ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​ច្បាប់​ CARI​ តម្រូវ​ឱ្យ​កម្ពុជា​គោរព​តាម​កិច្ចព្រមព្រៀង​ប៉ារីស


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ដើរ​ជាមួយ​នឹង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ដើរ​ជាមួយ​នឹង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។

សេចក្តី​ព្រាង​ច្បាប់​នេះ​ នឹង​​​ដាក់​ទណ្ឌកម្ម​ជាច្រើន​លើ​ប្រទេស​កម្ពុជា​​ ក្នុងនោះ​មាន​​ដាក់លក្ខខណ្ឌ​ជំនួយ​ ហាម​មិន​ឱ្យ​​ជន​ដែល​ធ្វើ​​ឱ្យ​​ខូច​​លទ្ធិ​ប្រជាធិបតេយ្យ​ចូលក្នុង​សហរដ្ឋ​អាមេរិក​ បង្កកទ្រព្យសម្បត្តិ​ជនដែលធ្វើ​ឱ្យ​ខូចលទ្ធិប្រជាធិបតេយ្យ ប្រឆាំង​រាល់ប្រាក់កម្ចី និង​ជំនួយ​ពី​ស្ថាប័ន​អន្តរជាតិ​​ទៅ​​កម្ពុជា ក៏ដូចជា​​​ហាមឃាត់​ការ⁣លុប⁣ចោល⁣បំណុល⁣ដែល⁣កម្ពុជា⁣ជំពាក់⁣សហរដ្ឋ​អាមេរិក​ជាង​៥០០លានដុល្លារ​ផងដែរ។

សមាជិក​ព្រឹទ្ធសភា​អាមេរិកាំងមួយក្រុម កំពុង​នាំមុខ​ក្នុង​ការជួយពង្រឹងការអនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ដែល​ពេលនេះ​ពួកគេ​យល់​ថា បាន​ផ្តល់​លទ្ធផល​ខុស​ពីអ្វី​ដែលស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ចង់បាន ​គឺ​ប្រទេស​កម្ពុជាមួយ​ដែល​គោរព​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​។

ដោយ​អះអាងថា​«លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេសកម្ពុជា​បាន​ស្លាប់» ​ព្រោះតែ​ប្រទេស​នេះស្ថិត​ក្រោម​ឥទ្ធិពល ​និង​ការត្រួតត្រា​ពីចិន សមាជិកព្រឹទ្ធសភា​អាមេរិកាំង​ដ៏មាន​ឥទ្ធិពល​ចំនួនប្រាំរូប ​គឺលោក​Linsey Graham លោក Ted Cruz លោក Dick Durbin លោក Patrick Leahy និង​លោក​ Ben Cardin បាន​ស្នើ​ច្បាប់​មួយ​កាលពីថ្ងៃទី​៨ ខែកុម្ភៈ ​ដើម្បី​ឱ្យ​«គាំទ្រ​ដល់​ការ⁣អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​កិច្ចព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីសលើប្រទេសកម្ពុជា»។​

សេចក្តី​ព្រាង​ច្បាប់ «ស្តីពី⁣ការ⁣ទទួល⁣ខុសត្រូវ​របស់​កម្ពុជានិងធ្វើឱ្យការ​វិនិយោគត្រឡប់ដូច​ដើម​វិញ»⁣ ហៅកាត់​ថា​ CARI Act ដែល​សមាជិក​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ស្នើឡើង​នេះ​ នឹង​ដាក់​ទណ្ឌកម្ម​ជាច្រើន​លើ​ប្រទេស​កម្ពុជា ក្នុងនោះ​មានដាក់លក្ខខណ្ឌ​ជំនួយ​ ហាម​មិន​ឱ្យជន​ដែល​ធ្វើឱ្យខូចលទ្ធិ​ប្រជាធិបតេយ្យ​ចូលក្នុង​សហរដ្ឋ​អាមេរិក​ បង្កកទ្រព្យសម្បត្តិ​ជនដែលធ្វើ​ឱ្យ​ខូចលទ្ធិប្រជាធិបតេយ្យ ប្រឆាំង​រាល់ប្រាក់កម្ចី និង​ជំនួយ​ពី​ស្ថាប័ន​អន្តរជាតិទៅកម្ពុជា ក៏ដូចជា​ហាមឃាត់​ការ⁣លុប⁣ចោល⁣បំណុល⁣ដែល⁣កម្ពុជា⁣ជំពាក់⁣សហរដ្ឋ​អាមេរិក​ជាង​៥០០លានដុល្លារ​ផងដែរ។

