នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោកស្រី Theresa May បានថ្លែងថា លោកស្រីនឹងចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ បន្ទាប់ពីលោកស្រីបានទទួលបរាជ័យដល់ទៅបីដង ដើម្បីបញ្ជុះបញ្ជូលឲ្យពួកសមាជិកសភាគាំទ្រកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបរបស់លោកស្រីឬហៅកាត់ថា Brexit។
លោកស្រី May បាននិយាយទាំងអួលដើមកថា៖ «ឥឡូវនេះវាបង្ហាញឲ្យខ្ញុំដឹងយ៉ាងច្បាស់ថា អ្វីដែលល្អបំផុតសម្រាប់ប្រទេសគឺគួរតែមាននាយករដ្ឋមន្រ្តីថ្មីមកដឹកនាំកិច្ចប្រឹងប្រែងនេះ។ ដូច្នេះនៅថ្ងៃនេះខ្ញុំសូមប្រកាសថា ខ្ញុំនឹងចុះចេញពីតំណែងជាមេដឹកនាំគណបក្សនៅត្រឹមថ្ងៃសុក្រទី៧ខែមិថុនាខាងមុខ»។
គណបក្សនឹងចាប់ផ្តើមដំណើរការជ្រើសរើសមេដឹកនាំថ្មី ហើយអ្នកដែលត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានគណបក្សនឹងត្រូវឡើងធ្វើជានាយករដ្ឋមន្រ្តីថ្មីនៅសប្តាហ៍បន្ទាប់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រីនៅខាងក្រៅការិយាល័យនាយករដ្ឋមន្រ្តី Downing Street លោកស្រី May បានថ្លែងថាវាគឺជាវិប្បដិសារីខ្លាំងបំផុតសម្រាប់លោកស្រី ដោយសារតែលោកស្រីគ្មានលទ្ធភាពបង្កើតកិច្ចព្រមព្រៀងស្តីពីការចាកចេញនេះបាន។
ការលាចេញពីតំណែងរបស់លោកស្រី May ធ្វើឲ្យមានការប្រកួតប្រជែងសម្រាប់តំណែងនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអង់គ្លេស។ លោកស្រីបានថ្លែងថា លោកស្រីសូមជូនពរឲ្យនាយករដ្ឋមន្រ្តីថ្មីជោគជ័យនៅក្នុងការងារដែលលោកស្រីបានបរាជ័យ៕