ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​សន្ទនា​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នាំ​នូវ​ក្ដី​សង្ឃឹម​និង​ក្ដី​បារម្ភ


រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី​ចិន Li Keqiang (ឆ្វេង) និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​ទ្វេភាគី នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​មករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី​ចិន Li Keqiang (ឆ្វេង) និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​ទ្វេភាគី នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​មករា ឆ្នាំ២០១៩។

ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ទុន​វិនិយោគ​ ​និង​អ្នកទេសចរ​ចិន​មក​កម្ពុជា​ ​បាន​នាំ​ឱ្យ​ប្រទេស​មួយ​នេះ​ ​ដើរ​តួ​យ៉ាង​សំខាន់​លើ​ការ​ដឹកមុខ​វិស័យ​សំខាន់ៗ​ដែល​ជួយ​ជ្រោង​សេដ្ឋកិច្ច​កម្ពុជា​ ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​រួមមាន​វិស័យ​អចលនទ្រព្យ​ ​វិស័យ​សំណង់​ ​និង​ការ​វិនិយោគ​សាធារណៈ។​ ​

រដ្ឋាភិបាល​ចិន​និង​កម្ពុជា​បាន​ប្រកាស​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ថា​ ​ប្រទេស​ទាំង​ពីរ​កំពុង​ពិចារណា​និង​សន្ទនា​ ដើម្បី​ឈាន​ទៅ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី។ ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​ចិន​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​វិច្ឆិកា​ថា​ ​ក្រុម​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​រដ្ឋធានី​ប៉េកាំង​ ​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ​ ​ដើម្បី​ឈាន​ទៅ​បង្កើត​អ្វី​ដែល​អាច​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដំបូង​បង្អស់​ ​ដែល​កម្ពុជា​រៀបចំ​ជាមួយ​នឹង​ប្រទេស​ចិន។

​ការ​រៀបចំ​ឈាន​ទៅ​បង្កើត​ក្របខណ្ឌ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ ​កើត​ឡើង​នៅ​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ប៉េកាំង​និង​ភ្នំពេញ​ ​កំពុង​ស្ថិតនៅ​ក្នុង​ចំណុច​ ​«ខ្ពស់​បំផុត»​ ដែល​ប្រទេស​ទាំង​ពីរ​បរិយាយ​គ្នា​ថា ​ជា​«មិត្ត​ដែកថែប»។​

​យ៉ាងណាក្ដី​ដំណឹង​អំពី​ការ​រៀបចំ​កសាង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA)​ ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​នេះ​ ​បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ចម្រុះ​ពី​អ្នក​ពាក់ព័ន្ធ​ ​និង​អ្នក​តាមដាន​ ​ដែល​បាន​បង្ហាញ​ទាំង​ក្ដី​សង្ឃឹម​ ​និង​កី្ដ​បារម្ភ​ផង​ដែរ។

​លោក​ ​ប៉ែន​ ​សុវិជាតិ​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​កម្ពុជា​មាន​ក្ដី​សង្ឃឹម​រំពឹង​ថា​នឹង​ទាញ​បាន​ផល​ចំណេញ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ ​ដែល​អាច​នឹង​កើត​ឡើង​ពេល​ការ​ចរចា​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ ​ដែល​លោក​រំពឹង​ថា​«នឹង​មិន​ប្រើ​ពេល​យូរ»​នោះ​ទេ។

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​សប្ដាហ៍​មុន​ ​លោក​ ​ប៉ែន​ ​សុវិជាតិ​ ​បាន​និយាយ​ថា៖ ​«ជា​ការ​ពិត​ទៅ​ ​ប្រទេស​តូច​គឺ​យើង​ ​ប្រទេស​តូច​ក្នុង​ចំណោម​អាស៊ាន​នេះ​ ​គឺជា​ប្រទេស​ដែល​នឹង​អាច​ទទួល​បាន​ប្រយោជន៍​ធំ​ ​បើ​សិន​ជា​យើង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ធំ​ដូច​ជា​ប្រទេស​ចិន។​ យើង​កុំ​ថា ​យើង​ជា​ទី​ផ្សារ​តូច​ ​ទី​ផ្សារ​យើង​ជា​ទី​ផ្សារ​មួយ​ ​ដែល​ប្រទេស​ចិន​ចាប់​អារម្មណ៍»។

លោក​ Wang Wentian​ ​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពីទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន នៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (រូបថតដោយស្ថានទូតចិនប្រចាំកម្ពុជា)
លោក​ Wang Wentian​ ​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពីទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន នៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (រូបថតដោយស្ថានទូតចិនប្រចាំកម្ពុជា)

​បើ​យោង​តាម​មន្ត្រី​ពាណិជ្ជកម្ម​ជាន់ខ្ពស់​រូប​នេះ​ ​បើ​សិន​ជា​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ ​ការ​ចរចា​នាំ​ទៅ​បង្កើន​ការ​នាំ​ចូល​ទំនិញ​កសិកម្ម​ជាច្រើន​មុខ​របស់​កម្ពុជា​ ​នឹង​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ ​ដោយ​ការ​កំណត់​គុណភាព​ ​ស្រប​តាម​និយាមកម្ម​ ​(Standardisation)​ ​របស់​ចិន​លើ​ទំនិញ​កសិកម្ម​ ​នឹង​អាច​សម្រួល​ការ​ចរចា​ជា​កញ្ចប់។

​«ទីផ្សារ​ចិន​ជាទី​ផ្សារ​ធំ​មួយ​ ​ដែល​យើង​អាច​នឹង​មានលទ្ធភាព​នាំចេញ​នូវ​ទំនិញ​គ្រប់មុខ។​ យើង​បារម្ភ​តែមួយ​វិញ​ទេ​ ​គឺ​យើង​លទ្ធភាព​នៃ​ការ​ផលិត​របស់​យើង​នៅ​មានកម្រិត​ ​យើង​នាំ​ទំនិញ​អី​ចេញទៅ​ប្រទេស​គេ​ ​អ៊ីចឹង​ហើយ​ ​ការ​ពង្រឹង​ផលិតភាព​ផលិតកម្ម​ ​ការ​ពង្រឹងគុណភាព​ទំនិញ​ ​ការ​ពង្រឹង​ខឿន​ឧស្សាហកម្ម​ ​គឺជា​ទិសដៅ​ចម្បង​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​យើង​ដែល​មាន​រួចមក​ហើយ»។

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ចិន​ ​មាន​ទំហំ​៧​ពាន់​លាន​ដុល្លារ​ ​កាល​ពី​ឆ្នាំ២០១៨។​ ​នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​។​ នៅ​ក្នុង​នោះ​ ​កម្ពុជា​មាន​ឱនភាព​ដោយសារ​តែ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​មាន​ទំហំ​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​ទៅ​ហើយ។ ​ប្រទេស​ទាំងពីរ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​១០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២៣។

​លោក​ ​តែ​ តាំងប៉​ ​ប្រធាន​សហព័ន្ធ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ ​បណ្ដា​សហគ្រាស​នានា​នៅ​កម្ពុជា​ ​ជា​ពិសេស​វិស័យ​កសិកម្ម​ ​អាច​នឹង​ចាប់​បាន​ប្រយោជន៍​ ​នៃ​ការ​នាំមក​នូវ​ការ​វិនិយោគ​ ​និង​គ្រឿង​ឧបក្ខារ​កែច្នៃ​ផលិតផល​ដើម​កសិកម្ម​ ​បង្កើត​តម្លៃ​បន្ថែម​ ​បង្កើន​ការ​នាំ​ចេញ​ទៅ​ចិន​វិញ។

​លោក​ ​តែ​ ​តាំងប៉​ ​បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា៖ ​«អ៊ីចឹង​បាន​យើង​ធ្វើ​ម៉េច​ ​ទីមួយ​ការ​ប្រកួត​ប្រជែង​ ​អា​ការ​ប្រកួតប្រជែង​ហ្នឹង​ ​យើង​ត្រូវ​ធ្វើ​បរិមាណ​ឱ្យ​បាន​ច្រើន​ ​ហើយ​យើង​ត្រូវ​ធ្វើ​តម្លៃ​ហ្នឹង​ឱ្យ​បាន​ធូរ។​ នេះ​គេ​ម្នាក់ៗ​ដឹង​ហើយ​ ​សព្វ​ថ្ងៃ​ទាល់តែ​ប្រឹងប្រែង»។​

