ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ចាត់ទុក​ការមក​ដល់​របស់​នាវា​ចម្បាំង​អាមេរិក​ជា​«ការបង្កើន​ទំនុក​ចិត្ត»​លើ​កិច្ចសហប្រតិបត្តិការ


អ្នកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជានៅក្នុងជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភាកម្ពុជា។ (Facebook / U.S. Embassy Phnom Penh, Cambodia)
អ្នកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជានៅក្នុងជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភាកម្ពុជា។ (Facebook / U.S. Embassy Phnom Penh, Cambodia)

អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​អះអាង​ថា ​វត្តមាន​នាវា​ចម្បាំង​សហរដ្ឋអាមេរិក​ USS SAVANNAH នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ បង្ហាញ​ពី​ទំនាក់​ទំនង​ល្អ​នៅក្នុង​វិស័យ​ការពារ​ជាតិ និង​កង​ទ័ព ហើយ​ជា​ការ​បង្កើនទំនុកចិត្ត​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន សែន លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ជំនួបកាលពី​ថ្ងៃអង្គារជាមួយ​អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារី​ស្តី​ទីនៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​ចូលជួប​សម្ដែង​ការ​គួរសម ជាមួយ​លោក ហ៊ុន សែន នៅវិមាន​ព្រឹទ្ធសភា។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃ​អង្គារ​ថា ​វត្តមាន​របស់​នាវា​ចម្បាំង​ជា​ «ការ​បង្កើន​ទំនុក​ចិត្ត​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការផ្សេងៗ​ទៀត​ដែល​មាន​ស្រាប់ និង​តាម​រយៈ​សកម្មភាព​នានា​របស់ ​USAID ផង​ដែរ»។

លោក ហ៊ុន សែន ក៏​បង្ហាញ​ក្តី​សង្ឃឹម​ថា ​ការវិ​ល​ត្រឡប់មក​វិញនៃរដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ (Donald Trump) ​នាពេលខាង​មុខ ​នឹង​ធ្វើ​ឲ្យកិច្ចសហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ «កាន់​តែ​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត»។

សារ​រតាម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា៖ ​«រឿង​ចាស់​គឺជា​បទ​ពិសោធន៍​ក្នុង​ការរៀប​ចំ​ឥរិយាបថ​សម្រាប់​ទំនាក់​ទំនង​នៃ​អនាគត​របស់​ប្រទេស​យើង​ទាំង​ពីរ ​ជាពិសេស​ក្នុង​ការ​កសាង​ទំនុកចិត្ត​រវា​ងប្រទេស​យើង​ទាំងពីរ និង​ការ​ពិនិត្យ​ចំណុច​អាទិភាព​នៃ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត រួម​ទាំង​វិស័យសេដ្ឋកិច្ច​និង​ការ​វិនិយោគ​ផង​ដែរ»។

ដោយ​ឡែក​អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ បាន​លើក​ឡើងថា ​ក្រោយ​ដំណើរ​ទស្សន​កិច្ចនៅ​កម្ពុជា​របស់​លោក Lloyd Austin រដ្ឋមន្រ្តី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក និង​វត្តមាន​នៃ​នាវាចម្បាំង​សហរដ្ឋ​អាមេរិក USS SAVANNAH លើក​ដំបូង​នៅកម្ពុជា​នៅ​ក្នុងរ​យៈ​ពេល ៨ ឆ្នាំ​ចុងក្រោយ​នេះ «សបញ្ជាក់​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​យូរអង្វែង និងកិច្ចសហប្រតិបត្តិការ​ល្អរវាង​ប្រទេស​យើង​ទាំង​ពីរ​លើ​វិស័យ​យោធា ក៏ដូចជា​នៅក្នុងវិស័យ​នានាផ្សេងៗ​ទៀត រួមមានសុខាភិបាល អប់រំ ការដោះមីន ជាដើម»។ នេះ​បើ​តាម​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។

អ្នកស្រី​ ប្រៃហ្គេត អែលវ៉កឃឺរ ក៏​សង្ឃឹមថា ​សហរដ្ឋអាមេរិក​និង​កម្ពុជា​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​លើ​ប្រធានបទ​កិច្ចសហ​ប្រតិ​បត្តិ​ការ​សំខាន់ ដូចជា​បញ្ញាសិប្បនិម្មិត (AI) សន្តិសុខ​អ៊ីនធឺណែត (Cyber Security) និង​ថាមពល​ស្អាត។

ភារធារី​ស្តី​ទីនៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជារូបនេះ​ក៏​បាន​សម្តែង​នូវក្តី​សង្ឃឹម​ថា​ «កិច្ចសហការ​ដោយស្មោះ​ត្រង់​រវាងគ្នា និងបើក​ចំហដល់​ការស្វែងរកផ្លូវថ្មីៗបន្ថែម​ទៀត ដើម្បី​បង្កើន​វឌ្ឍន​ភាព​សេដ្ឋកិច្ច»។ នេះ​បើ​តាម​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។

អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺ ត្រូវបាន​ដក​ស្រង់​សម្តី​ថា៖ «សេចក្តីសង្ឃឹម​ខ្ពស់​ផង​ដែរ ដោយ​ចង់​ឃើញ​ទំនាក់​ទំនង​នៃប្រទេស​យើង​ទាំង​ពីរ​កាន់​តែ​ល្អ​ប្រសើរ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ជួបប្រទះ​ម្តង​ម្កាល និងការគ្រប់គ្រង​សមរ​ភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែលនេះគឺមូល​ដ្ឋាន​គ្រឹះដ៏រឹងមាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី»។

ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​ភារធារី Bridgette Walker «មាន​កិច្ច​សន្ទនា​ប្រកប​ដោយ​ផ្លែផ្កា»​ជាមួយ​ប្រធានព្រឹទ្ធ​សភា លោក ហ៊ុន សែន ដើម្បី​ពិភាក្សា​អំពី​ការ​ខិតខំ​ជា​បន្ត នៅ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី និង​កិច្ចសហ​ប្រតិបត្តិ​ការ​លើ​វិស័យអាទិភាព នៅ​ក្នុង​គោល​នយោ​បាយ​ការបរទេស រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា។

គួរ​បញ្ជាក់​ថា ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​អាមេរិក​ហាក់​មាន​ភាព​រកាំ​រកូស​ជា​បន្ត​បន្ទាប់។ កាល​ពី​កន្លង​ទៅ សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក ​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​បង្ខំ​ឲ្យធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់​និង​ការ​បោក​ប្រាស់​តាម​អនឡាញ។ ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា ​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​ លី យ៉ុងផាត់ ​ដែល​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​«មាន​ចេតនា​នយោបាយ ​និង​ផ្ទុយ​ទាំង​ស្រុង​ពី​ស្មារតី​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី ​និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»​រវាង​ប្រទេស​ទាំង​ពីរ៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG