ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ពីរ​ដង​​ពី​​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​អាហ្វហ្គានីស្ថាន


បុរសម្នាក់​ស្រែក​ពាក្យស្លោកប្រឆាំងនឹង​ភេរវកម្ម​ បន្ទាប់​ពី​មា​​នការ​វាយប្រហារ​គ្រាប់បែកអត្តឃាត​នៅ​ខេត្ត Nangarhar ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨។
បុរសម្នាក់​ស្រែក​ពាក្យស្លោកប្រឆាំងនឹង​ភេរវកម្ម​ បន្ទាប់​ពី​មា​​នការ​វាយប្រហារ​គ្រាប់បែកអត្តឃាត​នៅ​ខេត្ត Nangarhar ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨។

ក្រុម​មន្ត្រី​នៅ​ក្នុង​ខេត្ត Nangarhar នាផ្នែក​ខាង​កើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បាននិយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាតកាលពី​ថ្ងៃ​អង្គារ​បានកើន​ឡើង​ដល់៦៨នាក់​ហើយ​ ដោយ​មាន​ច្រើន​ជាង​តួលេខ​ពី​ពេល​មុន​ចំនួន៣២នាក់។​

ការ​វាយ​ប្រហារ​នោះបានកើតមានឡើង​នៅ​ក្នុង​ស្រុក​ដាច់ស្រយាល​ Mohmand Dara នៅ​ពេលអ្នកស្រុក​បានធ្វើបាតុកម្មនៅ​ក្នុង​ភូមិ Daka ទាមទារ​ឱ្យមាន​ការ​ដកតំណែង​ពី​មេបញ្ជាការ​ប៉ូលិសក្នុង​មូលដ្ឋាន​ម្នាក់។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ លោក Attahullah Khogyani អ្នកនាំពាក្យ​អភិបាល​ខេត្តបាននិយាយថា​ មាន​មនុស្ស១៦៥​នាក់​ទៀតបានត្រូវ​របួស​នៅក្នុងការ​ផ្ទុះ​គ្រាប់បែក​នោះ។ ក្រុមតាលីបង់​បានបដិសេធ​ថា ​ពួក​គេ​គ្មាន​ទាក់ទិន​នឹង​ការ​វាយ​ប្រហារនោះទេ។

កាលពីប៉ុន្មានម៉ោងមុន​នោះ មាន​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​សាលារៀន​ក្នុង​ក្រុង Jalalabad ដែល​ជា​ទី​រូម​ខេត្តនោះ​។ ​យ៉ាង​ហោច​ណាស់​មាន​កុមារ​ម្នាក់​បាន​បាត់បង់ជីវិត​ ហើយមាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ត្រូវរបួស​ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​អ្នកនាំ​ពាក្យម្នាក់នៃ​នាយកដ្ឋាន​សិក្សា​អប់រំ​ប្រចាំ​ខេត្ត​ ដែល​បាននិយាយ​ប្រាប់ VOA។​

គ្មាន​ការ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវដល់​ការវាយ​ប្រហារ​នៅ​ក្នុង​ក្រុង Jalalabad ទេ ដែល​នៅ​ទី​នោះការ​បំផ្ទុះ​គ្រាប់បែក​និង​ការ​ឆ្មក់វាយ​ប្រហារ​សឹងតែ​ទាំង​អស់​កាលពី​ពេល​ថ្មីៗនេះ​ប្រឆាំងនឹង​អាគារ​ស៊ីវិល​និង​អាគារ​ខាង​ការ​សិក្សា​អប់រំ​បាន​ត្រូវ​អះអាង​ទាមទារ​ដោយ​ពួក​រដ្ឋ​ឥស្លាម។

បណ្តាញពួក​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន ដែល​គេ​ស្គាល់​ថា​ ពួក​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ខេត្ត Khorasan ហៅ​កាត់ថា​ ISK-P និងក្រុមបះ​បោរតាលីបង់​បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​ពី​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​ Nangarhar ដែល​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាគិស្ថាន​ ដែល​នៅ​ជិតខាង៕

XS
SM
MD
LG