អនាគតនៃគម្រោងចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបកាន់តែមានភាពស្រពិចស្រពិលថែមទៀត បន្ទាប់ពីរដ្ឋសភាអង់គ្លេសបានច្រានចោលកាលពីថ្ងៃពុធម្សិលមិញនូវជម្រើសចំនួន ១៦ ផ្សេងគ្នា នៃកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលនៅក្នុងការចាកចេញពីសហភាពអឺរ៉ុប ដែលត្រូវបានបដិសេធពីរដងរួចមកហើយ។
រដ្ឋសភាបានយកគម្រោងចាកចេញរបស់អង់គ្លេសពីអ្នកស្រីនាយករដ្ឋមន្ត្រី Theresa May។
សមាជិកសភាបានចាប់ផ្ដើមជជែកដេញដោលគ្នាកាលពីថ្ងៃពុធម្សិលមិញលើជម្រើសទាំង ១៦។ អ្នកចរចាបានកាត់បន្ថយជម្រើសទាំងនោះឲ្យនៅត្រឹម ៨ ដើម្បីដាក់ឲ្យបោះឆ្នោត។ ជម្រើសទាំង ៨ នេះត្រូវបានជំទាស់ទាំងអស់។
ក្នុងចំណោមជម្រើសទាំងនោះ មានជម្រើសមួយដែលតម្រូវឲ្យរក្សាចក្រភពអង់គ្លេសនៅក្នុងសហជីពគយជាមួយនឹងសហភាពអឺរ៉ុបដដែល និងជម្រើសមួយទៀតដែលតម្រូវឲ្យមានការស្ទង់មតិម្ដងទៀតអំពីការចាកចេញពីសហភាពអឺរ៉ុបនេះ។
សហភាពអឺរ៉ុបបានទុកពេលឲ្យអង់គ្លេសរហូតដល់ថ្ងៃទី ១២ ខែមេសា ខាងមុខនេះ ដើម្បីឲ្យបណ្ដាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបដឹងអំពីគម្រោងរបស់អង់គ្លេស បើមិនដូច្នេះទេ អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង ដែលករណីនេះអាចបណ្ដាលឲ្យចលាចលសេដ្ឋកិច្ច។
លោក Stephen Barclay រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាកចេញរបស់អង់គ្លេស បាននិយាយថា មូលហេតុដែលសំណើទាំង ៨ នេះមិនទទួលបានជោគជ័យ គឺជាសញ្ញាមួយទៀតដែលបង្ហាញថា គម្រោងរបស់អ្នកស្រី May គឺជាជម្រើសដ៏ល្អបំផុត។
អ្នកស្រី May បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា អ្នកស្រីនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី មុនពេលដែលអ្នកស្រីគ្រោងនឹងធ្វើ ប្រសិនបើសមាជិកសភាអនុម័តលើកិច្ចព្រមព្រៀងដែលអ្នកស្រីបានចរចាជាមួយនឹងសហភាពអឺរ៉ុប៕