​លោក​ ​តែ​ ​តាំង​ប៉​ ​បាន​បន្ថែម​ថា​ ​ក្នុង​ការ​ចរចា FTA ជាមួយ​នឹង​ចិន​ ​រដ្ឋាភិបាល​គួរ​ដកស្រង់​បទ​ពិសោធន៍​ពី​ករណី​កន្លងមក​ជាមួយ​ទីផ្សារ​ប្រទេសជិត​ខាង​ដូច​ជា​វៀតណាម​ ​និង​ថៃ​ ​ដែល​កម្ពុជា​ហាក់​បើក​ទូលាយ​សម្រាប់​ទំនិញ​នាំចូល​ ​តែ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ក្បែរ​ខាង​ទាំង​ពីរ​មាន​សភាព​លំបាក​មិន​មាន​ភាព​សេរី​ទូលាយ​ឡើយ។

​លោក​បណ្ឌិត​ ​Bradley​ Jansen​ Murg​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នយោបាយ​ ​នៅ​សាកល​វិទ្យាល័យ​ ​Seattle​ Pacific​ (SPU)​ ​បាន​លើកឡើង​ថា​ ​ខណៈ​ដែល​ខាង​កម្ពុជា​កំពុង​សំឡឹង​មើល​និង​រំពឹង​បង្កើន​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ ​តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ ​ភាគី​ចិន​ក៏​មិន​ឃើញ​អ្វី​ខាត​បង់​នោះ​ដែរ។

​អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​ ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​ ​«ចិន​មុខ​ជា​នឹង​បន្ត​គាំពារ​ទីផ្សារ​មួយចំនួន​របស់​ខ្លួន។​ ​យ៉ាងណាក្ដី​ ​ការ​ហូរ​ចូល​នា​ពេល​ខាងមុខ​នៃ​ទំនិញ​កម្ពុជា​[ចូល​ទៅ​ទីផ្សារ​ចិន]​ ​បង្ក​ជា​គំរាមកំហែង​តិចតួច​បំផុត​[ដល់​ចិន]​ ​បើ​គេ​និយាយ​ក្នុង​រង្វង់​នៃ​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ធំធេង​ ​នៃ​ទំហំ​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ»។

​លោក​ ​Bradley​ ​Jansen​ ​Murg​ ​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖​ «និយាយ​ក្នុង​ន័យ​នយោបាយ​ ​សម្រាប់​ប្រទេស​ចិន​ ​នេះ​ជា​ជ័យជម្នះ​មួយ​របស់​គេ​ ​ខណៈ​ដែល​ការណ៍​នេះ​នឹង​នាំ​កម្ពុជា​ទៅ​កាន់​តែ​កៀក​ក្នុង​គន្លង​គោចរ​របស់​ចិន​ ​ដែល​ចិន​មើលទៅ​មិន​ត្រូវ​បង់​តម្លៃ​អ្វី​ជា​ដុំ​កំភួន​ទាល់​តែសោះ។​ ខណៈ​ដែល​ចិន​កំពុងតែ​ស្វះស្វែង​រក​ការ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា​ ​ការណ៍​ដែល​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA)​ ​នឹង​ផ្ដល់​ជា​សញ្ញាថ្មី​មួយ​ផ្សេង​ទៀត​ពី​ខាង​ចិន​ ​ថា​ចិន​នឹង​ជួយ​កម្ពុជា​គ្រប់ពេល​ដែល​ចាំបាច់»។

​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ទុន​វិនិយោគ​ ​និង​អ្នកទេសចរ​ចិន​មក​កម្ពុជា​ ​បាន​នាំ​ឱ្យ​ប្រទេស​មួយ​នេះ​ ​ដើរ​តួ​យ៉ាង​សំខាន់​លើ​ការ​ដឹកមុខ​វិស័យ​សំខាន់ៗ​ដែល​ជួយ​ជ្រោង​សេដ្ឋកិច្ច​កម្ពុជា​ ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​រួមមាន​វិស័យ​អចលនទ្រព្យ​ ​វិស័យ​សំណង់​ ​និង​ការ​វិនិយោគ​សាធារណៈ។​

ទិដ្ឋភាព​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ប្រប​មាត់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ទិដ្ឋភាព​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ប្រប​មាត់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