លោក ណែម ឈឿង ប្រធាន​សមាគម​ក្រុង​ខ្មែរ​ក្នុង​រដ្ឋ​ចរចា ​យល់​ឃើញ​ថា ​ចំណាត់ការ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​នៅពេល​នេះ ​គឺជា​ការបង្កើន​សម្ពាធជាក់លាក់ថែមទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ បន្ទាប់ពី​វិធានការត្រជាក់កាលពីឆ្នាំ​មុន​ដែល​គ្រាន់តែ​ចេញ​ជា​សេចក្តី​ថ្លែង​ការណ៍ថ្កោល​ទោសនិង​សេចក្តីសម្រេចធម្មតា ហើយ​មិនត្រូវ​បាន​រដ្ឋាភិបាលកម្ពុជា​យកចិត្ត​ទុក​ដាក់​ធ្វើ​តាម។

«នៅពេលណាដែលគេ​គូសបន្ទាត់​ក្រហម​ហើយ​ គឺគេ​នឹង​ធ្វើ​ម៉្លោះហើយ​វាបង្ហាញ​នូវ​ឆន្ទៈរបស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​គេ​ប្តេជ្ញា​ចិត្ត​ ដើម្បី​នាំមកវិញនូវ​លទ្ធិប្រជាធិបតេយ្យ​ដែល​គេ​ជាអ្នក​ស៊ីញ៉េ​នៅលើ​កិច្ចព្រមព្រៀងប៉ារីស​មួយដែរ​។ នេះ​ជាការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក ​ប៉ុន្តែ​ងាក​ទៅរក​ស្ថានការណ៍​ស្រុក​ខ្មែរ ​ខ្ញុំ​ជឿថា​ ប្រសិន​បើ​មិន​មាន​ជំហានទីបីទេ ​ហាក់បីដូចជា​ឥទ្ធិពល​ដែល​ឃើញ​កន្លង​មក​ហ្នឹង ​គ្រាន់តែ​និយាយៗ​ គឺ​វា​អត់​បាន​ប៉ះពាល់​អីធ្ងន់ធ្ងរទេ‍»។

រូបឯកសារ៖ សមាជិកព្រឹទ្ធសភា លោក Lindsey Graham (ស្តាំ) និងលោក Dick Durbin ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានសភាអាមេរិក កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ សមាជិកព្រឹទ្ធសភា លោក Lindsey Graham (ស្តាំ) និងលោក Dick Durbin ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានសភាអាមេរិក កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។

សហគមន៍​អន្តរជាតិ ​និង​សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​គឺ​លោក​ កឹម សុខា​ ដាក់​ពន្ធនាគារតាំងពីខែ​កញ្ញា និង​រំលាយ​គណបក្ស​ប្រឆាំងដ៏ធំ​នេះ​កាលពីខែវិច្ឆិកា ​ហើយ​បាន​ស្នើ​ឱ្យ​ទាញ​សភាព​ការណ៍​មក​ដូច​ដើមវិញ ​បើមិនដូច្នេះ​ទេ​នឹង​ទទួល​ទណ្ឌកម្ម។

សហរដ្ឋ​អាមេរិក​បាន​នាំ​មុខ​ដោយ​ដាក់ទណ្ឌកម្មទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ និង​ជន​ទាំង​ឡាយណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹងការ​រំលោភសិទ្ធិ​មនុស្ស និងធ្វើ​ឱ្យ​ខូចលទ្ធិប្រជាធិបតេយ្យ។

សេចក្តី​ស្នើច្បាប់​នេះ​កំពុងតែ​ស្ថិតនៅ​គណៈកម្មាធិការ​ការបរទេស​នៃ​ព្រឹទ្ធសភា ​ហើយ​នឹង​ត្រូវ​យក​មក​ពិភាក្សា​ក្នុង​ពេលខាងមុខ ​ទៅតាម​នីតិវិធី​ធម្មតា​របស់​ព្រឹទ្ធសភា។ នេះ​បើតាម​ការ​បញ្ជាក់របស់​បុគ្គលិក​ព្រឹទ្ធសភា​ប្រាប់​វីអូអេខេមរភាសា។

លោក​ ម៉ែន វណ្ណៈ សកម្មជន​សហគមន៍​នៅទីក្រុង​ឡូវែល​រដ្ឋ​ម៉ាស្សាឈូសិត​ សង្ឃឹមថា​ សមាជិក​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​នឹង​ផ្តល់​អាទិភាព​ដល់​ច្បាប់នេះ​ផងដែរ ​ពីព្រោះតែ​ស្ថានភាព​បន្ទាន់​នៃ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំថា​ច្បាប់ដែល​ស្នើទៅ ​ខ្ញុំ​គិត​ថា​នឹង​អាច​លឿន​ ពីព្រោះនេះ​ជា​ការ​បន្ទាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​សម្រាប់​សហគមន៍​អន្តរជាតិ​ដែរ។ ដូច្នេះ​ក្នុង​កាលៈទេសៈ​មួយ​ បើសិនជា​ច្បាប់​នេះ​ធ្វើ​មិន​ទាន់​នៅពេល​នេះ ​ប៉ុន្តែ​នឹង​មាន​ប្រយោជន៍នៅពេល​ខាងមុខ​ នៅពេល​ប្រទេស​កម្ពុជា​ធ្វើការ​បោះឆ្នោត​ហើយ»។

លោក ម៉ែន វណ្ណៈ ​យល់ថា ​សេចក្តី​ព្រាង​ច្បាប់នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចាប់​អារម្មណ៍​ឡើង​វិញ​ដល់​តួនាទី និង​ការប្តេជ្ញា​ចិត្ត​របស់ខ្លួន ក្នុង​ការ​ធានា​នូវ​បូរណភាព​ទឹកដី លទ្ធិប្រជាធិបតេយ្យ​ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា។

«ច្បាប់នេះ ខ្ញុំ​ជឿថា នឹងមានប្រសិទ្ធភាព​នឹង​មាន​ឥទ្ធិពល ​ពីព្រោះ​បើសិនជា​១៨ប្រទេស​នៅក្នុង​អន្តរជាតិ​ដែល​បាន​ចុះហត្ថលេខាហ្នឹង ​ធ្វើការ​កោះប្រជុំមួយ​នៅអង្គការ​សហប្រជាជាតិ​ ខ្ញុំ​គិត​ថា​ប្រទេស​កម្ពុជា​នឹង​ធ្វើការ​ពិចារណា​ឡើង​វិញ​ មិនអាច​ទុក​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឯកា​នៅក្រៅប្រព័ន្ធ​ច្បាប់​បាន​ទេ»។

កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស ​ត្រូវបាន​ចុះហត្ថលេខា​នៅឆ្នាំ​១៩៩១ ​ដោយភាគីជម្លោះខ្មែរ​ចំនួន​បួន និង​មានប្រទេស​ចំនួន​១៨ផ្សេងទៀត ​ដោយ​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ កិច្ចព្រមព្រៀងនេះ​មានគោលបំណង​បញ្ចប់​ជម្លោះប្រដាប់អាវុធ​រវាង​ភាគីអ្នកតស៊ូខ្មែរ​ជាមួយ​នឹង​ភាគី​ខ្មែរដែល​គាំទ្រ​ដោយ​វៀតណាម ​និង​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​ចូលក្នុង​ប្រទេស​កម្ពុជា។​

រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង​ខ្មែរ​កាណាដា​នៅ​សហរដ្ឋអាមេរិក ធ្វើមហាបាតុកម្ម​នៅ​ពី​មុខ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង​ខ្មែរ​កាណាដា​នៅ​សហរដ្ឋអាមេរិក ធ្វើមហាបាតុកម្ម​នៅ​ពី​មុខ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

សកម្មជនសិទ្ធិមនុស្ស​ខ្មែរ-​អាមេរិកាំង​ បាន​ធ្វើ​សកម្មភាព​ជាច្រើន​ក្នុងពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ដោយរៀបចំជាសន្និសីទ​ ជួបជាមួយ​នឹង​តំណាងអង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​សហរដ្ឋ​អាមេរិក និង​ធ្វើ​បាតុកម្ម​តវ៉ា​ដើម្បី​ស្នើ​ឱ្យ​ប្រទេស​ហត្ថលេខី​សើរើ និង​ពិនិត្យ​មើល​ការអនុវត្ត​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីសនេះ​ឡើង​វិញ។ ​ពួកគេ​យល់​ថា ​ការអនុវត្ត​កន្លងមកនេះ​មិន​បាន​ត្រឹមត្រូវ​ទេ។

លោក គុជ ចាន់លី​ អ្នកវិភាគ​ឯករាជ្យ​នៅរដ្ឋ​ម៉ារីឡែន​ យល់​ថា ​សេចក្តីព្រាងច្បាប់ CARI Act ​នេះ​គឺ​ជា​ចេតនា​មួយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀងនេះ​ ក្នុងការឆ្លើយ​តប​នឹង​ការអំពាវនាវ​របស់​សហគមន៍ខ្មែរ។

«យើង​សង្កេតឃើញថា ​សេចក្តីសង្ឃឹម​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ​នឹង​ឃើញ​ពន្លឺ​ឡើងវិញហើយ ​ដោយ​សារតែ​សហរដ្ឋ​អាមេរិក​ដែល​ជា​ម្ចាស់​ហត្ថលេខី​មួយ​នៅក្នុង​កិច្ចព្រមព្រៀង​នេះ ​គេ​បាន​ធ្វើ​សកម្មភាព។ វាសមស្រប​ទៅនឹង​សេចក្តី​តម្រូវ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ដែល​ថា ​ឱ្យ​រដ្ឋាភិបាល​នៃ ប្រទេស​ណាមួយ​ក្នុង​ចំណោមប្រទេស​ចុះហត្ថលេខា​ហ្នឹង​នឹង​ធ្វើ​សកម្មភាព។ នេះ​ហើយ​ជា​ការចង់​បាន។ នេះ​ហើយ​ជា​សេចក្តី​សង្ឃឹម ​និង​ជាការយល់​សុបិន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំងនៅក្នុង​ប្រទេស​ទាំងនៅក្រៅប្រទេស‍»។

សេចក្តីព្រាង​ច្បាប់ CARI Act ​នេះ​មានគោល​បំណង​ទាញ​យក​ប្រទេសកម្ពុជា​ឱ្យ​ដើរតាម​លំនាំ​ប្រជាធិបតេយ្យ​វិញ​ ដោយ​រៀបចំការបោះឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ ​ហើយ​មានគណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម។ ប៉ុន្តែសម្រាប់​លោក​ គុជ​ ចាន់លី ​លោកយល់​ថា ​សហរដ្ឋ​អាមេរិក​គួរ​តែ​ផ្តោតលើ​ការ​អនុវត្ត​ការដាក់​ទណ្ឌកម្មនេះ​នៅ​ក្រោយ​ពីការបោះឆ្នោត​ជាតិវិញដោយសារតែដំណើរការ​បោះឆ្នោត​លើកនេះមិន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្តង់ដា​ប្រជាធិបតេយ្យ​ទេ។

