ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​នៅ​​អាហ្វហ្គានីស្ថាន​សម្លាប់​មនុស្ស​១៣​នាក់


ទីតាំង​ផ្ទុះ​គ្រាប់​បែក​នៅ ខេត្ត Takhar ប្រទេស​អាហ្វហ្គានីស្ថាន។
ទីតាំង​ផ្ទុះ​គ្រាប់​បែក​នៅ ខេត្ត Takhar ប្រទេស​អាហ្វហ្គានីស្ថាន។

មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់បាន​ត្រូវ​សម្លាប់​ ហើយ​២១​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយលើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោតនៅ​ក្នុង​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​អាហ្វ​ហ្គានីស្ថាន​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍។

ពួក​មន្រ្តី​នៅ​ក្នុង​ខេត្ត ​Takhar ​បាន​និយាយ​ថា ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​ជន​ស៊ីវិល ​លើក​លែង​តែ​ប៉ូលិស​២​នាក់​ហើយ​និង​មនុស្ស​ម្នាក់​ទៀត​មក​ពី​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​អាហ្វហ្គានីស្ថាន (NDS)។

លោក​ Khalil Aseer ​អ្នកនាំ​ពាក្យ​ប៉ូលិស​ខេត្ត​ Takhar ​បាន​និយាយ​ថា គ្រឿង​ផ្ទុះ​ភ្ជាប់​ទៅ​នឹង​ម៉ូតូ​បាន​ផ្ទុះ​ខណៈ​ដែល​ហ្វូង​មនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ចូល​រួម​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោតរបស់​លោកស្រី​ Nazefa Yosufi ​បេក្ខជន​ស្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​សភា​នៅ​ពេល​ខាង​មុខ។ បេក្ខជន​រូប​នេះមិនបានទទួល​គ្រោះ​ថ្នាក់​ទេ។

ស្រ្តី​ជាង​៤០០​នាក់​កំពុង​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ ដែល​គ្រោង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​២០ ​នៅ​ខែតុលា​នេះ។​ បេក្ខជន​ជាង​២,៥០០​នាក់​កំពុង​ប្រកួត​ប្រជែងអាសនៈ២៤៩។ អាសនៈ​សភា​ចំនួន​៦៨​ត្រូវ​បាន​គេ​រក្សា​ទុក​សម្រាប់​ស្រ្តី។ រហូត​មក​ទល់​ពេល​នេះ ​មិន​មាន​ក្រុម​ណា​មួយ​អះ​អាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ទេ។​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ​ពួក​តាលីបានអាហ្វហ្គានីស្ថាន​បាន​ហៅ​ការ​បោះឆ្នោត​នេះ​ថា ​ក្លែងក្លាយ​ហើយ​ជា​ការឃុប​ឃិត​ដើម្បី​បោក​ប្រាស់​ពលរដ្ឋ​ និងធ្វើ​ឲ្យ​សម្រេចផល​ប្រយោជន៍​បរទេស​ ព្រម​ទាំង​បាន​សុំ​ឲ្យ​ពួក​អ្នក​គាំទ្រ​បង្អាក់​ដំណើរ​ការ​បោះ​ឆ្នោត​នេះ៕

XS
SM
MD
LG