នៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល មនុស្សម្នារកំពុងឆ្លងសាឡាងមករាជធានីភ្នំពេញ នាពេលព្រឹក ដើម្បីបំពេញការងាររបស់ពួកគេ។ ស្ថិតនៅតាមបណ្តោយផ្លូវក្នុងភូមិអរិយក្សត្រ លោកស្រី យឹម សុឃឿន អាយុ៤៨ឆ្នាំ កំពុងលក់គ្រឿងទេសក៍នៅតូបតូចមួយខាងមុខផ្ទះ។
នៅពេលសួរអំពីការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ លោកស្រីមានប្រសាសន៍ថា មិនដឹងថា អ្វីជាការបោះឆ្នោតព្រឹទ្ធសភា និងតួនាទីរបស់ព្រឹទ្ធសភានោះទេ។
លោកស្រីបានថ្លែងប្រាប់ VOA ថា៖
«ព្រឹទ្ធសភាណា៥ឆ្នាំបោះម្តងហ្នឹង?»
ការបោះឆ្នោតព្រឹទ្ធសភាធ្វើឡើងរៀងរាល់៦ឆ្នាំម្តង។
លោកស្រីបានឲ្យដឹងថា លោកស្រីរៀនសូត្របានទាប រវល់នឹងការងារលក់ដូរ និងមិនសូវបានតាមដានព័ត៌មាន ដូច្នេះហើយទើបលោកស្រី មិនយល់អំពីការបោះឆ្នោតព្រឹទ្ធសភា។ លោកស្រីតែងតែទៅបោះឆ្នោតតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីកន្លងទៅ។
ទោះជាយ៉ាងណា លោកស្រី សុឃឿន មានប្រសាសន៍ថា ការបោះឆ្នោតដែលមិនមានគណបក្សប្រឆាំងដ៏ធំចូលរួម គឺគណបក្សសង្រ្គោះជាតិ ប្រៀបដូចជាការប្រដាល់ដែលប្រកួតតែឯង។
លោកស្រីមានប្រសាសន៍ថា៖
«វាអត់ល្អ ទាល់មានគូប្រឆាំង ដូចការប្រកួតប្រដាល់លើសង្វៀនអីចឹង! ដល់យើងបោះតែឯងស្ងាត់ៗ មានអីល្អមើល! ប្រទេសមួយ បើអត់មានគណបក្សប្រឆាំង ម៉េចទៅកើត?»
ព្រឹទ្ធសភាកម្ពុជាត្រូវបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ១៩៩៩ ដើម្បីបំបែកភាពទ័លច្រកនយោបាយ ក្រោយការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ១៩៩៨។ គណបក្សប្រជាជនកម្ពុជា ចង់ផ្តល់អំណាចមួយដល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកាលនោះជាប្រធានគណបក្សរាជានិយម គឺគណបក្សហ៊្វុនស៊ិនប៉ិច។ ព្រះអង្គបានក្លាយជាប្រធានរដ្ឋសភា នាពេលនោះជំនួសលោក ជា ស៊ីម ដែលឡើងទៅកាន់ជាប្រធានព្រឹទ្ធសភា។
នៅក្នុងភូមិអរិយក្សត្រដដែល VOA បានសាកសួរប្រជាពលរដ្ឋមួយចំនួន តែពួកគាត់បានលើកឡើងដូចៗគ្នាថា មិនបានដឹងអំពីការបោះឆ្នោតព្រឹទ្ធសភា និងតួនាទីរបស់ព្រឹទ្ធសភានោះទេ។
ជាអ្នករត់រឺម៉កកង់បី ដែលអាចរកប្រាក់ចំណូលប្រមាណ២ម៉ឺនទៅ៣ម៉ឺនរៀលក្នុងមួយថ្ងៃ លោក វ៉ាន់ ថារិទ្ធិ អាយុ៣៦ឆ្នាំ កំពុងរង់ចាំដឹកភ្ញៀវចុះពីសាឡាង។ លោកមានប្រសាសន៍ថា លោកមិនដែលឃើញសមាជិកព្រឹទ្ធសភាចុះមកជួយប្រជាពលរដ្ឋទេ។
លោកមានប្រសាសន៍ថា៖
«សមាជិកព្រឹទ្ធសភានីមួយៗ មិនដែលចុះមកខ្វាយខ្វល់អំពីពលរដ្ឋទេ។ មានតែតំណាងគណៈកម្មការកណ្តាល។ តំណាងគណបក្សនីមួយៗ»។ លោកបន្តថា ប្រជាពលរដ្ឋភាគច្រើនមិនបានដឹងអំពីការបោះឆ្នោតព្រឹទ្ធសភានោះទេ។
លោកបានថ្លែងប្រាប់ VOA ថា៖
«តាមពិតទៅ មិនថាខ្ញុំ មិនថាគេទេ ការបោះឆ្នោតព្រឹទ្ធសភាចំពោះប្រជាជនទូទៅ វាចូលជិត៩០ភាគរយហើយ គេអត់សូវដែលខ្វល់។ វាអត់ដឹងយ៉ាងម៉េច? យើងភាគច្រើន យើងជាប្រជាពលរដ្ឋ មិនសូវយល់កិច្ចការរាជការ មិនដឹងថា ការងារព្រឹទ្ធសភា គេតំណាងឲ្យអី ឬធ្វើអីឡើងមក ដើម្បីអី»?
