ការបោះជំហានដំបូងក្នុងចរចាស្ថាបនាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិនមិនមានការពាក់ព័ន្ធនឹងស្ថានភាពមិនច្បាស់លាស់នៃគម្រោងពាណិជ្ជកម្មសម្បទានជាមួយសហភាពអឺរ៉ុប (EBA) ឡើយ។ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលខ្មែរ។
ស្ថានទូតចិននៅភ្នំពេញបានប្រកាសកាលពីសប្ដាហ៍មុនថា ក្រុមការងារពាណិជ្ជកម្មមកពីប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅរដ្ឋធានីប៉េកាំង នាដើមខែធ្នូខាងមុខដើម្បីសិក្សាអំពីលទ្ធភាពបើកការចរចាឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលនឹងបើកឱ្យកាន់តែទូលាយនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលខាងមុខ។
ការប្រកាសដំណឹងនេះកើតឡើងនៅចំពេលដែលសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញចម្បងរបស់កម្ពុជា កំពុងត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់កម្ពុជា ក្នុងឋានៈជាប្រទេសបន្តទទួលការអនុគ្រោះពន្ធគយនាំទំនិញទៅលក់នៅទីផ្សាររួមដែលមាន២៨ប្រទេស។
សហភាពអឺរ៉ុបបានលើកឡើងថា ការសើរើនេះទាក់ទិននឹងការបង្ក្រាបការបញ្ចេញមតិ ការបង្ក្រាបសកម្មភាពសង្គមស៊ីវិល ការបង្ក្រាប ប្រព័ន្ធផ្សព្វផ្សាយដែលមិនចំណុះរដ្ឋាភិបាល និងការបង្ក្រាបគណបក្សប្រឆាំងនៅកម្ពុជា ដែលមានការចាប់ខ្លួនមេដឹកនាំជំទាស់ និងការរំលាយបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំបំផុត មុនពេលដែលបក្សកាន់អំណាចក្រសោបយកអាសនៈអស់គ្មានសល់នៅសភាជាតិ កាលពីការបោះឆ្នោតឆ្នាំ២០១៨។
យ៉ាងណាក្ដី នៅពេលដែលត្រូវបានសួរអំពីការកើតឡើងព្រមៗគ្នានៃការរៀបចំគម្រោងពាណិជ្ជកម្មទាំងពីរខាងលើនេះ លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា វាគ្រាន់តែជាការ«គាប់ជួន»ប៉ុណ្ណោះ។
«អីចឹងហើយ ការព្រួយបារម្ភថា ឱ្យយើងមានបញ្ហាពីរឿងនេះ ឬក៏យកអាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលយើងបម្រុងនឹងធ្វើនេះ ទៅប្រៀបធៀប ឬក៏ចាត់ទុកថា ជាការដោះស្រាយបញ្ហាបាត់បង់ EBA គឺមិនគួរនឹងចាត់ទុករបៀបនេះទេ ពីព្រោះវាជាការគាប់ជួនមួយ»។
មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរបស់កម្ពុជារូបនេះក៏បានបង្ហាញជំនឿថា រដ្ឋាភិបាលកម្ពុជាអាចនឹងចរចាបន្តធានាថា សហភាពអឺរ៉ុបនឹងនៅតែបន្តដាក់កម្ពុជានៅក្នុងគម្រោងសម្បទានពាណិជ្ជកម្ម EBA របស់ខ្លួន។
«ហើយមកទល់ពេលនេះ ក៏យើងមិនទាន់អាចនិយាយថា យើងបាត់ [EBA] ដែរ ពីព្រោះយើងស្ថិតក្នុងស្ថានភាពមួយដែលត្រូវឆ្លើយតប ហើយយើងមានទឡ្ហីករណ៍ល្អៗសម្រាប់ឆ្លើយតបទៅនឹងសហភាពអឺរ៉ុបវិញថា យើងបានធ្វើអ្វីខ្លះ ដែលមិនគួរឱ្យចោទប្រកាន់យើង ទៅលើការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ»។
យ៉ាងណាក្ដីនៅព្រឹកដដែល លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថា ក្រុមរាជការរបស់លោកកំពុងត្រៀមខ្លួនសម្រាប់សេណារីយោក្នុងករណីដែលមានការផ្ដាច់កម្ពុជាពីប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទៅកាន់សហភាពអឺរ៉ុប ហើយលោកបានលើកឡើងថា៖
«យើងមិនចង់ឱ្យបាត់ទេ! ប៉ុន្តែធ្វើម៉េច បើគាត់យកអាហ្នឹងមកដោះដូរជាមួយនឹងច្បាប់ ជាមួយនឹងឯករាជ្យរបស់យើងហើយ យើងក៏មិនអាចទទួលយកបានដែរ។ អីចឹងបើគេឱ្យបង់ពន្ធ យើងបង់ពន្ធឱ្យគេទៅ!»
សហភាពអឺរ៉ុបបានផ្ញើរបាយការណ៍វាយតម្លៃអំពីលក្ខណៈសម្បត្តិរបស់កម្ពុជា ជូនរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកា ហើយការប្រកាសរបស់ស្ថានទូតចិនអំពីការគ្រោងសន្ទនាឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន កើតមានឡើងនៅថ្ងៃទី១៤ខែវិច្ឆិកា។
យ៉ាងណាក្ដី ក្នុងជំនួបរវាងលោកហ៊ុន សែននិងលោក Wang Huning សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្ដចិន នៅរដ្ឋធានីប៉េកាំង កាលពីចុងខែមេសា ភាគីកម្ពុជាបានលើកឡើងថា ភាគីចិនត្រៀម«ជួយ»កម្ពុជាលើបញ្ហា EBA ដែលសហភាពអឺរ៉ុបគ្រោងនឹងប្រកាសលទ្ធភាពផ្ដាច់ព្រ័ត្រនាដើមខែកុម្ភៈឆ្នាំ២០២០ខាងមុខ។
លោក Sebastian Strangio អ្នកស្រាវជ្រាវតាមដានលើប្រធានបទឥទ្ធិពលចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា ព្រឹត្តិការណ៍ទាំងពីរហាក់មានការទាក់ទងគ្នា តែជាពិបាកលាតត្រដាង។ លោកបានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«វាពិបាកនិយាយណាស់ តែកាលវេលានេះបានបង្កើតនូវសំណួរជាច្រើន។ វាច្បាស់ណាស់ថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារអ្វីដែលខ្លួនធ្វើបានដើម្បីបន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចទៅលើបណ្ដាប្រទេសលោកខាងលិច និងធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន។ ការចុះហត្ថលេខាលើ FTA ជាមួយចិន ប្រាកដជាសមស្របនឹងបរិបទនេះណាស់»។
ស្របពេលជាមួយគ្នានេះដែរ ពាណិជ្ជកម្មកម្ពុជាសហភាពអឺរ៉ុបក្រោមក្របខណ្ឌនៃគម្រោងសម្បទានពាណិជ្ជកម្ម EBA មានទំហំ៦,៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ដែលក្នុងនោះកម្ពុជានាំចេញទៅសហភាពអឺរ៉ុបមានទំហំ៥,៩៨ពាន់លានដុល្លារ ហើយអឺរ៉ុបនាំចូលមកកម្ពុជាមានតម្លៃ៨៩០លានដុល្លារ។ នេះបើយោងតាមស្ថិតិរបស់ EU។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិនមានទំហំ៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ដែលការនាំចេញពីកម្ពុជាទៅចិនមានតម្លៃ៨៦៤លានដុល្លារ ខណៈការនាំចូលពីចិនមានតម្លៃដល់ទៅ ៦.១៤៤លានដុល្លារ។ នេះបើយោងតាមតួលេខដែលផ្ដល់ឱ្យដោយមន្ត្រីក្រសួងពាណិជ្ជកម្ម និងត្រូវបានផ្សព្វផ្សាយដោយបណ្ដាញព័ត៌មានក្នុងស្រុក។
លោកប៉ែន សុវិជាតិនៃក្រសួងពាណិជ្ជកម្មបានបន្ថែមថា ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទំនងជានឹងមិនប្រើពេលយូរទេ និងបើកឱ្យមានលំហរនាំចូលផលិតផលកសិកម្មរបស់កម្ពុជាចូលទៅទីផ្សារចិនកាន់តែច្រើន៕