នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោកស្រី Theresa May កាលពីថ្ងៃអង្គារបានថ្លែងថា លោកស្រីនឹងអនុញ្ញាតឲ្យសមាជិកសភាធ្វើការបោះឆ្នោតដើម្បីសម្រេចថាតើគាំទ្រឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដែលហៅកាត់ថា Brexit ដោយគ្មានកិច្ចព្រមព្រៀង ឬស្នើសុំឲ្យពន្យាពេលក្នុងការចាកចេញពីប្លុកដែលមានប្រទេសចំនួន២៨ជាសមាជិកនេះ។
រដ្ឋសភានឹងរៀបចំការបោះឆ្នោតលើកិច្ចព្រមព្រៀងរបស់លោកស្រី May នៅថ្ងៃទី១៤ខែមិនា គឺនៅពីរសប្តាហ៍មុនចក្រភពអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនាខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលលោកស្រីមិនបានទទួលការគាំទ្រពីសភាចំពោះកិច្ចព្រមព្រៀងចាកចេញពីប្លុកនេះទេ។ ហើយជាលទ្ធផល ចក្រភពអង់គ្លេសត្រូវប្រឈមនឹងការចាកចេញពីសហភាពអ៊ឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង ដែលការណ៍នេះអាចប៉ះពាល់ដល់អាជីវកម្មនិងបុគ្គលមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។
ប្រសិនបើលទ្ធផលការបោះឆ្នោតមិនទទួលបានការគាំទ្រពីសភា ដូចដែលធ្លាប់បានកើតឡើងកាលពីខែមុន រដ្ឋសភាទំនងជានឹងបោះឆ្នោតលើសំណើរសុំពន្យាពេលការចាកចេញរបស់អង់គ្លេស។ ប្រសិនបើរដ្ឋសភាបដិសេធជម្រើសទាំងពីរនេះ លោកស្រី May ថារដ្ឋាភិបាលនឹងដាក់សំណើរថាតើសភាចង់ពន្យាពេលចំពោះដំណើរការចាកចេញតាមផ្លូវច្បាប់ដូចដែលមានចែងនៅក្នុងមាត្រាទី៥០។ លោកស្រី May បានបន្ថែមថា រាល់ការពន្យាពេលណាមួយអាចធ្វើទៅបានត្រឹមចុងខែមិថុនាប៉ុណ្ណោះ។
លោកស្រី May បានថ្លែងទៅកាន់សភាថា «ខ្ញុំមិនចង់ឲ្យមានការពន្យាពេលលើមាត្រាទី៥០ទេ។ អ្វីដែលយើងកំពុងផ្តោតខ្លាំងបំផុតគឺត្រូវមានកិច្ចព្រមព្រៀងមួយ ហើយបន្ទាប់មកត្រូវចាកចេញពីសហភាពអ៊ឺរ៉ុបត្រឹមថ្ងៃទី២៩ ខែមីនា»៕