ខណៈពេលដែលអាចប្រឈមនឹងការបាត់បង់ឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីសហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យកម្ពុជានាំចេញទំនិញទៅបណ្តាប្រទេសនៅអឺរ៉ុបដោយមិនបង់ពន្ធ រដ្ឋាភិបាលកម្ពុជាកំពុងតែសម្លឹងរកឱកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសេរីមួយ ជាមួយសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប ឬហៅថា Eurasian Economic Union (EAEU)។
នៅខែតុលាខាងមុខនេះ តំណាងរដ្ឋាភិបាលកម្ពុជានឹងធ្វើដំណើរទៅទីក្រុងមូស្កូ ប្រទេសរុស្ស៊ី ដើម្បីចរចាឲ្យមានកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីមួយ ជាមួយនឹងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប (EAEU) ដែលមានប្រទេសចំនួន៥ ជាសមាជិករួមមានប្រទេសរុស្ស៊ី ប្រទេស Armenia ប្រទេស Belarus ប្រទេស Kazakhstan និង ប្រទេស Kyrgyzstan។ សហភាព EAEU នេះមានតម្លៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរួមគ្នាចំនួន ៥លានលានដុល្លារអាមេរិក។
សេចក្តីប្រកាសស្វែងរកឱកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EAEU នេះធ្វើឡើង ក្រោយពេលដែលកម្ពុជាបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Ministers summit) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីដើមខែកញ្ញាកន្លងទៅនេះ។
យោងតាមគំរូដ៏ជោគជ័យរបស់ប្រទេសវៀតណាម ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសេរីជាមួយ EAEU កាលពីឆ្នាំ២០១៦ កម្ពុជាសង្ឃឹមថា នឹងទទួលបានឱកាសនាំចេញទំនិញ រួមមានអង្ករ សូត្រ ក្រណាត់ និងបន្លែ ដោយមានការអនុគ្រោះពន្ធទៅកាន់ប្រទេសទាំង៥ ដែលជាសមាជិកនៃសហភាព EAEU។
សម្រាប់ប្រទេសវៀតណាម ក្រោយពីចុះកិច្ចព្រមព្រៀមធ្វើពាណិជ្ជកម្មដោយសេរីជាមួយ EAEU ការនាំចេញផលិតផលរបស់វៀតណាមទៅកាន់ប្រទេសរុស្ស៊ី បានកើនពីតម្លៃសូន្យដុល្លារ រហូតដល់ ១០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។
ការទទួលបានកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីជាមួយ EAEU អាចជួយឲ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានភាពប្រសើរឡើង ជាពិសេសស្របពេលដែលសហភាពអឺរ៉ុបកំពុងពិចារណាដកហូតឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម «រាល់មុខទំនិញលើកលែងតែអាវុធ» ឬ EBA ដោយសារតែការធ្លាក់ចុះខ្លាំងនៃស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