ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន៖ គម្រោង​កសាង​ពិភពលោក​ជាថ្មី​ឲ្យ​ប្រសើរ នឹង​ចាប់ផ្តើម​គម្រោង​៥០


រូបឯកសារ៖ បន្ទះស្រូប​ពន្លឺ​ព្រះអាទិត្យ និង​ឧបករណ៍​ផ្សេងទៀត​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​សហគមន៍​នៅ​តំបន់​ភ្នំខ្ពស់​នៅប្រទេសហ្ស៊កហ្ស៊ី ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ីនធឺណិត Wi-Fi ដែល​បាន​ដំឡើង​ដោយ​អង្គការ​ដៃគូ USAID។
រូបឯកសារ៖ បន្ទះស្រូប​ពន្លឺ​ព្រះអាទិត្យ និង​ឧបករណ៍​ផ្សេងទៀត​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​សហគមន៍​នៅ​តំបន់​ភ្នំខ្ពស់​នៅប្រទេសហ្ស៊កហ្ស៊ី ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ីនធឺណិត Wi-Fi ដែល​បាន​ដំឡើង​ដោយ​អង្គការ​ដៃគូ USAID។

មន្ត្រី​សេតវិមាន​កំពុង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ផ្តោត​ការគិតគូរ​ពី​ការ​អភិវឌ្ឍ និង​កំពុង​សិក្សា​នៅគ្រប់​ទិសទី​នៃ​ពិភពលោក​ដើម្បី​កំណត់​គម្រោង​ចំនួន​៥០​ដែល​ផ្តោតលើ​ប្រធានបទ​ដូចជា​ អាកាសធាតុ ​សុខភាព ​បច្ចេកវិទ្យាឌីជីថល ​និង​សមភាព​យេនឌ័រ។

លោក Daleep Singh ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​ទទួល​បន្ទុក​សេដ្ឋកិច្ច​អន្តរជាតិ​ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ថ្មីៗ​នេះ​នៅ​អាហ្រ្វិក​ខាងលិច​ ដោយ​ទៅ​ទស្សនា​ប្រទេស​ហ្គាណា​និង​សេណេហ្គាល់​ ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​កសាង​ពិភពលោក​ឡើងវិញ​ឲ្យ​ប្រសើរ (Build Back Better World)​ របស់​លោកប្រធានាធិបតី​ Joe Biden ​ដែល​ត្រូវ​បានគេ​ស្គាល់​ថា B3W ។

លោក Biden ​បាន​បង្ហាញ​ផែនការ​នេះ​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​ឧស្សាហកម្ម​ធំៗ​ទាំង៧ (G-7)​ ​នៅ​ខែមិថុនា​ ដោយ​មាន​គោលដៅ​បង្កើត​«ភាពជាដៃគូ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ជំរុញ​ដោយ​តម្លៃ ​ស្តង់ដារ​ខ្ពស់​ និង​តម្លាភាព»​ដើម្បី​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នានា​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

រូបឯកសារ៖ កុមារ​នៅ​ប្រទេស​បូលីវី ចូលរួម​ក្នុង​កម្មវិធី​កីឡា​សកល​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​មាន​គោលបំណង​ផ្តល់​សិទ្ធិ​អំណាច​ដល់​កុមារី​តាម​រយៈ​កីឡា​បាល់ទាត់ នៅ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ កុមារ​នៅ​ប្រទេស​បូលីវី ចូលរួម​ក្នុង​កម្មវិធី​កីឡា​សកល​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​មាន​គោលបំណង​ផ្តល់​សិទ្ធិ​អំណាច​ដល់​កុមារី​តាម​រយៈ​កីឡា​បាល់ទាត់ នៅ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

«នេះ​គឺជា​វគ្គស្តាប់​យោបល់​នៃ ​B3W​ លើកដំបូង​នៅក្នុង​ទ្វីបអាហ្រ្វិក​ ដែល​បង្ហាញពី​ការប្តេជ្ញាចិត្ត​របស់​លោក​ប្រធានាធិបតី​ Biden ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​របស់​យើង​នៅក្នុង​តំបន់​ និង​ដើម្បី​បង្រួម​គម្លាត​សកល​លើ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត​ ឌីជីថល ​និង​មនុស្ស​ដែល​ត្រូវបាន​ពង្រីក​ដោយ​ជំងឺ​រាតត្បាត​ COVID-19»។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​លោកស្រី Emily Horne ​ដែល​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ក្នុង​សប្តាហ៍​នេះ។

វគ្គស្តាប់​យោបល់​នៅក្នុង​ទ្វីបអាហ្រ្វិក​បានធ្វើឡើង​បន្ទាប់ពី​ដំណើរ​ស្រដៀងគ្នា​ដែល​លោក Singh​ បានដឹកនាំ​នៅក្នុង​ខែតុលា ​នៅពេល​ដែល​លោក​បានដឹកនាំ​គណៈ​ប្រតិភូ​អន្តរទីភ្នាក់ងារ​ទៅកាន់​ប្រទេស​កូឡុំប៊ី ​អេក្វាទ័រ​ និង​ប៉ាណាម៉ា។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​លោក Biden​ បាននិយាយ​ថា ​បន្ទាប់មក​លោក​Singh​នឹង​ងាកមក​តំបន់​អាស៊ីអាគ្នេយ៍។ មន្ត្រី​រូប​នេះ​បាន​និយាយ​ថា ​រហូត​មកដល់​ពេលនេះ​ គណៈប្រតិភូ​បាន​សម្គាល់​គម្រោង​ចំនួន​៥០​នៅក្នុង​ប្រទេស​ទាំងប្រាំ​នោះ។ មន្ត្រី​រូប​នេះ​មិន​បាន​ផ្តល់​ការ​ប៉ាន់​ប្រមាណ​តម្លៃ​ទេ ប៉ុន្តែ​បាន​រៀបរាប់​ពី​គម្រោង​មួយ​ចំនួន។

មន្ត្រី​ជាន់ខ្ពស់​រូបនោះ​បាន​និយាយ​ថា៖ «ឧទាហរណ៍ ​លើ​បញ្ហា​អាកាសធាតុ​ យើង​មាន​ការពិភាក្សា​មួយ​ចំនួន​អំពី​របៀប​ដែល​យើង​អាច​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ថាមពល​ដែល​ផលិត​ឡើងវិញ​បាន​នៅក្នុងផ្នែក​ថាមពល​ពន្លឺព្រះអាទិត្យ​ វារីអគ្គិសនី ​និង​ខ្យល់។ ក៏មាន​គម្រោង​ដែល​អាច​ជួយកាត់​បន្ថយ​អត្រា​នៃការកាប់​បំផ្លាញ​ព្រៃឈើ ​ដែល​បង្កើត​ល្អាង​កាបូន​និង​ជួយ​ប្រទេស​ទាំងនេះ​បំពេញ​តាមគោលដៅ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​របស់​ពួកគេ»។

អ្នកវិភាគ​ជាច្រើន​មើលឃើញ​ថា​គំនិត​ផ្តួចផ្តើម​នេះ​ជា​ការទប់ទល់​ទៅនឹង​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​រាប់​លាន​លាន​ដុល្លារ​របស់​ទីក្រុង​ប៉េកាំង។ កម្មវិធី​អភិវឌ្ឍន៍​អន្តរជាតិ​នោះ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅអាស៊ី ​អាហ្រ្វិក ​និង​អាមេរិកឡាទីន​ ហើយ​បានចូល​ទៅ​ដល់​អឺរ៉ុប​ផងដែរ។

រូបឯកសារ៖ កម្មករ​ត្រូវ​បាន​បណ្តុះបណ្តាល​ឲ្យ​ចេះ​ដំឡើង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​នៅ​គ្លីនិក​សុខភាព​ក្នុង​ប្រទេស​រវ្វ៉ាន់ដា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១០។
រូបឯកសារ៖ កម្មករ​ត្រូវ​បាន​បណ្តុះបណ្តាល​ឲ្យ​ចេះ​ដំឡើង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​នៅ​គ្លីនិក​សុខភាព​ក្នុង​ប្រទេស​រវ្វ៉ាន់ដា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១០។

សម្រាប់​តែ​ប្រទេស​ប្រជាធិបតេយ្យ

ហើយ​ខណៈពេល​ដែល​ប្រទេស​ចិន​ប្រកាន់​ជំហរ​យ៉ាងម៉ឺងម៉ាត់​ប្រឆាំង​នឹង​ការថ្លឹងថ្លែង​លើ​នយោបាយ​នៃ​ប្រជាជាតិ​ដែល​ទទួល​ដោយ​បាន​ធ្វើឱ្យ​ការវិនិយោគ​ទុន​របស់​ចិន​ទាក់ទាញ​ជាពិសេស​សម្រាប់​ប្រទេស​ដែល​មាន​ប្រវត្តិ​សិទ្ធិមនុស្ស​អាក្រក់​និង​កម្រិត​នៃ​អំពើ​ពុករលួយ​ខ្ពស់​ គំនិត​ផ្តួចផ្តើម​របស់​លោក Biden ​កំណត់នូវ​ភាពខុសគ្នា។

មន្ត្រី​រដ្ឋបាល​លោក Biden ​បាន​និយាយ​ថា៖ «លោកប្រធានាធិបតី​បានស្នើ​ឱ្យ​យើង​បង្កើត​គម្រោង​ទាំង​នេះ​ដោយ​យក​តម្លៃ​ប្រជាធិបតេយ្យ​របស់​យើង​ដាក់នៅ​ខាងមុខ​និង​ជា​ចំណុច​កណ្តាល។ ដូច្នេះ​តម្លាភាព ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ​ ការចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដើម្បីឱ្យអត្ថប្រយោជន៍​ត្រូវបាន​រីករាលដាល​នៅ​គ្រប់​វិស័យ​ទាំងអស់ ​ហើយ​ថែមទាំង​មាន​និរន្តរភាព​ ដោយ​មិនមាន​ការភ្ជាប់ចំណង​ទេ»។