«សហរដ្ឋ​អាមេរិក​បាន​ដឹង​រួចមកហើយ​ថា ​ជាការបោះឆ្នោត​មួយ​មិនអាច​ទទួល​ស្គាល់​បាន​ទេ ​ហើយ​ប្រទេស​មហាអំណាច​ទាំងអស់​គេ​មិនទទួល​ស្គាល់​លទ្ធផលនៃ​ការ​បោះឆ្នោត​នេះ​ទេ ​ពីព្រោះ​ការបោះឆ្នោត​នេះ​បាន​បង្ហាញ​បែបបទខុស​ទំនង ​ខុស​លក្ខណៈសេរី និង​យុត្តិធម៌​តាំងពីដើមទីរួចមកហើយ។ តាំងពីបង្កើតច្បាប់​បំបិទសិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​រិះគន់​រដ្ឋាភិបាល។ នេះ​ជាការរំលោភលើ​សិទ្ធិ​មនុស្ស ​ហើយ​ជា​ការ​ផ្ទុយជាមួយ​នឹង​ឆន្ទៈ​សេរី ​និង​យុត្តិធម៌​នៅក្នុង​ពេល​បោះឆ្នោត​ ហើយ​ម្យ៉ាងទៀត​ ការណ៍ដែល​បេក្ខជន​នៅក្នុង​គណបក្ស​មួយ​ គឺ​គណបក្ស​កាន់​អំណាច​យក​លុយ​កាក់​ដាក់ស្រោម​សំបុត្រ​ទៅដើរចែក​តាម​ផ្លូវ​តាម​ទីផ្សារ​ ដូច្នេះ​ហើយ​ការទិញ​ឆន្ទៈម្ចាស់​សន្លឹកឆ្នោត​ហ្នឹង ​គឺជា​ភស្តុតាង​បញ្ជាក់​ថា​ ការបោះឆ្នោត​ហ្នឹង​អត់​ប្រកប​ទៅដោយ​សេរី​និង​យុត្តិធម៌​ទេ»។​

​ក្រោយពីចូលជាធរមាន​សេចក្តីព្រាង​ច្បាប់​នេះ​ នឹង​តម្រូវឱ្យរដ្ឋមន្ត្រី​ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិកធ្វើ​របាយការណ៍​ជារៀងរាល់​បីខែ​ម្តង​មក​ឱ្យ​ព្រឹទ្ធសភា​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បើទោះបីជា​ស្ថានភាព​នយោបាយ​កម្ពុជាបាន​ប្រសើរឡើង​ ក្រោយ​ការ​បោះឆ្នោតជាតិ ​ដែល​ប្រទេស​កម្ពុជា​គ្រោង​រៀបចំនៅថ្ងៃទី​២៩ ខែកក្កដា​ ​ឆ្នាំនេះ​ក៏​ដោយ។ ​

សេចក្តី​ព្រាង​ច្បាប់ CARI Act ​នេះ​ក៏​អនុញ្ញាត​ឱ្យ​បង្កើត​កម្មវិធី​ជាភាសា​ខ្មែរ​ឱ្យ​បាន​ច្រើនតាមភាព​ចាំបាច់​សម្រាប់​ផ្សាយ​តាម​បណ្តាញ​អីុនធឺណិត​ ដើម្បីបង្ហាញ​ និង​អប់រំពលរដ្ឋកម្ពុជា​ពីតួនាទី​របស់​ប្រទេស​ចិន​ក្នុង​ការ​គាំទ្រ​របបខ្មែរ​ក្រហម ​និង​តួនាទី​របស់​សហគមន៍​អន្តរជាតិ​ ជាពិសេស​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ព្រមទាំង​ផ្តល់​ជំនួយអភិវឌ្ឍន៍កម្ពុជា​ពីឆ្នាំ​១៩៩១ ដល់​២០១៧ ​ស្របតាម​ស្មារតីនៃកិច្ច​ព្រមព្រៀង។