​ព្រម​ពេល​ជាមួយគ្នា​នេះ​ ​ឥទ្ធិពល​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ចិន​នៅ​កម្ពុជា​ ​ក៏​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​ផង​ដែរ​ពី​សំណាក់​បណ្ដា​រដ្ឋាភិបាល​បស្ចិមលោក​ ​រួម​មាន​សហរដ្ឋ​អាមេរិក​ជាដើម​ ​ដែល​បង្ហាញ​ការ​សង្ស័យ​ពី​ពេល​កន្លង​មក​ថា​ ​មាន​លទ្ធភាព​ដែល​ចិន​អាច​ប្រើប្រាស់​ឥទ្ធិពល​ខ្លួន​ ​ដើម្បី​ដាក់​ពង្រាយ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ ​ហើយ​កម្ពុជា​អាច​នឹង​បាត់បង់​អធិបតេយ្យភាព។​ ​ទាំង​ចិន​ ​ទាំង​កម្ពុជា​ ​សុទ្ធ​តែ​បាន​បដិសេធ​ការ​សង្ស័យ​ខាងលើ។

​ក្នុង​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​ខ្លាំង​ឡើង​ផ្នែក​សេដ្ឋកិច្ច​របស់​ចិន​ជាមួយ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អគ្នេយ៍​ ​ដូចជា​កម្ពុជា​ ​ទីក្រុង​ប៉េកាំង​មាន​ក្ដី​បំណង​បង្កើន​តម្លៃ​ផ្នែក​យុទ្ធសាស្ត្រ​ ​និង​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Sebastian​ Strangio​ ​អ្នកស្រាវជ្រាវ​តាមដាន​លើ​ឥទ្ធិពល​នៃ​វត្តមាន​ចិន​នៅ​តំបន់​អាស៊ី​អគ្នេយ៍។

​អ្នក​តាមដាន​ជនជាតិ​អូស្ត្រាលី​រូប​នេះ​ ​បាន​បញ្ជាក់​ប្រាប់ VOAតាម​សារ​អេឡិចត្រូនិក​ ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «បើ​កាល​ណា​កម្ពុជា​ផ្ដេកផ្ដួល​ពឹងផ្អែក​លើ​ចិន​កាន់​តែ​ខ្លាំង​ ​នោះ​រដ្ឋាភិបាល​កម្ពុជា​នឹង​កាន់​តែ​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ណា​ដែល​ដើរ​ផ្ទុយ​ពី​ផល​ប្រយោជន៍​របស់​ចិន​នា​ពេល​ខាងមុខ»។​

​ជាក់​ស្ដែង​ថ្មីៗ​នេះ​ ​កម្ពុជា​បាន​ប្រកាស​គាំទ្រ​ចិន​លើ​ការ​បង្ក្រាប​និង​អនុវត្ត​ធម៌​ក្ដៅ​លើ​បាតុករ​ទាមទារ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​នៅ​ ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ​ហើយ​កម្ពុជា​ក៏​បាន​ចូលរួម​ជាមួយ​ប្រទេស​៣៧​ផ្សេង​ទៀត​ ​កាល​ពី​ពាក់កណ្ដាល​ឆ្នាំ​នេះ​ក្នុង​ការ​គាំទ្រ​ចំណាត់ការ​របស់​ចិន​ ​លើ​បណ្ដា​ជន​មូស្លីម​ ​Uighur​ ​នៅ​ខេត្ត​ ​Xinjiang​ ​ភាគ​ខាងលិច​ប្រទេស។​ ​នេះ​មិនទាន់​រាប់បញ្ចូល​ការ​គាំទ្រ​របស់​កម្ពុជា​លើ​ជំហរ​ចិន​មិន​ចង់​ធ្វើ​អន្តរ​ជាតូបនីយកម្ម​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។

​លោក​ Sebastian​ ​Strangio​ ​បាន​បន្ថែម​ថា៖​ «លើស​ពី​នេះ​ទៅទៀត​ ​បើ​សិន​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​នាំ​ឱ្យ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​លើ​ការ​នាំចេញ​របស់​កម្ពុជា​ទី​កាន់​ទីផ្សារ​ចិន​ ​ការណ៍​នេះ​ក៏​នឹង​ជួយ​កាត់បន្ថយ​ផង​ដែរ​ ​ការ​ពឹង​ផ្អែក​របស់​ប្រទេស​[កម្ពុជា]​ ​ទៅ​លើ​ទីផ្សារ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ ​និង​ការ​ដាក់​សម្ពាធ​របស់​បស្ចិម​លោក​ដើម្បី​ឱ្យធ្វើ​កំណែទម្រង់​និង​ដំណើរ​ប្រជាធិបតេយ្យូបនីយកម្ម»។​

​សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី​ពីរ​របស់​កម្ពុជា​ ​បន្ទាប់​ពី​ចិន​ដែល​ឈរ​លេខមួយ។​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​អឺរ៉ុប​ ​មាន​តម្លៃ៦.៧ពាន់​លាន​ដុល្លារ​ ​កាលពី​ឆ្នាំ​២០១៨​ ​ដែល​ក្នុង​នោះ ​កម្ពុជា​សម្រេច​បាន​ការ​នាំចេញ​ទៅកាន់​អឺរ៉ុប​បាន​ជិត​៦ពាន់​លាន​ដុល្លារ។​

​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ប្រព្រឹត្តទៅ​ក្នុង​ក្របខណ្ឌ​គម្រោង​សម្បទាន​ពាណិជ្ជកម្ម​ ​«​អ្វី​ៗ​ក៏បាន​លើកលែងតែ​អាវុធ​»​ ​(​EBA​)​ ​ដែល​បាន​លើក​ចេញ​រនាំង​ពន្ធគយ​នានា​ ​ជាមួយនឹង​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​កម្ពុជា​ ​រួមមាន​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ ​ការគោរព​សិទ្ធិមនុស្ស​ ​សិទ្ធិ​ការងារ​ ​និង​ស្ថានភាព​ការងារ​សមស្រប​ជាដើម​។​

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថតរូបជាមួយ​នឹង​អ្នក​ជំនួញ​ខ្មែរ​ និង​ចិន មុន​នឹង​លោក​ថ្លែង​នៅ​ក្នុង​វេទិកាធុរកិច្ច និង​ហិរញ្ញវត្ថុកម្ពុជា-ចិន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថតរូបជាមួយ​នឹង​អ្នក​ជំនួញ​ខ្មែរ​ និង​ចិន មុន​នឹង​លោក​ថ្លែង​នៅ​ក្នុង​វេទិកាធុរកិច្ច និង​ហិរញ្ញវត្ថុកម្ពុជា-ចិន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

ដំណឹង​អំពី​ការ​ចាប់ផ្ដើម​រៀបចំ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន​នេះ​ ​កើតមានឡើង​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុងតែ​ពិនិត្យ​សើរើ​លក្ខណៈ​សម្បត្តិ​របស់​កម្ពុជា​ ​ដែល​អាច​ឈាន​ទៅដល់​ការ​ដក​ប្រទេស​មួយ​នេះ​ចេញពី​ក្របខណ្ឌ​ ​EBA​ ​ជា​ការ​ឆ្លើយតប​នឹង​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នៅ​ភ្នំពេញ​ ​ដែល​មានការ​រុកកួន​បណ្ដាញ​ផ្សព្វផ្សាយ​មិន​ចំណុះ​នឹង​រដ្ឋ​ ​សង្គម​ស៊ីវិល​ដែល​ហ៊ាន​បរិហារ​រដ្ឋាភិបាល​ ​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​នៅមុន​ការបោះឆ្នោត​ឆ្នាំ២០១៨​ ​ដែល​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​ក្រសោប​យក​ស្ថាប័ន​នយោបាយ​របស់​រដ្ឋ​ទាំងស្រុង​។

​បន្ទាប់ពី​បើក​ដំណើរការ​នីតិវិធី​ត្រួតពិនិត្យ​វាយតម្លៃ​កាលពីដើម​ខែកុម្ភៈ ​ឆ្នាំ ២០១៩នេះ​ ​សហភាព​អឺរ៉ុប​បានសម្រេច​ចេញ​ជារ​បាយ​ការណ៍​មួយ​ច្បាប់​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី១២ខែវិច្ឆិកា​ ​(​ពីរ​ថ្ងៃមុន​ស្ថានទូត​ចិន​ប្រកាស​រឿងFTA​)​ ​ដែល​បាន​គូស​បញ្ជាក់​អំពី​ការ​រំលោភ​សិទ្ធិ​នយោបាយ​«ជា​ប្រព័ន្ធ​និង​យ៉ាងធ្ងន់ធ្ងរ»​ប្រព្រឹត្ត​ដោយ​រដ្ឋ​អំណាច​ខ្មែរ។

