ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ចិនគ្រោងរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៥ ធំជាងមុន


រូបឯកសារ៖ ទាហានចិនឈរបង្ហាញនៅក្នុងពិធីបើកសមយុទ្ធ«នាគមាស» ដែលធ្វើឡើងក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ទាហានចិនឈរបង្ហាញនៅក្នុងពិធីបើកសមយុទ្ធ«នាគមាស» ដែលធ្វើឡើងក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)

កម្ពុជា​និង​ចិន​គ្រោង​ធ្វើ​សមយុទ្ធ «នាគមាស» ឆ្នាំ ២០២៥ ធំ​ជាង​ឆ្នាំ​មុន ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ទំហំ​កិច្ចសហប្រតិបត្តិ​ការស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ។ នេះ​បើ​តាម​លោក ថោង សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ។

ចាប់​តាំង​ពីឆ្នាំ​ ២០១៦ ​មក ​កម្ពុជានិង​ចិន​តែង​ធ្វើ​សមយុទ្ធនាគ​មាសជា​រៀងរាល់​ឆ្នាំ​ ប៉ុន្តែ​បាន​ខក​ខាន​រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នាអំឡុងវិបត្តិ​ជំងឺ​កូវីដ​១៩។ កាល​ពី​ខែ​ឧសភា ​ឆ្នាំ ​២០២៤​ កម្ពុជានិង​ចិន​បានបន្តសមយុទ្ធ​នេះជា​លើក​ទី ៦ ​ដោយមាន​ចំនួនកង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរជាង ​២​.០០០ ​នាក់។

លោក ​ថោង សូលីម៉ូ ​អ្នក​នាំ​ពាក្យ​អគ្គ​បញ្ជា​ការ​ដ្ឋាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា ក្រុម​ការងារ​កង​ទ័ព​នៃ​ប្រទេសកម្ពុជានិង​ចិនបាន​ជួប​ជជែក​គ្នា​លើក​ទី ១ កាល​ពី​ថ្ងៃទី ​១៩ ខែ​មករាកន្លងទៅ ដោយ​បាន​សម្រេច​យក​ទឹកដី​កម្ពុជាធ្វើ​សម​យុទ្ធ​នាគ​មាស​ឆ្នាំ ​២០​២៥ ប៉ុន្តែ​មិន​ទាន់​កំណត់ពេល​វេលានិង​ទីតាំង​នៅ​ឡើយ​ទេ ដោយត្រូវរង់ចាំ​ការ​ពិភាក្សា​បន្ត​ទៀតនៅខែ​មីនា។ ​

លោក​ ថោង សូលីម៉ូ ​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា​៖ «សម្រាប់​សម​យុទ្ធ​នេះ​ផ្តល់​ផលវិជ្ជ​មាន​សម្រាប់​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​ទំនាក់​ទំនងជា​ពិសេស​លើ​វិស័យ​យោធា​ តាម​រយៈ​ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍ ការ​បង្កើន​ការ​យល់ដឹ​ង​លើ​ការ​ងារ​ដឹក​នាំ​បញ្ជា​ចម្រុះ ​និង​នីតិវិធី​ប្រតិ​បត្តិ​ការ​លើ​យុទ្ធោ​ប​ករណ៍​ បច្ចេក​ទេស និង​ជំនាញ​ថ្មីៗ​។ សម​យុទ្ធ​ឆ្នាំ​នេះអាច​ថា​ធំជាង​បណ្តា​ឆ្នាំ​មុន​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​សម​ស្រប​ទៅ​នឹង​ទំហំ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ ដែលពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​កាន់តែ​មាន​ការ​រីកចម្រើននិង​ស៊ី​ជម្រៅ​ជា​លំដាប់​លើគ្រប់​វិស័យ»។

ការ​ធ្វើ​សម​យុទ្ធ​នាគ​មាសរួមគ្នា​រវាង​យោធា​កម្ពុជានិង​ចិន​ជា​បន្ត​បន្ទាប់ ត្រូវ​បាន​គេ​មើល​ឃើ​ញ​ថា ​កម្ពុជា​កាន់​តែងាក​ខ្លាំង​ទៅ​រក​ចិន។ ​ទន្ទឹមនឹង​ការ​ធ្វើសមយុទ្ធ​យោធា​ជាមួយ​ចិន កម្ពុជា​ក៏​បានលុប​ចោល​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​ជាបន្ត​បន្ទាប់​ ដូចជា​សមយុទ្ធ​កងទ័ពជើងគោក​ដែល​មាន​ឈ្មោះ​ថា ​«ឆ្មាំ​អង្គរ» ​សម​យុទ្ធ​ទេវតា​ប៉ាស៊ីហ្វិក​ (Pacific Angel)​ និង​សមយុទ្ធ​លើ​ផ្ទៃ​ទឹក ឬ​ហៅ​ថា ការ៉ាត់ ​(Carat) ជាដើម។

កាលពី​ខែធ្នូ ឆ្នាំ ២០២៤​ អំឡុង​ពេល​ដែល​នាវា​ចម្បាំង​ USS SAVANNAH របស់​សហរដ្ឋ​អាមេរិកបាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ភាគី​កម្ពុជា​បាន​ស្នើ​ដល់​ភាគី​សហរដ្ឋ​អាមេរិក​ពិនិត្យ​ពិភាក្សា​លទ្ធភាព​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​ឡើងវិញ​ ដូច​ជា​សមយុទ្ធ​ឆ្មាំអង្គរ​ (Angkor Sentinels)​ និង​សម​យុទ្ធ​ទេវតា​ប៉ាស៊ីហ្វិក​ (Pacific Angel)​ ក៏​ដូចជា​កិច្ចការ​ផ្សេ​ងទៀត​ ដូចជា​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទប់​ស្កាត់​រាល់​បទ​ល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​ការ​បន្ត​រុក​រក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​ដែល​បាន​បាត់​ខ្លួន​ក្នុង​ទឹក​ដី​កម្ពុជា​អំឡុង​សង្គ្រាម។

លោក ​មាស នី ​អ្នក​វិភាគ​នយោបាយ ​ប្រាប់​វីអូអេថា កម្ពុជា​ស្ថិត​ក្នុង​ក្រសែភ្នែក​ភូមិ​សាស្ត្រ​នយោបាយ។ ដូច្នេះ​រដ្ឋាភិបាលកម្ពុជា​គួរ​ត្រូវ​រក្សា​តុល្យភាពនៃ​ការធ្វើសម​យុទ្ធ​យោធា​ជាមួយ​បណ្តាប្រទេស​នានា ដើម្បី​កុំ​ឱ្យ​មាន​ការ​រិះគន់​ថា​ កម្ពុជា​ខិត​ខំ​ធ្វើកា​រ​តែជាមួយ​ចិន ប៉ុន្តែ​ព្រងើយ​កន្តើយ​ជាមួយបណ្តា​ប្រទេសមហា​អំណាច​ផ្សេងទៀត។

លោកថ្លែងថា៖ «កម្ពុជា​គួរតែ​ពិនិត្យ​មើល​ផង​ដែរ​ ថា​ធ្វើ​ម៉េច​រក្សា​តុល្យភាព​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​យោធា​ឱ្យ​មាន​តុល្យ​ភាព​គ្នា​រវាង​មហា​អំណាច។​ បើសិន​ជា​ប្រទេស​យើង​កុំស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​នយោ​បាយ គឺ​វា​អត់​អី​ទេ ប៉ុន្តែ​ដោយសារ​ប្រទេស​យើង​ស្ថិត​នៅ​ភូមិសាស្ត្រ​នយោបាយ​ តែ​កាលណា​យើង​លម្អៀង​ទៅ​ខាង​ណាមួយ​ខ្លាំង​ហើយ គឺ​ពេល​ហ្នឹង​វា​ធ្វើ​ឱ្យ​យើង​ធ្លាក់​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ភូមិសាស្ត្រ​នយោបាយ»។

​សម​យុទ្ធនាគមាស​ឆ្នាំ​ ២០​២៥​ នឹង​ផ្ដោត​សំខាន់​លើ​ប្រធាន​បទ «​ប្រតិបត្តិការ​ប្រឆាំង​ភេរវ​កម្ម​និង​ការងារ​មនុស្ស​ធម៌​»​ ​ដូច​ប្រធាន​បទ​ឆ្នាំ ​២០២៤ ដែរ​ ខណៈសម​យុទ្ធ​ឆ្នាំ​នេះ​មាន​លក្ខណៈជា​ការ​វាយ​លុក​ដណ្តើម​យក​ទីតាំង​ភេរវករនិង​ការ​រំដោះ​ចំណាត់​ខ្មាំង។ នេះ​បើតាមអ្នក​នាំ​ពាក្យ​អគ្គ​បញ្ជា​ការ​ដ្ឋាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ។

គួរ​បញ្ជាក់​ថា ​សម​យុទ្ធ​ «នាគ​មាស​ឆ្នាំ​ ២០២៤» ​ផ្នែក​កងទ័ព​ជើង​គោកបាន​ប្រព្រឹត្ត​ឡើង​នៅ​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​កង​រាជអាវុធហត្ថ​ ភ្នំ​ជុំសែន​រីក​រាយ ស្ថិត​ក្នុង​ភូមិច្រកកូវ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់​ឆ្នាំង។ ចំណែកឯសមយុទ្ធផ្នែក​កងទ័ពជើង​ទឹក​វិញ​បាន​ធ្វើ​ឡើង​នៅខេត្ត​ព្រះសីហនុ។ ​អំឡុងពេល​នោះ​ ​សមយុទ្ធជើងគោកមាន​ដូចជា​រថ​ពាស​ដែក ​យន្ត​យុទ្ធ​គ្រប់​ប្រភេទចំនួន ​៦៩ ​គ្រឿង ​រួម​ទាំងបរិក្ខារ​ស៊ើប​ការណ៍​ បរិក្ខារ​បោស​សម្អាត​ជាតិ​ផ្ទុះ ​បរិក្ខារ​បញ្ជូន​សារ​ជា​ច្រើនឈុត។ ​ហើយ​សមយុទ្ធ​នៅ​លើ​ផ្ទៃ​សមុទ្រ​មាន​នាវា​ចូលរួម​សរុប​ចំនួន ​១៤ គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG