អាជ្ញាធរកម្ពុជាបានចាប់បញ្ជូនជនជាតិវៀតណាមចំនួន ១៧៧ នាក់ទៅប្រទេសរបស់ពួកគេចំពោះការជាប់ពាក់ព័ន្ធនឹងបទល្មើស ដូចជាមានការឆ្លងដែនដោយខុសច្បាប់ ការប្រព្រឹត្តអំពើឆបោកអនឡាញ និងការមានទំនាក់ទំនងផ្លូវភេទជាមួយកុមារ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាម និងកម្ពុជា។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam Plus អាជ្ញាធរខេត្ត Tay Ninh កាលពីថ្ងៃទី ៦ ខែកុម្ភៈ បានទទួលបុគ្គលទាំងនោះពីស្ថានទូតវៀតណាមប្រចាំកម្ពុជានៅច្រកព្រំដែនអន្តរជាតិម៉ុកបៃ ដែលរួមមាន ស្ត្រីចំនួន ១៩ នាក់ និងបុរស ១៥៨ នាក់។
អ្នកឃ្លាំមើលមួយចំនួននៅប្រទេសកម្ពុជាសាទរចំពោះការចាត់វិធានការបង្ក្រាបបទល្មើសឆ្លងដែន តែពួកគេស្នើឲ្យភាគីកម្ពុជាស៊ើបអង្កេតឲ្យដល់ឫសគល់នៃអ្នកនៅពីក្រោយខ្នងជនជាតិវៀតណាមទាំងនោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា ការបញ្ជូនខ្លួនពលរដ្ឋវៀតណាមទាំងនោះចេញពីកម្ពុជាហើយដាក់ក្នុងបញ្ជីខ្មៅពី ៣ ឆ្នាំ ទៅ ៥ ឆ្នាំ មិនទាន់គ្រប់គ្រាន់ក្នុងការបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មដែលធ្វើប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញនៅឡើយទេ។
លោកយល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាគួរតែបើកការស៊ើបអង្កេត និងស្រាវជ្រាវដោយមានកិច្ចសហការពីភាគីវៀតណាម ដើម្បីឈានដល់ការអនុវត្តច្បាប់ឲ្យតឹងរ៉ឹងលើអ្នកពាក់ព័ន្ធទាំងឡាយ។ លោកបន្ថែមថា ការធ្វើដូច្នេះបាននឹងនាំឲ្យមានការកាត់បន្ថយការរិះគន់មកលើប្រទេសកម្ពុជា ហើយបង្កើនប្រសិទ្ធភាពការងារដល់គណៈកម្មការអន្តរក្រសួងដែលត្រូវបានបង្កើតឡើងដើម្បីតទល់នឹងបទឧក្រិដ្ឋបច្ចេកវិទ្យាមួយនេះ។
លោកថ្លែងថា៖ «ការអនុវត្តវិធានការច្បាប់កម្ពុជាធ្វើម៉េចឲ្យបានតឹងរ៉ឹង ដើម្បីបង្ហាញថា កម្ពុជាគឺមានឆន្ទៈ ហើយនិងការតាំងចិត្តខ្ពស់ ហើយជនទាំងឡាយណាដែលយកទឹកដីកម្ពុជាធ្វើការប្រព្រឹត្តនូវបទល្មើសអនឡាញ គឺមិនអាចគេចផុតពីសំណាញ់ច្បាប់បាន»។
លោកមានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញជាថ្មីម្តងទៀត បើសិនជាការឆបោកតាមប្រព័ន្ធអនឡាញត្រូវបានបង្ក្រាប ឬលុបបំបាត់ចោលទាំងស្រុង។
លោកប្រាប់វីអូអេថា៖ «អាហ្នឹងគឺជាការមួយបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្ត ហើយក៏ដូចជាធ្វើឲ្យមានទំនុកចិត្តពេញលេញសម្រាប់កម្ពុជា ទាក់ទងនឹងភ្ញៀវទេសចរ អន្តរជាតិ ហើយនិងក៏ដូចជាកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមផងដែរ»។
