ការទទួលពួកជនភៀសខ្លួនចូលមកក្នុងប្រទេសអាមេរិកជាបញ្ហានយោបាយក្តៅមួយ។ ក៏ប៉ុន្តែការជជែកដេញដោលគ្នាមិនបានបង្អាក់ទឹកចិត្តដល់កិច្ចខិតខំប្រឹង ប្រែងខាងមនុស្សធម៌ដោយប្រជារាស្ត្រអាមេរិកាំងដែលជួយពួកជនអន្តោប្រវេសន៍ឱ្យចាប់ផ្តើមជីវភាពថ្មីទេ។ នៅសង្កាត់មួយក្នុងរដ្ឋ Maryland ប្រទេស អាមេរិក ដែលនៅទីនោះគ្រួសារក្រុមជនភៀសខ្លួនមកដល់ថ្មីៗបានត្រូវជួយដោយពួកមនុស្សដែលធ្លាប់ជាជនភៀសខ្លួន។
នាង Sahar អាយុ១១ឆ្នាំនិងបងប្អូនបង្កើតរបស់នាងកំពុងចាត់ចែងផ្ទះអាផាតមិន មួយដែលនឹងក្លាយទៅជាផ្ទះថ្មីសម្រាប់គ្រួសារជនភៀសខ្លួនមួយមកពីប្រទេសអេត្យូពី (Ethiopie)។ នាង Sahar Wasif ដែលជាអ្នកស្ម័គ្រចិត្តម្នាក់និយាយថា៖ «ខ្ញុំមកទីនេះដើម្បីជួយ។ខ្ញុំសប្បាយចិត្ត»។
នាង Sahar និងគ្រួសារនាងក៏ជាជនភៀសខ្លួនដែរ។ពួកគេមកពីប្រទេស អាហ្វហ្គានីស្ថាន (Afghanistan) កាលពីពីរបីខែមុននេះហើយរស់នៅក្នុងផ្ទះអាផាតមិន មួយនៅជិតទីនេះដែលមានគ្រឿងសង្ហារឹមគ្រប់គ្រាន់ ប្រុងប្រៀបរួចស្រេចផងដែរដើម្បីឱ្យក្រុមគ្រួសារនាងបានចូលស្នាក់នៅ ពេលគ្រួសារនាងបានមកដល់។
ពួកអ្នកស្ម័គ្រចិត្តទាំងនេះបាននិយាយថា ពួកគេចង់ផ្តល់ត្រឡប់វិញនូវអ្វីដែលពួកគេបានទទួលនៅពេលពួកគេមកដល់ប្រទេសអាមេរិក។ លោក Sajid Malik ដែលជាអ្នកស្ម័គ្រចិត្តម្នាក់ទៀតថ្លែងថា៖ «នៅពេលខ្ញុំមកដល់ទីនេះ ខ្ញុំមានការច្របូកច្របល់ក្នុងចិត្ត។នៅថ្ងៃនេះ ខ្ញុំមានអារម្មណ៍ល្អដោយបានមកជួយនៅទីនេះពីព្រោះខ្ញុំបានឆ្លងកាត់ពេលវេលាពិបាក មួយដូចនេះដែរ»។
អង្គការមិនគិតកម្រៃមួយមានឈ្មោះថា Kindworks មានមូលដ្ឋាននៅក្នុងរដ្ឋ Maryland បានចាត់ចែងកម្មវិធីឱ្យពួកជនភៀសខ្លួនមកតាំងលំនