នៅសប្តាហ៍នេះរដ្ឋមន្ត្រីនៃបណ្តារដ្ឋាភិបាលពីតំបន់អាស៊ីអាគ្នេយ៍ជួបប្រជុំគ្នានៅទីក្រុងបាងកកដើម្បីពិភាក្សាថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យអត្រានុកូលដ្ឋាន ឬការចុះបញ្ជីសំបុត្រកំណើត សំបុត្រមរណភាព និងសំបុត្រអាពាហ៍ពិពាហ៍ ដែលជាវិធានការដ៏សំខាន់ក្នុងការផ្តល់សេវាកម្មរបស់រដ្ឋាភិបាលកាន់តែមានភាពប្រសើរឡើង។ ប្រទេសថៃទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ប៉ុន្តែបញ្ហានៅតែមាន ជាពិសេសទាក់ទងនឹងការចុះបញ្ជីសំបុត្រកំណើតដល់កូនៗរបស់កម្មករឆ្លងដែន។
ប៉ុន្មានម៉ោងក្រោយពីបានកើតក្នុងពិភពលោកនេះ ទារកឈ្មោះ Edar គឺជាទារកមានសំណាងម្នាក់។ ដំណើរការចុះបញ្ជីសំបុត្រកំណើតរបស់ទារកនេះ ត្រូវបានចាប់ផ្តើមរួចជាស្រេច ដែលនឹងក្លាយជាជំហានដ៏សំខាន់មួយ ដើម្បីឈានដល់ជីវិតដ៏ប្រសើរ។
ម្តាយរបស់ទារក Edar មានអាយុ ៣០ឆ្នាំ មកពីប្រទេសមីយ៉ាន់ម៉ាហើយដែលបានធ្វើការនៅប្រទេសថៃអស់រយៈពេល៧ឆ្នាំ និយាយថា នាងបានដឹងពីសារៈសំខាន់នៃឯកសារកំណើតរបស់កូនទី២របស់នាង។
នាងនិយាយថា៖ «បើគ្មានសំបុត្រកំណើត កូនខ្ញុំនឹងមិនអាចទៅសាលារៀនបានទេ។ នៅប្រទេសថៃ សាលារៀនកាលពីមុន ទទួលចុះឈ្មោះកុមារ ដែលគ្មានសំបុត្រកំណើត។ តែឥឡូវនេះយើងគ្រប់គ្នាគួរតែធ្វើសំបុត្រកំណើតឲ្យកូន។»
មន្ត្រីខ្លះនៅតែមិនចង់ចេញសំបុត្រកំណើតឲ្យកុមារ ដែលមិនមែនជាជនជាតិថៃ បើទោះបីជាច្បាប់ព្រះរាជាណាចក្រថៃ តម្រូវថា កូនក្មេង ដែលទើបតែចាប់កំណើតក្នុងរយៈពេល១៥ថ្ងៃ ត្រូវតែចុះក្នុងបញ្ជីសំបុត្រកំណើតនិងទទួលបានលេខអត្តសញ្ញាណប័ណ្ណជាតិ។
លោកស្រី Napa Phisanbut បុគ្គលិកអង្គការ Unicef និយាយថា៖ «សារដែលយើងតែងតែសង្កត់ធ្ងន់គឺថា ការចុះបញ្ជីកំណើត គឺជាសិទ្ធិរបស់កុមារគ្រប់រូបមិនថាគេជាជនជាតិថៃ ឬមិនមែនជាជនជាតិថៃក៏ដោយ ដូច្នេះមន្ទីរពេទ្យគួរតែជួយឪពុកម្តាយ ជាពិសេសគឺអ្នកដែលមិននិយាយភាសាថៃ ហើយអាចនឹងមិនដឹងពីដំណើរការ និងសារៈសំខាន់នៃការចុះបញ្ជីកំណើត និងជំហាន ដែលពួកគេត្រូវតែធ្វើ។»
ប៉ុន្តែ១ភាគ៣នៃកុមារ ដែលបានកើតនៅប្រទេសថៃ ពីម្តាយដែលមកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា មិនត្រូវបានចុះក្នុងបញ្ជីសំបុត្រកំណើតនៅឡើយទេ។ ជួនកាល រឿងនេះគឺដោយសារតែការរើសអើង ហើយក្នុងករណីផ្សេងទៀត មន្ត្រីចុះបញ្ជីសំបុត្រកំណើតបានមិនអើពើ ឬពុករលួយ។
