កិច្ចប្រជុំកំពូលអាស៊ានបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងភ្នំពេញ ដោយមានជំនួបមួយចំនួនពីភាគីប្រទេសដែលមានវត្តមានក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានប្រទេសអ៊ុយក្រែនដែលបានចុះសន្ធិសញ្ញាមួយដើម្បីមានលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើតាមមន្ត្រីនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ការផ្តល់ឱកាសឲ្យប្រទេសអ៊ុយក្រែនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍អាចនឹងធ្វើឲ្យប្រទេស ដែលកំពុងជាប់ផុងក្នុងសង្រ្គាមនេះ មានលទ្ធភាពបង្កើនការរឹតចំណងទាក់ទងនៅក្នុងវិស័យសំខាន់ៗ នៅក្នុងតំបន់អាស៊ាន តួយ៉ាងការធ្វើពាណិជ្ជកម្មរវាងប្រទេសអ៊ុយក្រែន និងក្រុមប្រទេសក្នុងតំបន់អាស៊ាន។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ ថ្លែងក្នុងសន្និសីទព័ត៌មានសង្ខេបនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ប្រទេសអ៊ុយក្រែនបានក្លាយជាប្រទេសទី៥០ដែលបានចុះសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយថា ប្រទេសអេស្ប៉ាញគ្រោងនឹងចុះហត្ថលេខាលើសន្ធិសញ្ញានោះដែរ តែបានខកខានទៅវិញ ដោយសារតែបញ្ហាផ្ទៃក្នុង។
បើតាមលោកគង់ ភោគ ក្រៅពីការចុះសន្ធិសញ្ញានេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានខិតខំចូលរួមដោះស្រាយ និងសម្របសម្រួលបញ្ហាមួយចំនួនទៀត ដូចជាភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ វិបត្តិនៅភូមា និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
លោកនិយាយថា៖ «ពាក់ព័ន្ធជាមួយនឹងបញ្ហាអ៊ុយក្រែន ក្នុងនាមយើងជាប្រធានអាស៊ាន យើងបានចេញសេចក្តីថ្លែងការណ៍ហូរហែដើម្បីរំលេចពីសារៈសំខាន់នៃការបញ្ចប់សង្គ្រាមនៅទីនោះ ពីផលប៉ះពាល់នៃអំពើហិង្សា និងការប៉ះទង្គិចគ្នាប្រដាប់អាវុធ។ យើងក៏បានចូលរួមចំណែកគាំទ្រ UN Resolution [សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ] ដល់ទៅបីនៅឯអង្គការសហប្រជាជាតិ ហើយយើងបានបង្ហាញអំពីការយល់ឃើញរបស់យើង ដែលថា បញ្ហានេះ គឺត្រូវដោះស្រាយដោយសន្តិវិធី»។
ការអត្ថាធិប្បាយរបស់មន្ត្រីនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែននេះ ធ្វើឡើងនៅដំណាលគ្នានឹងពេលដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែនលោក ឌីមីត្រូ គូលេបា (Dmytro Kuleba) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយបានចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាខាងលើក្នុងទីក្រុងភ្នំពេញជាមួយសមភាគីរបស់លោកគឺរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន។
មុនពេលចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា TAC លោកឌីមីត្រូ គូលេបា បានចូលជួបពិភាក្សាទេ្វភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ។
អំឡុងពេលនៃជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកឡើងវិញអំពីការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zenlenskyy កាលពីដើមខែវិច្ឆិកា និងបានបង្ហាញក្តីសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងអាចស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមដើម្បីឲ្យអ៊ុយក្រែនទទួលបានត្រឡប់មកវិញនូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
បើតាមសេចក្តីប្រកាសដដែល លោកឌីមីត្រូ គូលេបា បានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា លោក Volodymyr Zenlenskyy ប្រធានាធិបតីអ៊ុយក្រែននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលអនាគត និងបានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំហរដ៏រឹងមាំ និងគោលការណ៍របស់កម្ពុជាស្តីពីសង្គ្រាមនៅអ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែនបានចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លោកឌីមីត្រូ គូលេបា លើកឡើងទៀតថា អ៊ុយក្រែនមានចេតនាក្នុងការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយមានជំនឿមុតមាំថាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន។
កាលពីដើមខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជជែកតាមទូរស័ព្ទជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ដោយប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner)ផងដែរ។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា តើប្រធានាធិបតីអ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឲ្យថ្លែងសុន្ទរកថា ឬយ៉ាងណា ខណៈមានសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក Khmer Times ថា សមាជិកអាស៊ានមិនឯកភាពគ្នាជាមូលមតិក្នុងការសម្រេចឲ្យមានការថ្លែងរបស់លោក Zelenskyy។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា យល់ថា កម្ពុជាបានខិតខំគាំទ្រប្រទេសអ៊ុយក្រែនស្របទៅតាមគោលការណ៍អន្តរជាតិ ទាក់ទិនការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយការអនុញ្ញាតឲ្យអ៊ុយក្រែនបានចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍នេះ គឺជាការផ្តល់តម្លៃបន្ថែមទៅលើអ៊ុយក្រែន ដែលរងការឈ្លានពានដោយកម្លាំងទ័ពរបស់ប្រទេសរុស្ស៊ី។
លោកថ្លែងថា៖ «បើសិនជាយើងឆ្លុះបញ្ចាំងអំពីសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការ វាបានបង្ហាញច្បាស់ហើយថា សន្ធិសញ្ញាហ្នឹងវាឲ្យគុណតម្លៃខ្លាំងទៅលើសហប្រតិបត្តិការគ្នាដោយឈរទៅលើភាពគោរពគ្នាទៅវិញទៅមក ហើយគោរពអធិបតេយ្យភាព បូរណភាពដែនដីគ្នាទៅវិញទៅមក»។
លោកបន្ថែមថា រុស្ស៊ីជាដៃគូរបស់អាស៊ានកំពុងដើរប្រាសចាកពីគោលការណ៍អាស៊ាន ដែលផ្តល់ការគោរពគ្នាទៅវិញទៅមកលើបញ្ហាអធិបតេយ្យនេះ។
លោកថ្លែងថា៖ «អ៊ីចឹងទេ រុស្ស៊ីជាដៃគូសន្ទនាមួយរបស់អាស៊ានដែរ។ អ៊ីចឹង កាលណារុស្ស៊ីប្រើប្រាស់កម្លាំងទ័ព វាខុសទៅនឹងគោលការណ៍ធម្មនុញ្ញរបស់អាស៊ាន ទាក់ទងនឹងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នឹងរបស់អាស៊ាន ដែលជាហេតុ ជាការឆ្លើយតប ខ្ញុំគិតថា អាស៊ានតាមរយៈការអញ្ជើញអ៊ុយក្រែនឲ្យចូលរួមកិច្ចប្រជុំហ្នឹង វាជាដំណើរការមួយវិវឌ្ឍល្អផងដែរ អំពីទំនាក់ទំនង ហើយនិងការឆ្លើយតបចំពោះទង្វើគឃ្លើនរបស់រុស្ស៊ី»។
មុនពេលនៃកិច្ចប្រជុំនេះចាប់ផ្តើម មេដឹកនាំអាស៊ានភាគច្រើនបានមកដល់ទីក្រុងភ្នំពេញ ហើយមេដឹកនាំដែលជាប្រទេសដៃគូអាស៊ានក្នុងនោះគឺប្រទេសចិនបានមកដល់ទីក្រុងភ្នំពេញ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងមានវត្តមានក្នុងទីក្រុងភ្នំពេញនាថ្ងៃសៅរ៍សប្តាហ៍នេះ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃសុក្រស្អែកនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៕