សមាជិកសភានៃប្រទេសអង់គ្លេសមានកំណត់នឹងបោះឆ្នោតនៅថ្ងៃពុធនេះអំពីថាតើអង់គ្លេសគួរចាកចេញពីសហភាពអឺរ៉ុបដោយមិនយល់ព្រមជាមួយសេចក្តីល្អិតល្អន់នៃការចាកចេញរបស់ខ្លួនឬទេ។
លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានជំទាស់នឹងអ្វីដែលហៅថាការចាកចេញពីសហភាពអឺរ៉ុប «ដោយគ្មានកិច្ចព្រមព្រៀង» ក៏ប៉ុន្តែសមាជិកសភាបានច្រានចោលកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលលោកស្រីបានរៀបចំឱ្យមានជាមួយសហភាពអឺរ៉ុប។
សភាតំណាងរាស្ត្របានបោះឆ្នោត ៣៩១សំឡេង ទល់នឹង២៤២ ប្រឆាំងនឹងផែនការថ្មីបំផុតរបស់លោកស្រី May កាលពីថ្ងៃអង្គារដែលនាំឱ្យមានការបោះឆ្នោតនៅថ្ងៃពុធនេះ។
ប្រសិនបើក្រុមអ្នកតាក់តែងច្បាប់ច្រានចោលការចាកចេញពីសហភាពអឺរ៉ុបដោយមិនមានកិច្ចព្រមព្រៀងដែរនោះ នឹងមានការបោះឆ្នោតលើកទីបី នៅថ្ងៃព្រហស្បតិ៍អំពីថាតើនឹងសុំឱ្យសហភាពអឺរ៉ុបទុកពេលវេលាថែមទៀតហួសពីថ្ងៃកំណត់ចុងក្រោយបង្អស់ ដើម្បីរកវិធីធ្វើឱ្យមានការចាកចេញនេះដោយបែបណា។ រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបត្រូវតែយល់ព្រមដល់ការពន្យាណាមួយ។
នៅមុនបរាជ័យកាលពីថ្ងៃអង្គារ លោកស្រី May បានអង្វរសុំដល់ក្រុមសមាជិកសភាឱ្យអនុម័តកិច្ចព្រមព្រៀងដែលលោកស្រីបានធ្វើការចរចាកាលពីថ្ងៃចន្ទជាមួយលោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបសម្រាប់ «ការផ្លាស់ប្តូរពាក់ព័ន្ធនឹងផ្លូវច្បាប់» ដើម្បីធ្វើឱ្យប្រាកដប្រជាថាព្រំដែនរវាងប្រទេសអៀរឡង់ ដែលជាសមាជិកនៃសហភាពអឺរ៉ុបនិងអៀរឡង់ខាងជើងរបស់ចក្រភពអង់គ្លេសនឹងនៅតែបើកចំហនៅក្រោយការចាកចេញនេះ៕