នាយករដ្ឋមន្ត្រីអង់គ្លេសអ្នកស្រី Theresa May នៅថ្ងៃព្រហស្បតិ៍នេះ កំពុងព្យាយាមបញ្ចុះបញ្ចូលក្រុមមេដឹកនាំនៃសហភាពអឺរ៉ុបនៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ឲ្យយល់ព្រមចំពោះការទុកពេលឲ្យអង់គ្លេស ៣ ខែទៀត ដើម្បីគិតគូរថាតើខ្លួនត្រូវចាកចេញពីសហភាពអឺរ៉ុបតាមវិធីណាឲ្យពិតប្រាកដ។
ដើម្បីអាចចូលជាធរមានបាន បណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប ២៧ ប្រទេសផ្សេងទៀត ត្រូវតែយល់ព្រមចំពោះរឿងនេះ។ ការបោះឆ្នោតអំពីរឿងនេះទំនងជានឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។
មុនពេលអ្នកស្រី May ធ្វើដំណើរទៅចូលរួមការប្រជុំរបស់សហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ អ្នកស្រីបានស្នើតាមលិខិតមួយច្បាប់ ដែលផ្ញើទៅលោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។
ប៉ុន្តែលោក Donald Tusk បាននិយាយថា ការពន្យារពេលរយៈពេលខ្លីនេះអាចធ្វើទៅបានតែក្នុងករណីដែលរដ្ឋសភាអង់គ្លេសបោះឆ្នោតនៅសប្ដាហ៍ក្រោយ ដើម្បីអនុម័តលើកិច្ចព្រមព្រៀងចាកចេញរបស់អង់គ្លេស ដែលអង់គ្លេស និងសហភាពអឺរ៉ុបសម្រេចបានកន្លងមក ក្រោយពីចរចាអស់រយៈពេល ២ ឆ្នាំមក។
សមាជិកសភាអង់គ្លេសមិនសូវជាចាប់អារម្មណ៍ចំពោះកិច្ចព្រមព្រៀងនេះទេ ដោយបានជំទាស់ក្នុងសំឡេងជាច្រើនពីរដងរួចមកហើយ។
អ្នកស្រី May បាននិយាយកាលពីយប់ថ្ងៃពុធម្សិលមិញថា ឥឡូវនេះ សមាជិកសភាអង់គ្លេសមានជម្រើសថាតើគួរគាំទ្រកិច្ចព្រមព្រៀងរបស់អ្នកស្រី ឬក៏គាំទ្រឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង៕