ខណៈក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានយល់ព្រមលើទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ក្រសួងការបរទេសកម្ពុជាបានជំរុញជាថ្មីឲ្យប្រទេសមួយនេះគោរពទៅតាមសេចក្តីសម្រេចរបស់អន្តរជាតិ និងបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ។
ការអំពាវនាវជាថ្មីរបស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីថ្ងៃទី៣ ខែកញ្ញា។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ ខែកញ្ញា ក្រសួងការបរទេសកម្ពុជា បានលើកឡើងថារដ្ឋាភិបាលកម្ពុជា «មានការសោកស្តាយ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧»។
ក្រសួងបានបញ្ជាក់ថា៖ «ការសាកល្បងនុយក្លេអ៊ែរលើកទី៦នេះ គឺជាការរំលោភជាថ្មីម្តងទៀត ទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាពដែលតឹងតែងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ»។
បើតាមសេចក្តីថ្លែងការណ៍នោះ កម្ពុជាបានទាមទារឲ្យកូរ៉េខាងជើង «អនុវត្តឲ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ»។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃនេះ បានយល់ព្រមលើទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើង ដែលក្នុងនោះមានការរឹតបន្តឹងលើការនាំចូលប្រេង និងការនាំចេញផលិតផលវាយនភណ្ឌ។ ការសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិនេះ នាំឲ្យមានកំហឹងពីកូរ៉េខាងជើង។
កូរ៉េខាងជើងបានព្រមានថា ប្រសិនបើអាមេរិកចុងក្រោយជំរុញទណ្ឌកម្មនេះ កូរ៉េខាងជើង នឹងឲ្យអាមេរិកសងអ្វីដែលគេបានធ្វើ។
លោក ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្រ្តមានប្រសាសន៍ថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ជាផ្នែកមួយនៃការប្តេជ្ញា និងកាតព្វកិច្ចអន្តរជាតិ ហើយក៏ដើម្បីបង្ហាញពីតួនាទីពាក់ព័ន្ធរបស់កម្ពុជា ក្នុងការដាក់គំនាបជាមួយគ្នា លើកូរ៉េខាងជើង។
លោកបានថ្លែងប្រាប់ VOA តាមរយៈអ៊ីម៉េល ឬសារអេឡិចត្រូនិកនៅថ្ងៃអង្គារនេះថា៖
«ប្រហែលជាសញ្ញាមួយទៅកាន់អាមេរិកថា កម្ពុជាពិតជាមានតួនាទីនៅក្នុងយុទ្ធសាស្រ្តអាមេរិកទៅលើកូរ៉េខាងជើង ដូច្នេះសហរដ្ឋអាមេរិករំពឹងថា នឹងមិនដាក់វិធានការធ្ងន់ៗប្រឆាំងនឹងរបបនៅភ្នំពេញ ទាក់ទងនឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
កាលពីខែសីហា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំនៅប្រទេសហ្វីលីពីន ប្រទេសជាសមាជិកអាស៊ាន បានផ្ញើ«សារខ្លាំងៗ»ទៅប្រទេសកូរ៉េខាងជើង លើបញ្ហាអាវុធនុយក្លេអ៊ែរ និងការបាញ់កាំជ្រួចមីស៊ីលជាបន្តបន្ទាប់។
រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងកាលពីខែសីហាថា កម្ពុជាក៏ដូចជា សមាជិកអាស៊ានផងនោះ ចង់បន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយចង់ឲ្យមានការចរចាគ្នា ដើម្បីដោះស្រាយបញ្ហាដោយសន្តិភាព។
កន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ទៅកូរ៉េខាងជើងថា រាល់ការគំរាមកំហែងណាមួយមកលើសហរដ្ឋអាមេរិកនឹងប្រឈមជាមួយអ្វីដែលលោកប្រធានាធិបតីបានហៅថា «ភ្លើង និងកំហឹង»។
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េខាងជើង បានបន្សល់ទុកតាំងពីព្រះបាទនរោត្តម សីហនុ អំឡុងសម័យកាលដឹកនាំដោយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដែលកាលនោះលោកបានសង់ព្រះរាជដំណាក់ថ្វាយព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ១៩៧៤។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦៥ ហើយព្រះបរមរតនកោដ្ឋ ក៏ធ្លាប់មានអង្គរក្សជាជនជាតិកូរ៉េខាងជើងផងដែរ។
លោក Ko Yunju អនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នៃក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងប្រាប់ VOAកាលពីខែកក្កដា ខណៈលោកចូលរួមកិច្ចពិភាក្សាមួយនៅរាជធានីភ្នំពេញ ស្តីពីអំពីបញ្ហាប្រទេសកូរ៉េខាងជើងថាកូរ៉េខាងត្បូងអំពាវនាវឲ្យប្រទេសកូរ៉េខាងជើង «ផ្លាស់ប្តូរឥរិយាបថ» និងបង្ហាញ«ភាពស្មោះត្រង់»សម្រាប់ការចរចា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
លោក Ko Yunju បានបន្តថា ប្រទេសកម្ពុជាអាចដើរ «តួនាទីពិសេសជាងគេ»លើបញ្ហាឧបទ្វីបកូរ៉េ ដោយសារកម្ពុជាមានទំនាក់ទំនងល្អជាប្រវត្តិសាស្រ្តជាមួយកូរ៉េខាងជើង។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថាកម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន អាចដើរតួនាទីសំខាន់ណាស់។ ប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាប្រវត្តិសាស្រ្តជាមួយប្រទេសកូរ៉េខាងជើង។ យើងរំពឹងថា កម្ពុជាអាចដើរតួនាទីពិសេសជាងគេ ដើម្បីបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើងឲ្យវិលមកតុចរចា និងបញ្ចប់ការបង្កជាហេតុនៃមីស៊ីល»៕