ក្នុងសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam Plus ចុះថ្ងៃទី ៧ ខែកុម្ភៈ ក្នុងចំណោមអ្នកដែលត្រូវបានធ្វើមាតុភូមិនិវត្តទាំង ១៧៧ នាក់ មាន ៤៨ នាក់ បានចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយស្របច្បាប់ ខណៈ ១២៩ នាក់ បានឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ ក្នុងចំណោមជនទាំងនោះមាន ១៧៦ នាក់ ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញដូចជាល្បែងស៊ីសង កម្មវិធីវិនិយោគក្លែងក្លាយតាមប្រព័ន្ធកំព្យូទ័រ ឬទូរស័ព្ទ និងការឆបោកតាមរបៀបលួងលោមដែលត្រូវបានប្រព្រឹត្តដោយក្រុមហ៊ុនមួយក្នុងខេត្តស្វាយរៀងប្រទេសកម្ពុជា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សុខ សុមនា អគ្គនាយរងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមប្រព័ន្ធទូរស័ព្ទបាននៅឡើយទេ។ វីអូអេក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអភិបាលរងខេត្តស្វាយរៀងលោក ម៉ែន អេង បានដែរនៅថ្ងៃអង្គារនេះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ថា អំពើឆបោកតាមអនឡាញគឺជាកត្តាបង្កគ្រោះថ្នាក់មួយដល់សុខសុវត្ថិភាពពលរដ្ឋនិងមុខមាត់របស់ប្រទេសកម្ពុជា ដែលគួរត្រូវបានលុបបំបាត់ឲ្យអស់។
លោកបន្ថែមថា មន្ត្រីកម្ពុជាក៏ត្រូវដាក់ខ្លួនស្ថិតឲ្យឆ្ងាយពីបទល្មើសបច្ចេកវិទ្យាមួយនេះ ដើម្បីកុំឲ្យឧក្រិដ្ឋជនមានខ្នងបង្អែក ហើយពិបាកក្នុងការបង្ក្រាប។
លោកថ្លែងថា៖ «ហើយលើសពីនោះទៅទៀតគឺត្រូវតែពិនិត្យមើលដែរចំពោះមន្ត្រីអនុវត្តច្បាប់មួយចំនួន ធ្វើម៉េចកុំឲ្យមានការជាប់ពាក់ព័ន្ធជាមួយនឹងអនឡាញ Scam នេះ បើសិនតែកាលណាមានអ្នកដែលឆ្លៀតរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើជាខ្នងបង្អែក គឺបញ្ហានេះប្រហែលជាយើងត្រូវចំណាយពេលវេលាវែងឆ្ងាយទៅទៀតណាស់នៅក្នុងបង្ក្រាបឲ្យអស់ ហើយនិងស្តារមុខមាត់របស់កម្ពុជា»។
ទាក់ទិននឹងអំពើឆបោកអនឡាញនេះ កាលពីខែកញ្ញា ឆ្នាំ ២០២៤ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោកឧកញ៉ា លី យ៉ុងផាត់ ដោយការបង្កកទ្រព្យសម្បត្តិរបស់សេដ្ឋីរូបនេះ ក្រោយពីលោកត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ដូចជាការជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ (Scam) និងសកម្មភាពឧក្រិដ្ឋផ្សេងទៀត ដូចជាការវិនិយោគបោកប្រាស់តាមរូបិយបណ្ណគ្រីបតូ (cryptocurrency) ជាដើម។
អ្នកឃ្លាំមើលការវិវឌ្ឍសង្គមកម្ពុជាជឿថា ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកនឹងបង្កផលវិបាកជាច្រើនដល់ការរកស៊ីរបស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាមួយរូបផងនោះ។ លោក លី យ៉ុងផាត់ ក៏ត្រូវគេដឹងថាជាមនុស្សដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
កម្ពុជាបានប្រតិកម្មភ្លាមៗទៅនឹងទណ្ឌកម្មលើលោក លី យ៉ុងផាត់។ ក្រសួងការបរទេសកម្ពុជាប្រកាសថា «វិធានការរបស់អាមេរិកធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ និងមានចេតនានយោបាយ។ ហើយរដ្ឋសភាកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ថា ការដាក់ទណ្ឌកម្មរបស់អាមេរិកមានភាព«អយុត្តិធម៌»៕
វេទិកាបញ្ចេញមតិ