​ក្រសួង​ពាណិជ្ជ​កម្ម​បញ្ជាក់​ថា៖ ​«ការ​បញ្ចប់​ការ​ចរចា​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​មួយ​ដោយ​ជោគ​ជ័យ​ ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​នេះ​ បាន​បង្ហាញ​ពី​ឆន្ទៈ​នៃ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធិ​ និង​ទូលំ​ទូលាយ ​ដោយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​ នឹង​ផ្ដល់​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច ​និង​សង្គម​ជា​ច្រើន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ធ្វើ​សេរី​ភាវូបនីយ​កម្ម​ពាណិជ្ជ​កម្ម​ទំនិញ​ និង​សេវា ​ការ​ជំរុញ​ការ​វិនិយោគ​ទូលំទូលាយ ​ក៏​ដូច​ជា​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន​ទៀត​ផង​ដែរ»។​

កិច្ច​ព្រម​ព្រៀង​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​ប្រកាស​ថា​ នឹង​ផ្តោត​លើ​វិស័យ​កសិកម្ម ​ក្រោយ​ប្រជា​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​ ហើយ​បន្ថែម​ពី​នេះ​ទៅ​ទៀត​ កម្ពុជា​នឹង​រង​គ្រោះ​ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០​ខាង​មុខ​ ដែល​នឹង​នាំ​ឲ្យ​កម្ពុជា​ខាត​បង់​ទឹក​ប្រាក់​ជាង​១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​ការ​ដាក់​ទណ្ឌកម្ម ​EBA ​នេះ​ធ្វើ​ឡើង​ដោយ​សារ​សហភាព​អឺរ៉ុប​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ​និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ ​«ជា​កម្លាំង​សេដ្ឋ​កិច្ច​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើ​ការ​លើ​វិស័យ​កសិកម្ម»។​

រូបឯកសារ៖ អ្នក​ស្រី សុខ សម្ផស្ស អាយុ​ ៤៥​ ឆ្នាំ អ្នកលក់​ផ្លែឈើ​នៅ​ផ្សារ​កណ្តាល​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃពុធ ទី០៨ ខែ​មេសា ឆ្នាំ២០២០​។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
រូបឯកសារ៖ អ្នក​ស្រី សុខ សម្ផស្ស អាយុ​ ៤៥​ ឆ្នាំ អ្នកលក់​ផ្លែឈើ​នៅ​ផ្សារ​កណ្តាល​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃពុធ ទី០៨ ខែ​មេសា ឆ្នាំ២០២០​។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

លោក​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​ជឿ​ថា ​អាហ្នឹង​ជា​ចំណែក​មួយ​ដែល​បង្ហាញ​អំពី​ការ​រួម​អនាគត​មួយ​ជា​មួយ​គ្នា​នៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ ដែល​បង្កើត​បាន​ពាណិជ្ជ​កម្ម​សេរី​នេះ​ គឺ​សំខាន់​ណាស់​សម្រាប់​កម្ពុជា»។​

ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​ចិន ​មាន​ទឹក​ប្រាក់​ប្រមាណ​៧,៤​ពាន់លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៨។​ ​នេះ​ បើ​យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម។​ នៅ​ក្នុង​នោះ​ កម្ពុជា​ នាំ​ចូល​ពី​ប្រទេស​ចិន​មាន​ទំហំ​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​ទៅ​ហើយ ​ដែល​ខុស​គ្នា​ប្រមាណ​៨០​ភាគ​រយ។​ ប្រទេស​ទាំង​ពីរ ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដល់​១០​ពាន់​លាន​ដុល្លារ​ ត្រឹម​ឆ្នាំ​២០២៣។​

នៅ​ពេល​សួរ​អំពី​ទំហំ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ​ខុស​គ្នា​ឆ្ងាយ​ ដែល​គេ​ហៅ​ថា​ ឱន​ភាព​សេដ្ឋកិច្ច​នោះ​ ​លោក ​ផៃ ស៊ីផាន​ឆ្លើយ​តប​ថា៖ ​«នៅ​ក្នុង​សម័យ​កាល​សេដ្ឋកិច្ច​ថ្មី​នេះ ​គឺ​មិន​មាន​និយាយ​អំពី​ឱនភាព​នៃ​ជញ្ជីង​ពាណិជ្ជ​កម្ម​នោះ​ទេ ​ពី​ព្រោះ​ពាណិជ្ជ​កម្ម​មិន​មែន​គ្រាន់​តែ​យើង​ដឹក​ពី​ស្រុក​ចិន​មក​ប្រើប្រាស់​នៅ​កម្ពុជា​ទេ ​ពី​ព្រោះ​យើង​ដឹក​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ដ​ទៃ​ទៀត ​ដែល​ជា​ប្រទេស​ទីបី ​ដូច្នេះ​ឱនភាព​ហ្នឹង​មិន​មែន​ជា​សញ្ញា​អាក្រក់​ប៉ុន្មាន​សម្រាប់​កម្ពុជា​ទេ ​ពីព្រោះ​យើង​និយាយ​ពី​ Value added ​តម្លៃ​បំពេញ​បន្ថែម​ពី​លើ​ការ​នាំ​ចេញ​ទៅ»។​

