ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនិយាយថា យុទ្ធនាការជាប្រព័ន្ធដើម្បីរំលោភ ដាក់ជាទាសករ និងសម្លាប់ដែលប្រព្រឹត្តដោយជនសកម្មប្រយុទ្ធ ISIS ឬក្រុមរដ្ឋឥស្លាមមកលើជនជាតិយ៉ាហ្ស៊ីឌីស គឺមានទំហំស្មើនឹងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរីបានចេញរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះដោយរៀបរាប់លម្អិតពីយុទ្ធនាការដោយចេតនាមួយរបស់ក្រុមអាយស៊ីសដើម្បីលុបបំបាត់ជនជាតិយ៉ាហ្ស៊ីឌីសដែលមានភាគច្រើនរស់នៅជុំវិញទីក្រុង Sinjar ប្រទេសអ៊ីរ៉ាក់។
លោក Paulo Pinheiro ប្រធានគណៈកម្មការនេះបាននិយាយបន្ថែមថា៖
«អំពើប្រល័យពូជសាសន៍នេះបានកើតមានឡើងនិងកំពុងតែនៅកើតមាននៅឡើយទេ។ ក្រុមISIS បានប្រព្រឹត្តអំពើសាហាវយង់ឃ្នងដ៏គួរឱ្យខ្លាចមកលើស្ត្រី កុមារនិងបុរសជនជាតិយ៉ាហ្ស៊ីឌីសគ្រប់ៗរូបដែលពួកគេចាប់បាន»។
អ្នកប្រយុទ្ធរបស់ក្រុម ISIS បានសម្រុកចូលទៅក្នុងទីក្រុង Sinjar ក្នុងខែសីហាឆ្នាំ២០១៤ ដោយបានសម្លាប់ជនជាតិយ៉ាហ្ស៊ីឌីសរាប់រយនាក់ក្នុងនោះ មានការសម្លាប់ដោយមិនកាត់ទោសលើបុរសនិងកុមារាដែលបដិសេធមិនព្រមប្តូរមកកាន់សាសនាឥស្លាមវិញ។ អ្នកដែលបានគេចចេញពីអំពើហិង្សាដំបូងៗបានរត់ឡើងលើភ្នំ Sinjar ហើយត្រូវក្រុមសកម្មប្រយុទ្ធហ៊ុំព័ទ្ធនិងត្រូវតស៊ូរស់ដោយខ្វះខាតស្បៀងអាហារ ទឹក និងថ្នាំពេទ្យ។
ការវាយប្រហារនោះបានជំរុញឱ្យអង្គការសហប្រជាជាតិបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយក្រុមចម្រុះប្រឆាំងនឹងគោលដៅក្រុម ISIS ដោយអាទិភាពដំបូងគឺដើម្បីរំដោះជនជាតិយ៉ាហ្ស៊ីឌីសដែលបានជាប់នៅទីនោះ។
អង្គការសហប្រជាជាតិនិយាយថាក្រុម ISIS នៅតែរក្សាស្ត្រី និងកុមារជាង៣២០០នាក់នៅឡើយ ដោយស្ត្រីទាំងនោះត្រូវបានគេទុកធ្វើជាស្ត្រីបម្រើផ្លូវភេទ និងក្មេងប្រុសៗត្រូវគេអប់រំធ្វើជាអ្នកប្រយុទ្ធថ្មីសម្រាប់ក្រុមពួកគេ។ របាយការណ៍នោះបានលើកឡើងពីករណីកុមារី ដែលបានធ្វើអត្តឃាតដើម្បីគេចចេញពីការលក់ដូរទៅឱ្យក្រុម ISIS និងនិយាយថាអ្នកដែលព្យាយាមរត់គេចខ្លួនទទួលរងអំពើហិង្សាធ្ងន់ធ្ងររួមទាំងការវាយដុំនិងការរំលោភបូក៕