​កាល​ពី​ចុងឆ្នាំ២០១៧​ ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ធ្លាប់​បាន​ប៉ាន់​ប្រមាណ​ថា បើ​សិន​ជា​ពុំ​មាន​ ​EBA​ ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅកាន់​អឺរ៉ុប​ ​ត្រូវ​បង់​បន្ថែម​តម្លៃ​បង់ពន្ធ​គយ​ប្រមាណ​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

​ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ឱ្យ​មន្ត្រី​រាជការ​របស់​លោក​ត្រៀម​សម្រាប់​លក្ខណៈ​ ​ក្នុង​សេណារីយោ​ដែល​កម្ពុជា​ត្រូវ​បាន​ដកចេញ​ពី​គម្រោង​ ​EBA​ ​លោក​ ​ប៉ែន​ ​សុ​វិជាតិ​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ​ ​បាន​លើក​ឡើង​ថា​ ការ​ចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នេះ​ ​មិន​មាន​ពាក់ព័ន្ធ​នឹង​អនាគត​មិន​ច្បាស់លាស់​របស់​កម្ពុជា​ ​ក្នុង​ប្រព័ន្ធ EBA ឡើយ។

​នៅ​ពេល​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​ចូលរួម​កិច្ចប្រជុំ​កំពូល​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​លើក​ទីពីរ​ ​(Belt​ ​and​ ​Road​ ​Summit)​ ​នៅ​រដ្ឋធានី​ប៉េកាំង​ ​កាលពី​ចុងខែ​មេសា​កន្លង​ទៅ​ ​លោក​បាន​ជួបនឹង​លោក​ ​Wang​ ​Huning​ ​សមាជិក​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្ស​កុម្មុយនីស្ដ​ចិន​ (ដែល​ជា​ជន​មាន​អំណាច​កំពូល​លំដាប់​ទី​ប្រាំ​នៅ​ប្រទេស​ចិន)​ ​ហើយ​ទទួល​បាន​ការ​ធានា​ថា​ ​ប្រទេស​ចិន​នឹង​ជួយ​ទំនុក​បំរុង​កម្ពុជា​លើ​បញ្ហា​ ​EBA​ ​ជាមួយ​សហភាព​អឺរ៉ុប។

​ជាក់ស្ដែង​ ​ក្នុង​ករណី​ដោយ​ឡែក​ដែល​មាន​ការ​សម្រេច​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​សហភាព​អឺរ៉ុប​ ​លើក​តាំង​រនាំង​ពន្ធគយ​សម្រាប់​អង្ករ​កម្ពុជា​ ​ដើម្បី​ការពារ​ទីផ្សារ​ផលិត​អង្ករ​ក្នុង​រដ្ឋ​ជាស​មា​ជិ​ក​របស់​ខ្លួន​ ​ប្រទេស​ចិន​បាន​ជួយ​រង​កុម្ម៉ង់​ទិញ​អង្ករ​កម្ពុជា​ ​ដែល​ក្នុង​ឆ្នាំនេះ​ ​ក្រសួង​ពាណិជ្ជកម្ម​រំពឹង​ថា​ ​ការ​នាំ​អង្ករ​ទៅ​ប្រទេស​ចិន​ ​នឹង​កើន​ឡើង​ដល់៤សែន​តោន។

​យ៉ាងណាក្ដី​វា​ពិបាក​នឹង​ទៅរួច​ដែល​ចិន​អាច​នឹង​ជួយ​រ៉ាប់រង​កុម្ម៉ង់​ទិញ​ផលិតផល​ផ្សេងទៀត​ ​ដែល​អឺរ៉ុប​ទិញ​យក​ ​ក្នុង​ករណី​ដែល​ប្រទេស​នេះ​ចង់​ប្រើ​ ​FTA​ ​ដើម្បី​ស្ដារ​ផល​ប៉ះពាល់​ក្នុងករណី​កម្ពុជា​ត្រូវ​តម្រូវ​ឱ្យ​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA។​ នេះ​ជា​ការ​លើកឡើង​របស់​លោក​ ​Miguel​ ​Chanco​ ​សេដ្ឋវិទូ​ជាន់ខ្ពស់​ជំនាញ​តំបន់​អាស៊ី​ ​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​Pantheon​ ​Macroeconomics​ ​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស។