លោកស្រី​ មូរ សុខហួរ​ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​រស់នៅនីរទេស​ខ្លួន​ក្រៅ​ប្រទេស​យល់​ថា ​ការដែល​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​យក​ចាប់ផ្តើមពង្រឹង​យន្តការ​អនុវត្តកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ គឺជា​ការ​ត្រឹម​ត្រូវ ​ពីព្រោះចាប់តាំងពី​ចុះហត្ថលេខា​មកសហប្រធាន​កិច្ចព្រមព្រៀង​នេះ​មិន​ដែល​ពិនិត្យ​មើល​លើ​ការអនុវត្ត​ទេ។

លោកស្រី មូរ សុខហួរ ​បាន​បន្ថែម​ប្រាប់​វីអូអេ​តាម​សារអេឡិកត្រូនិក​ថា៖

«ប្រទេសកម្ពុជា​មានវិបត្តិ​ធ្ងន់ធ្ងរ​ ហើយ​វា​ជាការ​សំខាន់ ​និង​ទាន់​ពេល​វេលា ​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ស្នើឡើង។ វាមិនទាន់​យឺតពេលទេ។ គណបក្ស​សង្គ្រោះជាតិ​ និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ​និង​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​បន្ត​ជឿ​ជាក់​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ សេចក្តីព្រាងច្បាប់នេះ​នឹង​ផ្តល់​កិត្តិយស​ដល់​ឆន្ទៈ​ពលរដ្ឋ⁣ ដែល​ចង់​បាន​ដំណើរការ​ពិតប្រាកដ​ឈានទៅ​សន្តិភាព ​ដែល​មានចែង​ក្នុង​កិច្ច​ព្រមព្រៀង»។

រូបឯកសារ៖ កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​សក្ខីកម្ម​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក នៅរដ្ឋធានីវ៉ាសីុនតោន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
រូបឯកសារ៖ កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​សក្ខីកម្ម​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក នៅរដ្ឋធានីវ៉ាសីុនតោន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

ជារឿយៗ មន្ត្រីរដ្ឋាភិបាល​កម្ពុជា​តែងតែប្រាប់អ្នកគាំទ្រ​របស់​ខ្លួន​ថា ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​បាន​ស្លាប់​ហើយ ដោយជំនួស​មកវិញ​នូវ​រដ្ឋ​ធម្មនុញ្ ញ​និង​ការបង្កើត​រដ្ឋាភិបាល​ស្រប​ច្បាប់មួយ​ក្រោយការបោះឆ្នោតជាតិឆ្នាំ​១៩៩៣​។

ប៉ុន្តែ កញ្ញាកឹម មនោវិទ្យា ​អគ្គនាយករងកិច្ចការសាធារណៈនៃ​គណបក្ស​សង្គ្រោះជាតិ​បាន ​បញ្ជាក់ប្រាប់ ​VOA ក្នុង​បទសម្ភាស​ពិសេស​មួយថា​ ការរីកចម្រើន​សេដ្ឋកិច្ច​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ​ គឺ​ជាសក្ខីភាព​ដែល​បាន​មក​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​ជាកាតព្វកិច្ច​របស់​ប្រទេស​ហត្ថលេខី។

«កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មិនទាន់​ស្លាប់​ទេ​ ដោយហេតុដូច្នេះ​ហើយ​បាន​ជា​សហគមន៍​អន្តរជាតិដែល​យើង​ឃើញ​ប្រទេស​មួយចំនួន​នៅតែ​បំពេញ​កាតព្វកិច្ច​ក្នុងការ​ជួយ​ជំនួយ​ជាច្រើន​ទៅដល់​ប្រទេស​កម្ពុជា​ ឧទាហរណ៍​ដូច​ជាការអនុគ្រោះពន្ធក៏ជាលទ្ធផល​មួយ​នៃ​កិច្ច​ព្រមព្រៀង​ទៅក្រុង​ប៉ារីស​ដែរ​ទាំងពីសហរដ្ឋ​អាមេរិកក្តី ​ទាំងពី​សហភាព​អឺរ៉ុប​ក្តី»។

​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​មិន​យល់​ស្រប​ទេ លោក​បាន​ប្រាប់​ដល់​ពលរដ្ឋ​នៅក្នុង​ខេត្ត​កំពត​ក្នុង​ពេល​កន្លង​មក​ថា ​អ្នក​ដែលយល់​ថា​កិច្ច​ព្រមព្រៀង​នេះ​ជួយ​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច គឺជា​ការ​យល់​ខុស។

លោក ​ហ៊ុន សែន ​បាន​បន្ថែមថា៖

«កុំថា​កិច្ចព្រមព្រៀង​ប៉ារីស ​អ្នកនាំ​សេដ្ឋកិច្ច​ផ្សារ​មក​ឱ្យ​កម្ពុជា​ឱ្យ​សោះ។ សូមកុំនិយាយ​អាធន់​ហ្នឹង។ នេះ​ជាការនិយាយខុស»។​

អ្នកនយោបាយ​គណបក្ស​សង្គ្រោះជាតិ ក៏ដូចជាសកម្មជនខ្មែរអាមេរិកាំងខ្លះ​ ​នៅតែ​មាន​សុទិដ្ឋិ​និយមថា​ ​អ្នកនយោបាយ​ខ្មែរ​នឹង​អាច​ស្វែង​រក​វិធី​ដោះស្រាយជាមួយ​គ្នា ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយដោយមិន​ធ្វើ​ឱ្យ​កិត្តិយស​ប្រទេស​កម្ពុជា​ធ្លាក់​ចុះកាន់តែ​ខ្លាំង ដែល​ឈាន​ទៅ​ខាត​ផល​ប្រយោជន៍​ជាតិ។

លោក​ ណែម ឈឿង​ ប្រធាន​សមាគមក្រុង​ខ្មែរក្នុង​រដ្ឋ​ចរចា​បាន​បន្ថែម​ថា៖​

«ស្ថានការណ៍ស្រុកខ្មែរ​មិនអាចព្រលែង​ទៅទៀតបាន។ ខ្ញុំ​ថា​ត្រូវ​តែ​នាំគ្នា​វិល​មក​តុ​ចរចា ​ដើម្បី​និយាយ​គ្នា​ បើសិនជា​មិន​និយាយ​គ្នា​ខាងរដ្ឋាភិបាល​ខាតកាន់តែធ្ងន់ទៅបាក់​មុខ​បាក់​មាត់​កាន់តែធ្ងន់ទៅ ​ហើយ​បក្ស​ប្រឆាំង​ក៏ខាត​ធ្ងន់ ហើយ​មិន​មាន​ឱកាស​ក្នុងការ​ផ្តល់​នូវ​កិច្ច​សន្យា​ដែល​ខ្លួន​បាន​សន្យា​ទៅ​សហគមន៍​អន្តរជាតិ​ ដើម្បី​បំពេញ​តួនាទីជាអ្នក​តស៊ូ​មតិ​ដើម្បី​សេរីភាព​ជូន​ប្រទេស​កម្ពុជា»។​

បើទោះបីជាការចរចា​អាច​ធ្វើ​បាន ​ឬ​មិន​បាន ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយដែល​កំពុង​តែ​កើត​មាន​នៅ​ប្រទេស​កម្ពុជាឱ្យ​បានមុន​ការបោះឆ្នោត​ឆ្នាំនេះក្តី ក៏​សេចក្តី​ព្រាងច្បាប់​ CARI Act ​នេះ​គឺជា​ការបង្ហាញ​ចេតនា​របស់​សហរដ្ឋ​អាមេរិក ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​យ៉ាងរហ័សសម្រាប់​កម្ពុជា៕

XS
SM
MD
LG