មន្ត្រីអ៊ីរ៉ាក់ជាន់ខ្ពស់មួយរូបនិយាយថា កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានរំដោះក្រុងFallujah ពីពួករដ្ឋឥស្លាមហើយ បន្ទាប់ពីការវាយលុកខាងយោធាអស់រយៈពេលមួយខែដើម្បីដណ្តើមការត្រួតត្រាក្រុងនេះ។
លោកឧត្តមសេនីយ៍ឯក Abdul-Wahab al-Saadi បាននិយាយកាលពីថ្ងៃអាទិត្យថា នៅពេលនេះក្រុង Fallujah បានត្រូវ «រំដោះទាំងស្រុង» ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ចូលត្រួតត្រាសង្កាត់ Julan ដែលជាតំបន់ចុងក្រោយបង្អស់ក្នុងក្រុងនេះ ដែលត្រូវបានត្រួតត្រាដោយពួករដ្ឋឥស្លាម។ ការបំផ្លិចបំផ្លាញក្នុងក្រុងនេះមានភាពធំធេង។
ដោយមានការគាំទ្រពីការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយស.រ.អា និងដោយមានជំនួយពីពួកជីវពលនិកាយស៊ីអ៊ីតខ្លាំងមួយក្រុម កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានធ្វើការប្រយុទ្ធយ៉ាងខ្លាំងក្លាជាច្រើនសប្តាហ៍ ដើម្បីបណ្តេញពួកយុទ្ធជនជ្រុលនិយមទាំងនោះចេញពីក្រុង។ គ្មានរបាយការណ៍ច្បាស់លាស់អំពីចំនួនជនសកម្មប្រយុទ្ធរដ្ឋឥស្លាម និងចំនួនកងកម្លាំងសន្តិសុខរដ្ឋាភិបាលអ៊ីរ៉ាក់ប៉ុន្មាននាក់ ដែលបានស្លាប់ ឬត្រូវរបួសនៅក្នុងការប្រយុទ្ធដណ្តើមយកក្រុងនេះទេ។
ដោយខ្លាចស្លាប់នៅក្នុងការបាញ់តគ្នា មនុស្ស៨៥.០០០នាក់បានចាកចេញពីក្រុងនេះ និងតំបន់នៅជុំវិញ ដែលជាចំនួនច្រើនលើសលប់ហួសពីការខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារមនុស្សធ៌មនិងរបស់រដ្ឋាភិបាលក្នុងការជួយពួកគេ។ ជនខ្ចាត់ព្រាត់ពីលំនៅដ្ឋានច្រើននាក់គ្មានជម្រកគ្រប់គ្រាន់ទេ ដោយរស់នៅក្នុងអំឡុងពេលរដូវក្តៅមានសីតុណ្ហភាព៤៥អង្សាសេ ឬខ្ពស់ជាងនេះ ជាមួយនឹងព្យុះខ្សាច់ថែមទៀតផងដែរ។
លោក Nasr Muflahi នាយកអង្គការ NRC ប្រចាំប្រទេសអ៊ីរ៉ាក់បានព្រមានថា «ពីមួយថ្ងៃទៅមួយថ្ងៃក្នុងជំរុំទាំងនេះ ស្ថានភាពរបស់ប្រជាជនដែលងាយរងគ្រោះជាងគេនឹងអាចមានភាពធ្ងន់ធ្ងរជាងមុន»។
នាយកនៃមជ្ឈមណ្ឌលសុខភាពមួយនៅ Amariyat al Fallujah ដែលជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងច្រើននាក់បានទៅជ្រកកោនបានព្រមានអំពីការខ្វះទឹកនិងអនាម័យ។
លោកនាយក Ahmed Basel បាននិយាយថា «យើងមានមនុស្សជាច្រើននាក់ ប៉ុន្តែមានបង្គន់តែពីរបីប៉ុណ្ណោះ។ មានគ្រួសារមួយជ្រកកោនរៀងរាល់ចម្ងាយ៥ម៉ែត្រ»៕