​អ្នក​សេដ្ឋកិច្ច​រូប​នេះ​បាន​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​យ៉ាង​ដូច្នេះ​ថា៖ ​«គេ​សម​តែ​នឹង​គិត​យ៉ាង​ដូច្នេះ​ថា​ ​ប្រទេស​ចិន​ខ្លួន​ឯង​នៅតែ​ជា​ប្រទេស​នាំចេញ​ចម្បង​នៃ​ផលិតផល​វាយនភណ្ឌ​ ​ដែល​ធ្វើ​ដូច្នេះ​ចិន​នៅតែ​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ដល់​តម្រូវការ​ផលិតផល​វាយនភណ្ឌ​ក្នុង​ស្រុក​ ​បើ​ទោះជា​ប្រទេស​ផ្សេងទៀត​ដូចជា​បង់ក្លាដែស​ ​និង​វៀតណាម​ ​បាន​ក្រសោប​យក​ទីផ្សារ​បាន​មួយ​ចំនួន​យ៉ាងណាក្ដី»។

​ពី​សាកលវិទ្យាល័យ​ Seattle​ Pacific​ ​ស្ថិត​ក្នុង​រដ្ឋ​វ៉ាស៊ីងតោន​ ​ភាគ​ពាយ័ព្យ​សហរដ្ឋ​អាមេរិក​ ​លោក​បណ្ឌិត​ ​Bradley​ ​Jansen​ ​Murg​ ​បាន​យល់ស្រប​ដូច​គ្នា​នេះ​ដែរ​ ​ដោយ​លោក​ថា៖ ​«មិន​មាន​តឹកតាង​អ្វី​មក​ធ្វើជា​អំណះអំណាង​បញ្ជាក់​ឡើយ​ ​ដែល​ថា ​ប្រទេស​ចិន​អាច​នឹង​ស្រូប​យក​ការ​ផលិត​លើស​លប់​នៃ​ទំនិញ​ពី​វិស័យ​វាយនភណ្ឌ​កម្ពុជា​ ​ប្រសិន​ជា​ ​EBA​ ​ត្រូវ​បាន​ដកចេញ។​ កិច្ច​ព្រមព្រៀង FTA ជាមួយ​ចិន​ ​គ្មាន​ផ្លូវ​អាច​នឹង​មក​ដើរ​តួ​ជា​អ្នក​ជួស​មុខ​ស្ដារ​ស្ថានការណ៍​បាន​រហ័ស​នោះ​ទេ​ ​ក្នុង​ពេល​ដែល EBA ត្រូវ​បាន​ដកចេញ»។

​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​លើកឡើង​ថា ​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ ​បើសិនជា​កើតឡើង​ ​នឹង​គ្របដណ្ដប់​ទៅលើ​ផ្នែក​សំ​ខាន់​ៗ​ចំនួន៤​ ​រួមមាន​ ​ផ្នែក​ទំនិញ​ ​ផ្នែក​សេវាកម្ម​ ​ផ្នែក​វិនិយោគ​ ​ផ្នែក​សហប្រតិបត្តិ​ការណ៍។​

​នៅពេល​ត្រូវ​បាន​សួរ​ថា​ ​ពាណិជ្ជកម្ម​សេរី​នឹង​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ពន្ធគយ​ពី​ការនាំចូល​ខ្លះ​ ​ហើយ​អាច​នឹង​មានផល​ប៉ះពាល់​លើ​ផលិតកម្ម​ក្នុង​ស្រុក​ ពី​សំណាក់​រលក​នៃ​ការ​នាំចូល​ពី​ចិន​ ​លោក​ ​ប៉ែន​ ​សុ​វិជាតិ​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​បាន​លើកឡើង​ថា​ ​វា​ជា​ប្រការ​ធម្មតា​ក្នុង​ចរន្ត​ពាណិជ្ជកម្ម​សកល​ ​ហើយ​នៅក្នុង​រយៈពេល​វែងFTAនេះ​នឹង​ហុច​ផល​ដល់​កម្ពុជា៕

XS
SM
MD
LG