ប៉ុន្តែ​អ្នក​រិះគន់​និយាយ​ថា​ នេះ​អាច​ជា​ចំណុច​ខ្សោយ។

លោក Marc Mealy អនុប្រធាន​ជាន់ខ្ពស់ផ្នែក​គោលនយោបាយ​នៅ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន​បាន​និយាយ៖ «វា​នឹង​ពិបាក​ក្នុង​ការបង្កើត​មនោសញ្ចេតនា​នៅក្នុង​ការផ្សព្វផ្សាយ​ទៅ​ទីផ្សារ​អន្តរជាតិ​ថា​គម្រោង​ស្តារ​ពិភពលោក​ជាថ្មី​ឡើង​វិញ (BBBW)​ គឺជា​វិធីសាស្រ្ត​ជំនួស​ដែល​អាច​រស់បាន​ និង​គួរឱ្យ​ទុកចិត្ត​បាន​ផ្នែកពាណិជ្ជកម្ម​ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់គម្រោង​នានា ប្រសិនបើ​វា​ត្រូវបាន​គេ​មើលឃើញ​ថា​មានតែ​ប្រទេស​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំណត់​ថា​មាន​លទ្ធិ​«ប្រជាធិបតេយ្យ»​ នឹង​មាន​សិទ្ធិ​ចូលរួម​បាន»។

លោក ​Dalibor Rohac អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង​ក៏បាន​និយាយ​ផងដែរ​ថា​ការបង្ហាញ​ចំណូលចិត្ត​ចំពោះ​តែ​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​អាច​នាំឱ្យ​មាន​បញ្ហា។

លោក​បាន​ប្រាប់ VOA ថា​៖ «​ការ​សង្កត់ធ្ងន់​លើ​លទ្ធិប្រជាធិបតេយ្យ​អាច​ជា​រឿង​ល្អ​និង​មាន​តម្លៃ។ ប៉ុន្តែ​វា​ប្រហែលជា​មិនមែន​ជា​ការកំណត់​ដ៏​ល្អ​បំផុត​ទេ​ ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​កសាង​ទំនាក់​ទំនង​ និង​កសាង​សម្ព័ន្ធភាព​ទូលំទូលាយ​មួយ​ចំនួន ​ដើម្បី​ទប់ទល់នឹង​ឥទ្ធិពល​របស់​ចិន ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ដែល​តម្រូវឲ្យ​ អ្នក​ត្រូវ​ធ្វើការងារ​ជាមួយ​ប្រទេស​ដែល​ខ្វះខាត​ ស្តង់ដារ​ប្រជាធិបតេយ្យ​សេរីនិយម​បែប​លោកខាងលិច»។

គ្រប់យ៉ាង​មាន​នៅក្នុង​សេចក្តី​លម្អិត

ប៉ុន្តែ ​អ្នកវិភាគ​និយាយ​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការផ្សព្វផ្សាយ​អំពី​ការខិតខំ​ជំរុញ​របស់​អាមេរិក​គឺ​ការខ្វះ​ព័ត៌មាន​លម្អិត។

នៅ​ពេល​សួរ​ថា តើ​លោក​មាន​ការ​រិះគន់​គម្រោង​នេះ​ដែរ​ឬ​ទេ លោក Mealy​ ឆ្លើយ​យ៉ាង​សាមញ្ញ​ថា៖ «មិន​អាច​រិះគន់​គម្រោង​ដែល​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ»។

លោក Rohac ​បាន​និយាយ​ថា៖«វាជា​រឿង​មួយ​ដែល​ត្រូវ​និយាយ​ថា​ «អូ! ពិភពលោក​ត្រូវការ​ ថវិកា​៤០​លាន​លាន​ដុល្លារ​សម្រាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ហើយយើងនឹងជួយ»។

​លោក​បាន​បន្ថែម​ថា៖ «ការណ៍​នេះ​ដូចជា​ថា​តើវា​ត្រូវ​កំណត់​បញ្ចូល​ទៅក្នុងការសម្រេចចិត្ត​ផ្តល់មូលនិធិ​ជាក់លាក់ ការសម្រេចចិត្ត​ប្រាក់កម្ចី​ជាក់លាក់​យ៉ាងណា​ តំបន់ណា និង​ប្រទេស​ណា ​វិស័យណា គឺ​វា​នៅ​តែ​ស្រពិចស្រពិល​នៅឡើយ។ ហើយ​សំខាន់​បំផុត​ ថា​តើ​នេះ​គ្រាន់តែ​ជា​ល្បិចកល​ ឬ​តើនឹង​មាន​ធនធាន​ពិតប្រាកដ ដែល​ប្រទេស​នានា​ដាក់​នៅ​ពីក្រោយ​ទេ?

ពិធី​សម្ពោធ​ B3W ​ជាផ្លូវការ​ត្រូវបានគ្រោង​ធ្វើ​នៅដើមឆ្នាំ​ក្រោយ​ ហើយនឹង​រួមបញ្ចូល​ព័ត៌មាន​លម្អិត​អំពី​គម្រោង​នានា៕

ប្រែសម្រួលដោយលោក ម៉ែន គឹមសេង

XS
SM
MD
LG