នៅជិតនោះដែរ អ្នករត់រឺម៉កកង់បីម្នាក់ទៀត លោក ជុំ សំណាង អាយុ៣៥ឆ្នាំ បាននិយាយថា លោកក៏មិនដឹងអំពីការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខដែរ។ លោកមានប្រសាសន៍ថា៖
«អត់ដឹង មិនដឹងព្រឹទ្ធសភាបោះឆ្នោតម៉េចផង! ដូចអត់ដែលឮ មិនដែលឮមែនអីតើ»។
នៅក្នុងហាងតាមផ្លូវលក់អាហារពេលព្រឹកមួយ លោកស្រី ហ៊ុន គីមណាយ អាយុ៦៥ឆ្នាំ មានប្រសាសន៍ថា លោកស្រីមិនបានដឹងថា អ្វីទៅជាព្រឹទ្ធសភានោះទេ។ នៅពេលកំពុងពិសារអាហារពេលព្រឹក លោកស្រីដែលមានការងារជាអ្នកកោសខ្យល់តាមភូមិ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីជាប្រធានក្រុមមើលប្រជាពលរដ្ឋចំនួន៣គ្រួសារក្នុងភូមិ បានថ្លែងថា៖
«អត់ដឹងព្រឹទ្ធសភាយ៉ាងម៉េច! បានខ្ញុំថា ព្រឹទ្ធសភា កន្លែងសភាហ្នឹងគេធ្វើការហ្នឹងហើយ ក្រែងគេហៅពាក្យអីមួយទៀតអីចឹងហា៎»។
តួនាទីសំខាន់របស់ព្រឹទ្ធសភា គឺពិនិត្យមើលសេចក្តីព្រាងច្បាប់ ឬស្នើច្បាប់ ដែលបញ្ជូនមកពីរដ្ឋសភា។ អង្គបោះឆ្នោតនៅពេលខាងមុខ គឺតំណាងរាស្រ្តក្នុងតំណែងទាំង១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងចំនួន១១៥៧២នាក់។ សមាជិកព្រឹទ្ធសភា៤រូប នឹងត្រូវតែងតាំងដោយផ្ទាល់ពីព្រះមហាក្សត្រនិងរដ្ឋសភា។ ចំណែកសមាជិកព្រឹទ្ធសភាថ្មីចំនួន៥៨រូបទៀត នឹងត្រូវជ្រើសរើសដោយការបោះឆ្នោត។
ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ នឹងមានវត្តមានគណបក្សនយោបាយចំនួន៤ចូលរួម ដោយមិនមានវត្តមានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន។
សមាជិកក្រុមប្រឹក្សាឃុំពពេល ចំនួន៧នាក់ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នឹងទៅបោះឆ្នោតព្រឹទ្ធសភា ដែលជាការបោះឆ្នោតមួយប្រជាជនតិចតួចណាស់ បានដឹង ឬក៏យកចិត្តទុកដាក់។ នៅក្នុងឃុំមួយនេះ គណបក្សសង្រ្គោះជាតិឈ្នះអាសនៈឃុំច្រើនជាងគណបក្សប្រជាជនកម្ពុជា កាលពីការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែក្រោយមកអាសនៈរបស់ពួកគេត្រូវបានបែងចែកឲ្យគណបក្សប្រជាជនកម្ពុជាទាំងអស់។
លោក ទូច ប៉ាវ ជាមេឃុំពពេល ដែលអង្គុយនៅខាងមុខក្រុមប្រឹក្សាផ្សេងទៀត មានប្រសាសន៍ថា លោកនិងក្រុមប្រឹក្សាផ្សេងទៀត នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកមានប្រសាសន៍ថា៖
«អាហ្នឹង តាមគោលការណ៍ច្បាប់ វាត្រូវតែបោះហើយគណបក្សប្រជាជន ព្រោះយើងជាសមាជិកគណបក្សប្រជាជន ហើយយើងនឹងត្រូវបោះជូនគាត់។ អាហ្នឹងវាអីចឹង។ សិទ្ធិសេរីភាពរបស់គេម្នាក់ៗ ជួនកាលគេអាចទៅបក្សណា អាហ្នឹងរឿងរបស់គេ។ យើងមិនអាចដឹងបានទេ។ តែសម្រាប់ខ្ញុំ គឺបោះឆ្នោតជូនគណបក្សប្រជាជនហើយ ព្រោះគោលដៅរបស់ខ្ញុំ ខ្ញុំវាកើតនៅហ្នឹង រស់នៅហ្នឹងហើយ វាត្រូវតែទៅហ្នឹងហើយ»។
មេឃុំពពេល លោក ទូច ប៉ាវ មានប្រសាសន៍ថា លោកមិនដែលបានជួបសមាជិកព្រឹទ្ធសភាណាមួយនោះទេ បើទោះលោកបានធ្វើជាក្រុមប្រឹក្សារយៈពេល៥ឆ្នាំក៏ដោយ។ លោកក៏មិនដឹងថា តើសមាជិកព្រឹទ្ធសភាសរុបមានប៉ុន្មានរូបដែរ។
ចំណែកលោក ជា សុផល អតីតមេឃុំពពេល មកពីគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា ការបោះឆ្នោតព្រឹទ្ធសភា គឺមិនមានន័យនោះទេ ដោយសារមិនមានវត្តមានគណបក្សប្រឆាំង។
លោកបានថ្លែងប្រាប់ VOA ថា៖
«បោះឆ្នោតព្រឹទ្ធសភា ខ្ញុំចង់និយាយថា បោះដោយសារអ្នកដែលជាប់អាសនៈ ដែលប្រជាពលរដ្ឋផ្តល់ឲ្យ បានឡើងទៅបោះរើសតំណាងខាងព្រឹទ្ធសភាអីបាន តែបើយកអ្នកអត់ ប្រជាពលរដ្ឋបោះឲ្យ យកទៅរើស មានន័យអី អាហ្នឹង! អត់មានន័យអីផង!»
មុនការបោះឆ្នោតសាកលនៅខែកក្កដា ឆ្នាំ២០១៨ ការបោះឆ្នោតព្រឹទ្ធសភា នឹងបម្រើឲ្យគណបក្សប្រជាជនកម្ពុជា ដោយសារមិនមានវត្តមានគណបក្សប្រឆាំង ហើយអង្គបោះឆ្នោតស្ទើរតែទាំងអស់ គឺមកពីគណបក្សកាន់អំណាច។
លោក ហ៊ុន សែន បានបង្រ្កាបជាទ្រង់ទ្រាយធំទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សកម្មជនសង្គមស៊ីវិល និងគណបក្សប្រឆាំង នៅមុនការបោះឆ្នោតខែកក្កដាខាងមុខ។ ការបង្រ្កាបនេះត្រូវបានអ្នករិះគន់មើលឃើញថា ជា«ការសម្លាប់លទ្ធិប្រជាធិបតេយ្យ»នៅកម្ពុជា។
លោក សូ ចន្ថា អ្នកវិភាគនយោបាយ មានប្រសាសន៍ថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសផ្តាច់ការ ប្រសិនបើពុំមានសំឡេងប្រឆាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។
លោកមានប្រសាសន៍ថា៖
«ទៅអនាគត ប្រសិនបើគណបក្សកាន់អំណាចគ្រប់គ្រងអំណាចតែម្នាក់ឯង នោះ វាជាដំណើរមួយហាក់ដូចជាធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង មិនអាចដំណើរការដោយរលូន ប្រកបដោយប្រសិទ្ធភាព និងគុណតម្លៃនោះទេ។ ហើយកម្ពុជាអាចនឹងឈានទៅរកអំណាចមួយ ដែលយើងហៅថា ជាអំណាចផ្តាច់ការក៏ថាបាន ឬក៏ជាអំណាចមួយដែលដឹកនាំតែម្នាក់ឯង មិនខ្វល់ ពោលគឺជិះសេះលែងដៃ»។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានច្រានចោលការរិះគន់ដែលថា ព្រឹទ្ធសភាចាំតែប្រថាប់ត្រានោះ។ លោកមានប្រសាសន៍ថា៖
«យើងធ្វើតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា»។
កាលពីថ្ងៃសុក្រ ក្នុងពិធីបើកការដ្ឋានសំណង់ស្ពានឆ្លងទន្លេមេគង្គនៅក្នុងខេត្តកំពង់ចាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាច មានប្រសាសន៍ថា លោកមិនមែនជាបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ហើយលោកក៏នឹងមិនចូលរួមឃោសនាឲ្យបេក្ខជនណាមួយនោះដែរ។
លោកបានថ្លែងថា៖
«ខ្ញុំមិនមែនជាបេក្ខជននៃការឃោសនាជ្រើសសមាជិកព្រឹទ្ធសភាទេ ហើយខ្ញុំក៏មិនជួយឃោសនាបោះឆ្នោតឲ្យសមាជិកព្រឹទ្ធសភាដែរ ទោះបីជាខ្ញុំជាប្រធានគណបក្សប្រជាជនក៏ដោយ។ អីចឹងខ្ញុំនឹងបន្តជួបជាមួយកម្មករ។ ខ្ញុំនឹងបន្តជួបជាមួយនឹងអ្នកនេះ អ្នកនោះ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល។ បើពេលហ្នឹង ខ្លួនឯងមិនចុះទៅទេ គេមិនបោះឲ្យ អាហ្នឹងគឺរឿងរបស់លោកឯងទេ។ ជាប់ ឬមិនជាប់ហី!»
ចាប់ពីថ្ងៃសោរ៍ គឺថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស និងចាប់ផ្តើមសកម្មភាពឃោសនាបោះឆ្នោតព្រឹទ្ធសភា។
នៅខាងមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ គណបក្សបានដាក់ឧគ្ឃោសនាស័ព្ទបំពងសំឡេងផ្សព្វផ្សាយអំពីស្នាដៃរបស់គណបក្ស៕