សាលសម្រាលកូននៅមន្ទីរពេទ្យ Samut Prakan បានក្លាយជាកន្លែងទាក់ទាញកម្មករឆ្លងដែន ដោយសារតែកេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យនេះ ក្នុងការទទួលស្វាគមន៍ស្ត្រីជាម្តាយ ដែលមិនមែនជាជនជាតិថៃ។
រាល់ខែ មន្ទីរពេទ្យនេះបានជួយម្តាយជាកម្មករឆ្លងដែនសម្រាលទារកចំនួន១៥០នាក់ ដែលទារកទាំងនេះនឹងមិនទទួលបានសញ្ជាតិជាជនជាតិថៃ ប៉ុន្តែ មន្ទីរពេទ្យរដ្ឋមួយនេះ ធានាថាទារកទាំងអស់ត្រូវបានចុះក្នុងបញ្ជីសំបុត្រកំណើតយ៉ាងត្រឹមត្រូវ។
អ្នកគ្រូពេទ្យ Sripapi Khlaidon និយាយថា៖ «យើងមានប្រព័ន្ធចុះបញ្ជីសំបុត្រកំណើតតាមអ៊ីនធឺណិតដើម្បីពន្លឿនដំណើរការនេះរវាងមន្ទីរពេទ្យយើងនិងការិយាល័យសាលាក្រុងរបស់រដ្ឋាភិបាល ដើម្បីឲ្យព័ត៌មានដ៏ត្រឹមត្រូវអាចនឹងពិនិត្យទៅបានលឿន។ នេះមានន័យថា គ្មាននរណាម្នាក់ចាំបាច់ត្រឡប់ទៅ ត្រឡប់មករវាងមន្ទីរពេទ្យនិងការិយាល័យរដ្ឋាភិបាលទេ។»
ខណៈដែលប្រទេសថៃត្រូវបានចាត់ទុកជាគំរូមួយ ដែល៩៥ភាគរយនៃការសម្រាលកូនប្រព្រឹត្តឡើងនៅមន្ទីរពេទ្យ ប្រទេសនៅតំបន់អាស៊ីផ្សេងទៀតបានចាត់ចែងការចុះបញ្ជីសំបុត្រកំណើតនេះមិនបានល្អឡើយ។
នៅប្រទេសនេប៉ាល់វិញ ការចុះបញ្ជីសំបុត្រកំណើតមានត្រឹមតែ៤២ភាគរយតែប៉ុណ្ណោះ។ នៅប្រទេសឥណ្ឌា ក៏មានអត្រាប្រហាក់ប្រហែលនេះដែររហូតមកដល់ឆ្នាំ២០១២ ក៏ប៉ុន្តែ ទិន្នន័យថ្មីដែលនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ នឹងបង្ហាញពីភាពប្រសើរឡើង។ ប្រទេសប៉ាគីស្ថានមានស្ថានភាពយ៉ាប់ជាងគេបង្អស់នៅតំបន់អាស៊ីដែលការចុះបញ្ជីសំបុត្រកំណើតមានត្រឹមតែ២៧ភាគរយប៉ុណ្ណោះ ជាអត្រាដែលទាបបំផុតនៅក្នុងពិភពលោក លើកលែងប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកនិងប្រទេសយេម៉ែន។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមប្រតិភូដែលចូលរួមក្នុងសន្និសីទក្នុងតំបន់នៅសប្តាហ៍នេះ នឹងប្តេជ្ញាចិត្តសម្រេចឲ្យបាននូវការចុះបញ្ជីសំបុត្រកំណើតទូទាំងប្រទេសនៅចុងឆ្នាំ២០១៤នេះ។
ប្រែសម្រួលដោយ ទែន សុខស្រីនិត