ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧក្រិដ្ឋកម្ម​ប៉ះពាល់​សតិ​អារម្មណ៍​កុមារ​ដែល​ជា​ជន​រងគ្រោះ​ ឬ​ជា​សាក្សី


កុមារ​អង្គុយ​នៅ​លើ​ដំបូល​ផ្ទះ​នៅ​បឹងកក់​​ដែល​​ផ្ទះ​របស់​ពួក​គេ​ត្រូវ​លិច​ទឹក​ដោយ​ការ​លុប​ដី​ពី​ក្រុមហ៊ុន Shukaku, Inc.។ (រូប​ឯកសារ)
កុមារ​អង្គុយ​នៅ​លើ​ដំបូល​ផ្ទះ​នៅ​បឹងកក់​​ដែល​​ផ្ទះ​របស់​ពួក​គេ​ត្រូវ​លិច​ទឹក​ដោយ​ការ​លុប​ដី​ពី​ក្រុមហ៊ុន Shukaku, Inc.។ (រូប​ឯកសារ)

ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​ច្បាប់ ​ដែល​មាន​សភាព​រកាំ​រកូស​អាចប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​កុមារ ​ដែល​ជា​ជន​រងគ្រោះ​ ឬ​ជា​សាក្សី​ បន្ទាប់​ពី​បទ​ឧក្រិដ្ឋ​កើត​ឡើង​ នេះ​បើ​យោង​ទៅ​លើ​ក្រុម​អ្នក​ស្រាវជ្រាវ។​

នៅ​ក្នុង​របាយ​ការណ៍​«សម្លេង​របស់​កុមារ​នៅ​ក្នុង​តុលាការ»​ ដែល​ចេញ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​អង្គការ​កុមារ ​Haga​ និយាយ​ថា​ កុមារ​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការ​រាយ​ការណ៍​អំពី​ឧក្រិដ្ឋកម្ម​ប្រាប់​ប៉ូលិស​ ការ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មេធាវី​ និង​តុលាការ​ ការ​ពិនិត្យ​សុខភាព​ និង​ដំណាក់​កាល​ផ្សេង​ទៀតៗ​នៃ​រឿង​ក្តី​ព្រហ្មទណ្ឌ។​

ខណៈ​ពេល​ដែល​មាន​ការ​កែ​លម្អ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា ​រួម​ទាំង​ពិធីការ​ និង​នីតិវិធី​ដើម្បី​ការពារ​កុមារ ​របាយ​ការណ៍​នេះ​បាន​កត់​សម្គាល់​ថា៖​ «ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​កុមារ ​ដែល​មាន​លក្ខណៈ​កុមារ​មេត្រី​នៅ​មាន​កម្រិត»។​

កុមារ ​ដែល​ជា​ជន​រងគ្រោះ ​ឬ​ជា​សាក្សី​នៃ​ឧក្រិដ្ឋកម្ម​ ជា​ញឹកញាប់​ ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​នៅ​ពេលជា​មួយ​គ្នា​នឹងជន​ល្មើស។​ ពេល​ខ្លះ​ពួក​គេ​ត្រូវ​បាន​នាំ​យក​ទៅ​តុលាការ​ក្នុង​រថយន្ត​តែ​មួយ។​

របាយ​ការណ៍​នេះ​សង្ខេប​ពី​ការ​ស្រាវជ្រាវ​រយៈ​ពេល​ប្រាំ​មួយ​ខែ​ រួម​មាន​បទ​សម្ភាសន៍ជាមួយ​នឹង​កុមារ​៥៤​នាក់។ ​ខណៈ​ពេល​ដែលកុមារ​ភាគ​ច្រើន​បាន​និយាយ​ថា ​ពួក​គេ​ត្រូវ​បាន​ទទួល​ការ​ប្រាស្រ័យ​ជាមួយ​ប៉ូលិស​ ដែល​មាន​ចិត្ត​ករុណា​នោះ​ ​មាន​កុមារ​២០%​ដែល​បាន​សម្ភាសន៍​និយាយ​ថា​ ប៉ូលិស​ជំរិតយក​ប្រាក់​ដើម្បី​ធ្វើ​សកម្មភាព​លើ​ករណី​របស់​ពួក​គេ។​

ក្មេង​ស្រី​ម្នាក់​ ដែល​ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​ផ្លូវ​ភេទ​ បាន​ប្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​ថា៖​ «នគរបាល​បាន​ជំរិតទារ​ប្រាក់​ពី​យើង​មុន​ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​ការងារ។​ បើ​និយាយ​ទៅ​ ពួក​គេ​ស្លូត​ និង​មិន​ស្រែក​ គំហក​ដាក់​យើង​ឡើយ។ ​ប៉ុន្តែ​ពួក​គេ​មិន​សូវ​ល្អ​នោះ​ទេ។ ​ទី​បំផុត​បង​ប្រុស​របស់​ខ្ញុំ​បាន​លក់​ទូរស័ព្ទ​ដៃ​របស់​គាត់​ដើម្បី​យក​ប្រាក់​ឲ្យនគរបាល។​ បន្ទាប់​មក​នគរបាល​ស្រុក​ក៏​បាន​សុំ​ប្រាក់​ផង​ដែរ។​ ដូច្នេះ​បង​ប្រុស​របស់​ខ្ញុំ​បាន​ខ្ចី​ប្រាក់​មួយ​ចំនួន​ដើម្បី​ឲ្យ​ពួក​គេ។​ ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ប្រាក់ ​ពួក​គេ​ចាប់​ជន​ល្មើស​បាន​ក្នុង​រយៈ​ពេល​២​ថ្ងៃ!»​

ក្រុម​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​បាន​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ជាយូរ​មក​ហើយ​ថា​ ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ជា​កន្លែង​ដែល​ការ​រំលោភ​បំពាន​ និង​អំពើ​ពុក​រលួយ​រីករាល​ដាល។​ របាយ​ការណ៍​របស់​អង្គការ​ Haga​ ផ្តោត​ទៅ​លើ​ប្រព័ន្ធ​យុតិធម៌​ ​ដែល​មិន​មាន​មេត្រី​ភាព​ចំពោះ​កុមារ។​

របាយ​ការណ៍​នេះ​កត់​សម្គាល់​ថា​ ភាគ​ច្រើន​នៃ​កុមារ​ដែល​ជា​ជន​រង​គ្រោះ​នៃ​ឧក្រិដ្ឋ​កម្ម​ជា​ក្មេង​ស្រី។​ ប៉ុន្តែ​មាន​តែ​ប្រហែល​ជា​១០%​ប៉ុណ្ណោះ​នៃ​កុមារ​រងគ្រោះ​បាន​ជួប​ជា​មួយ​គ្រូពេទ្យ​ស្រី។ ​ឪ​ពុក ​ម្តាយ ​ឬ​មនុស្ស​ធំ​ផ្សេង​ទៀត​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​ក្នុង​អំឡុង​ពេល​ពិនិត្យ​ទៅ​លើ​រាង​កាយ​ទេ។ លទ្ធផល​ជាង​ពាក់​កណ្តាល​ដែល​បាន​ពីការពិនិត្យ មិន​ត្រូវ​បាន​ផ្តល់​ឲ្យជន​រងគ្រោះ​ ឬ​ក្រុម​គ្រួសារ​របស់​កុមារ​រង​គ្រោះ​បាន​ដឹង​ទេ។​ ជិត​ពាក់​កណ្តាល​នៃ​ការ​ពិនិត្យ​ធ្វើ​ឡើង​ បន្ទាប់​ពី​ឧក្រិដ្ឋកម្ម​បាន​កើត​មាន​ឡើង​ជាង​មួយ​សប្តាហ៍​ ដែល​ធ្វើ​ឲ្យការ​វិនិច្ឆ័យ​រក​លទ្ធផល​មាន​ការ​លំបាក។​

ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ​ដែល​បាន​សម្ភាស​នៅ​ក្នុង​របាយ​ការណ៍​នោះ​ បាន​រៀប​រាប់​ពី​ការឈឺ​ចាប់​ដែល​នាង​បាន​ជួប​ប្រទះ។ ​នាង​បាន​និយាយ​ថា៖​ «ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ខ្លាំង​ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ពិនិត្យ ហើយ​ខ្ញុំ​បាន​ប្រាប់​វេជ្ជបណ្ឌិត​ ប៉ុន្តែ​គាត់​បាន​និយាយ​ថា​ ខ្ញុំ​គ្មាន​ពេល​ច្រើន​ទេ ដូច្នេះ​កុំ​រអ៊ូរទាំ​ពេក»។​

បើសិន​ជា​ប៉ូលិសចាប់បាន​ជន​ល្មើស ​ហើយ​បន្ទាប់​ពី​ការ​ពិនិត្យ​ និង​ការ​ស៊ើប​អង្កេត ​កុមារ​ត្រូវ​តែ​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ កុមារ​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ ព្រោះ​ពួក​គេ​នឹង​ត្រូវ​នៅ​ក្នុង​បន្ទប់​ជា​មួយ​ជន​ល្មើស​ ឬ​ដោយ​សារ​បន្ទប់​សវនាការ​ជា​ញឹកញាប់​មានមនុស្សពេញ។ កុមារ​មាន​ពេល​តិច​តួច​ជួប​ជាមួយ​នឹង​មេធាវី​ ហើយ​ជា​ញឹកញាប់​មេធាវីមិន​បាន​ព័ត៌​មាន​ពេញលេញ​អំពី​ករណី​របស់​ពួក​គេ​ទេ។​ សូម្បី​តែ​នៅ​ពេល​ជន​ល្មើស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនា​គារហើយ​ក៏​ដោយ​ ​ កុមារ​ក៏នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ដែរ។​

ក្មេង​ស្រី​ម្នាក់​បាន​ប្រាប់​ក្រុម​អ្នក​ស្រាវជ្រាវក្នុងពេលសម្ភាស​ថា៖​ «ខ្ញុំ​នៅ​តែ​ខ្លាច​ថា​ សាច់ញាតិ​របស់​បុរស​នោះសង​សឹកខ្ញុំ​ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យគាត់​ជាប់​ពន្ធនាគារ។​ ហើយ​ខ្ញុំ​នៅ​តែ​រស់នៅ​ទីនេះ​ [ក្នុង​មណ្ឌល​អង្គការ​មិន​មែន​រដ្ឋាភិ​បាល] ​នឹង​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ទេ»។​

របាយ​ការណ៍​នេះ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​យុតិ្តធម៌​ចាប់​ពី​ដំណាក់កាល​ប៉ូលិស​ទៅ​តុលាការ។​

លោក​ឧត្តមសេនីយ៍ទោ​ យឹម ​វិរៈ ​អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​លោក​មិន​យល់​ស្រប ​ហើយ​ក៏​មិន​បដិសេធ​ការ​រក​ឃើញ​នៅ​ក្នុង​របាយ​ការណ៍​នេះ​ដែរ ប៉ុន្តែ​លោក​បាន​និយាយ​ថា​ គួរ​តែ​បញ្ចេញ​ឈ្មោះ​នគរបាល​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ​មក។ ​លោក​បាន​និយាយ​ថា​ ជា​ទូទៅ​ ប៉ូលិស​ធ្វើ​សកម្មភាព​ដោយ​គោរព​វិន័យ។

«ខ្ញុំ​មិន​ដឹង​ពី​បញ្ហា​នេះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា​របាយ​ការណ៍​នេះ​គួរ​តែ​ធ្វើ​ឲ្យ​ច្បាស់​លាស់»។​

លោក​សុខ ​រឿន ​ប្រធាន​ព្រះរាជ​អាជ្ញា​រង​តុលាការ​ឧទ្ធរណ៍​ បាន​ថ្លែង ថា​ មុន​ពេល​ចេញ​ផ្សាយរបាយការណ៍​នេះជា​សាធារណៈ គួរ​តែ​ត្រូវ​មាន​ការពិភាក្សា​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ជាមុន។​

លោក​បាន​និយាយ​ថា៖​ «របាយ​ការណ៍​នេះ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ អាជ្ញាធរ​ជាច្រើន​ ដូច​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ ព្រះ​រាជ​អាជ្ញា​ចៅក្រម​ស៊ើប​អង្កេត​ ចៅក្រម​កាត់ ​និង​ស្ថាប័ន​មួយ​ចំនួន។​ វាទាក់ទៅ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ ខ្ញុំ​គិត​ថា​ មុន​ពេល​ចេញ​ផ្សាយ​របាយ​ការណ៍​នេះ​គួរ​តែ​មាន​ការ​យល់ព្រម ​និង​ការពិភាក្សា​ជាមួយ​ស្ថាប័ន​ទាំង​នោះ»។​

លោក​បាន​និយាយ​ថា​ ដើម្បី​អនុវត្ត​អនុសាសន៍​ទាំងអស់​នៅ​ក្នុង​របាយ​ការណ៍​នេះ​ រដ្ឋាភិបាល​ត្រូវ​ការ​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ។​

លោក​បាន​និយាយ​ថា៖​«នៅ​ពេល​មាន​លុយ​ធ្វើ​អ្វី​ក៏​បាន​ដែរ»។ ​

លោក​បាន​បន្ថែម​ថា​ ជំនួយ​អាច​ប្រើ​ក្នុង​ការ​បណ្តុះ​បណ្តាល​នៅ​តាម​ខេត្ត​ និង​ទីក្រុង​នានា។​

Kila Reimer​ អ្នក​ដឹកនាំ​ក្នុង​ការ​ស្រាវជ្រាវ​ បាន​និយាយ​ថា ​ការ​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​មិន​ចាំបាច់​តម្រូវ​ឱ្យ​មាន​លុយ​ទេ។​

គាត់​បាន​និយាយ​ថា៖ ​«យើង​បាន​ផ្តល់​នូវ​យោបល់​ចំពោះ​អ្វី​ដែល​ពួក​ គេ​អាច​ធ្វើ​បាន​ ដែល​មិន​ត្រូវ​ការ​ការ​ចំណាយ​អ្វី​នោះ​ទេ ​ដោយ​សារ​តែ​ប្រព័ន្ធ​មាន​រួច​ទៅ​ហើយ។ ​មនុស្ស​ក៏​មាន​រួច​ទៅ​ហើយ។ ​ពួក​គេ​គ្រាន់​តែ​ធ្វើ​សកម្មភាព​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​ដឹង​រួច​ទៅ​ហើយ»។​

Rana​ Flowers​ តំណាង​អង្គការ​ Unicef​ ប្រចាំ​ប្រទេស ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​សម្រាប់​ការ​ស្រាវជ្រាវ​នេះ ​បាន​និយាយ​ថា ​អង្គការ​ Unicef និង​អង្គការ​ Haga ​បាន​និង​កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌។​

អនុសាសន៍​មួយ​ចំនួន​គឺ​ជា​វិធានការ​ធម្មតា ​ដូច​ជា​ការ​ប្រើ​ប្រាស់​របាំង​ដើម្បី​ការពារ​អត្ត​សញ្ញាណ​របស់​កុមារ​នៅ​ក្នុង​តុលាការ។​ លោក​ស្រី​បាន​និយាយ​ថា ​របាំង ​ឬ​សូម្បី​តែ​ឧបករណ៍​វីដេអូ​គឺ​អាច​រក​បាន​ នៅ​ក្នុង​តុលាការ​មួយ​ចំនួន​ ប៉ុន្តែគេ​មិន​ប្រើទេ។​

នៅ​ក្នុង​របាយ​ការណ៍​នេះ​ក៏​មាន​អនុសាសន៍​ផ្សេង​ទៀត ​ដូចជាការ​ជួយ​ឲ្យ​កុមារ​យល់​ពី​ដំណើរ​ការ​ផ្លូវ​ច្បាប់​ និង​ការ​បង្កើត​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​កុមារ​មេត្រី។​

Kila Reimer​ បាន​និយាយ​ថា​ ជា​ការ​ចាំបាច់​ ដែល​រដ្ឋាភិបាល​ត្រូវប្រមូល​ទិន្នន័យ​ករណី​កុមារ​រង​គ្រោះ។​ លោក​ស្រី​បាន​និយាយ​ថា៖​ «មិន​មាន​នីតិវិធី ​និង​មិន​មាន​វិធី​សាស្ត្រ​ងាយ​ដែល​រដ្ឋាភិបាល​អាច​ប្រមូល​ទិន្នន័យ​អំពីកុមារ​នៅ​ក្នុង​ប្រព័ន្ធ​បាន​ទេ ដូច្នេះ​វិធី​តែ​មួយ​គត់​ដែល​យើង​ដឹង​ហើយ​ជា​វិធី​តែ​មួយ​គត់​ដែល​យើង​អាច​ទទួល​បាន​តួលេខ​នេះ​គឺ​និយាយ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មិនមែន​ជា​អ្នក​តំណាង​នៃ​កុមារ​រងគ្រោះ​ទាំង​អស់​នោះ។​ ប៉ុន្តែ​វា​ជាវិធី​មួយ​ដែល​ផ្តល់​ឱ្យ​យើង​នូវ​គំនិត​ខ្លះអំ​ពី​ចំនួន​កុមារ​ដែល​នៅ​ក្នុង​ប្រព័ន្ធ​នេះ»។​

គាត់​បាន​និយាយ​ថា​ ការ​មិន​ដឹង​ពី​ចំនួន​កុមារ​ដែល​មាន​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជា​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។ ​Kila Reimer​ បាន​និយាយ​ថា​ គាត់​ជឿ​ថា ​កុមារ​ជាច្រើនទៀត​ត្រូវ​បាន​រំលោភ​ផ្លូវ​ភេទ​ ហើយ​ឧក្រិដ្ឋ​កម្ម​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​រាយ​ការណ៍​ទេ។ ​Kila Reimer​ បាន​បន្ថែម​ថា៖​ «មាន​កុមារ​ដែល​ជា​ជន​រង​គ្រោះ​ក្នុង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​គ្នា ​ប៉ុន្តែ​មិន​ត្រូវ​បាន​រាយ​ការណ៍ទេ។ ​យើង​មិន​ដឹង​ថាមាន​ករណី​បែប​នេះ​ប៉ុន្មាន​ទេ»។​

លោក​ស្រី​បាន​និយាយ​ថា ​ប្រព័ន្ធ​នេះ​អាច​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​របស់​កុមារ​ ដែល​ប្រឈម​នឹង​ឧក្រិដ្ឋ​កម្ម​លើ​នឹង​កុមារ។ ​អ្នកស្រី​សង្កត់​ធ្ងន់​ថា ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ​ធ្វើ​ឲ្យមាន​ការ​ខូចខាត​ផ្លូវចិត្ត​ និងផ្លូវកាយ​ខ្លាំង​ក្លា ​ហើយ​មាន​រយៈ​ពេល​យូរ​អង្វេង។ ​វា​ប៉ះពាល់​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​ជន​រង​គ្រោះ​ ទាំង​មនុស្ស​ពេញ​វ័យ ​ទាំង​កុមារ៕

XS
SM
MD
LG