កាលពីថ្ងៃចន្ទ រដ្ឋាភិបាលកម្ពុជានិងកូរ៉េខាងត្បូងបានចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវរួមគ្នាមួយ ដើម្បីពិនិត្យមើលលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ Free Trade Agreement (FTA) រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូង KBS។
លោកស្រី Yoo Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានប្រកាសគម្រោងសិក្សាស្រាវជ្រាវរួមគ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលស្តីទីទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងអាស៊ានលើកទី៣០ ដែលរៀបចំឡើងនៅទីក្រុង Busan នៃកូរ៉េខាងត្បូង រយៈពេលពីរថ្ងៃ ពីថ្ងៃទី២៥ ដល់២៦ ខែវិច្ឆិកានេះ។
សន្ទុះសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តមានសក្តានុពលខ្ពស់ ដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបន្តស្ថិតក្នុងអត្រា ៧ភាគរយ សម្រាប់ឆ្នាំ២០១៩ នេះបើយោងតាមធនាគារពិភពលោក។ ធនាគារពិភពលោក បានកត់សម្គាល់ថា គោលនយោបាយស្តីពីការបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មបែបសេរីរបស់កម្ពុជា បានទាក់ទាញលំហូរវិនិយោគទុនផ្ទាល់ពីបរទេស ឬ Foreign Direct Investment (FDI) ជាបន្តបន្ទាប់ ដែលមានទឹកប្រាក់សរុបប្រមាណ ៣ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៨។
កូរ៉េខាងត្បូង ជាប់ក្នុងលេខរៀងទី៥ បន្ទាប់ពីជប៉ុន ក្នុងចំណោមប្រទេសចំនួន១០ ដែលបានវិនិយោគទុនផ្ទាល់ច្រើនបំផុតនៅកម្ពុជា ដែលទឹកប្រាក់នៃការវិនិយោគទុនរបស់ប្រទេសមួយនេះស្មើនឹង ៦.៥ភាគរយនៃចំនួនទឹកប្រាក់សរុបប្រមាណ ២,៥៤៨ លានដុល្លារអាមេរិកនៃលំហូរវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមឆ្នាំ២០១៧។
ការចាប់ផ្តើមសិក្សាស្រាវជ្រាវលើលទ្ធភាពនៃការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាប្រទេសមួយដែលមានសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់ ក៏បានកើតឡើង ស្របពេលដែលកម្ពុជាអាចប្រឈមនឹងការបាត់បង់ឋានៈអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ហៅកាត់ថា EBA ដែលអាចធ្វើឲ្យកម្ពុជាបាត់បង់ចំណូលយ៉ាងហោចណាស់ ៦០០លានដុល្លារក្នុងមួយឆ្នាំ ដែលបានពីការនាំចេញភាគច្រើននៃផលិតផលក្នុងស្រុករបស់កម្ពុជាទៅបណ្តាប្រទេសនៅសហភាពអឺរ៉ុបដោយមិនបាច់បង់ពន្ធ៕