លោក​ អ៊ា សុផល ​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental ​ទីក្រុង ​Los Angeles​ រដ្ឋ​ California​ សហ​រដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា៖​ «វា​ច្បាស់​ណាស់​ហើយ​ថា​ ​ប្រទេស​ចិន​នឹង​លក់​មក​កម្ពុជា​ច្រើន​ ខណៈ​កម្ពុជា​នឹង​លក់​ទៅ​អឺរ៉ុប។ ​កម្ពុជា​រក​លុយ​បាន​ពី​អឺរ៉ុប ​ប៉ុន្តែ​កម្ពុជា​នឹង​យក​លុយ​ទាំង​នោះ​ទៅ​ឲ្យ​ប្រទេស​ចិន»។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ពេល​ចុះ​ពិនិត្យ​មើល​ស្រូវ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​ នឹង​ផ្តោត​បន្ថែម​លើ​វិស័យ​កសិកម្ម ​ក្នុង​នោះ​មាន​ការ​បង្កើន​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ និង​ផលិត​ផល​កសិកម្ម​ផ្សេង​ទៀត។​ លោក​បន្ត​ថា​ វិបត្តិ​ជំងឺ​កូវីដ១៩​ ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​កសិកម្ម​ក្នុង​ការ​បង្កើន​ផលិត​ផល​ស្បៀង ​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ដូច្នេះ​ប្រទេស​ដែល​មាន​ការ​ផលិត​ស្បៀង​ជា​ប្រទេស​ដែល​ត្រូវ​ប៉ាន់ ​គឺឱកាស​វា​បាន​មក​ដល់។ ​យើង​ត្រូវ​ប្រែ​ក្លាយ​វិបត្តិ​នេះ​ ឲ្យ​ទៅ​ជា​ឱកាស​របស់​កម្ពុជា​ ដើម្បី​ពង្រីក​ទីផ្សារ​នាំ​ចេញ​នូវ​ប្រភេទ​ស្បៀង​ទាំង​ឡាយ ​មិន​មែន​គ្រាន់​តែ​អង្ករ​ទេ ​យើង​នាំ​ចេញ​ទាំង​ម្សៅមី ​ដំឡូងមី​ នាំ​ចេញ​ទាំង​ស្វាយ នាំចេញ​ទាំង​ចេក ​នាំ​ចេញ​អ្វីៗ ​ដែល​ជា​ប្រភេទ​ស្បៀង»។​

លោក​ ហ៊ុន សែន​ បន្ថែម​ថា៖​ «ប៉ុន្តែ​យើង​ត្រូវ​តែ​ខិតខំ​ដើម្បី​ធ្វើ​ឲ្យ​ដើរ​ទន្ទឹម​គ្នា​រវាង​ដំណើរ​ការ​អភិវឌ្ឍ​នៃ​វិស័យ​កសិកម្ម​ និយាយ​ជារួម ​និង​និយាយ​ដោយ​ឡែក​លើ​វិស័យ​ស្រូវ ​ស៊ីសង្វាក់​ជាមួយ​នឹង​ដំណើរ​ការ​គោល​នយោបាយ​ឧស្សាហ​កម្ម​ ២០១៥-២០២៥ ​ដែល​ផ្តល់​អាទិភាព​ទាញ​ឧស្សាហ​កម្ម​ពី​ក្រៅ​មក ​គឺ​តម្រង់​ឆ្ពោះ​មក​រក​ការ​កែច្នៃ​វត្ថុធាតុ​ដើម​ដែល​មាន​ក្នុង​ស្រុក»។​

ទោះ​ជា​យ៉ាងណា លោក ​ហ៊ុន សែន​ ថ្លែង​ថា ​កម្ពុជា​ ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​វិស័យ​កសិកម្ម​ក្នុង​ប្រទេស។ ​លោក​បន្ត​ថា​ ប្រជាជន​ដែល​បាត់​បង់​ការងារ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩​ អាច​វិល​ត្រឡប់​មក​ផ្តោត​ការងារ​លើ​វិស័យ​កសិកម្ម​វិញ។​

រូបឯកសារ៖ អាជីករម្នាក់កំពុងរើសសំបកស្រូវតូចៗចេញពីអង្ករ នៅតូបលក់អង្ករមួយកន្លែងនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ អាជីករម្នាក់កំពុងរើសសំបកស្រូវតូចៗចេញពីអង្ករ នៅតូបលក់អង្ករមួយកន្លែងនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

ប្រទេស​កម្ពុជា ​បាន​នាំ​អង្ករ​ជាង​៦០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ​ចេញ​ទៅ​ក្រៅ​ប្រទេស ​ ក្នុង​នោះ​ប្រមាណ​៤០​ម៉ឺន​តោន ​ទៅ​ប្រទេស​ចិន។ កម្ពុជា ​ប្តេជ្ញា​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស ​រហូត​ដល់​១​លាន​តោន​ ក្នុង​ឆ្នាំ ​២០២១ ​ឬ ​២០២២។ ​ទោះជា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០២០​នេះ ​មាន​ទៅ​ដល់​ជិត​៤០​ម៉ឺន​តោន​រួច​ទៅ​ហើយ។ ​នេះ​បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​

ផលិត​ផល​កសិកម្ម​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ​ រួម​មាន​អង្ករ​ស្វាយ ​និង​ចេក​អំបូង​លឿង​ជា​ដើម។​ កម្ពុជា​ កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការ​នាំ​ចេញ​បន្ថែម​នូវ​ផលិត​ផល​កសិកម្ម​ផ្សេង​ទៀត ​ដូច​ជា​ផ្លែ​មៀន ធូរ៉េន​ ក្រូច​ថ្លុង​ និង​ទឹក​មាត់​ត្រចៀកកាំ​ជា​ដើម។​

ប៉ុន្តែ​អ្នក​ជំនាញ​ចោទ​ជា​សំណួរ​ថា​ តើ​កម្ពុជា​អាច​មាន​ផលិត​ផល​កសិកម្ម​គ្រប់គ្រាន់​ក្នុង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ឬ​ យ៉ាង​ណា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG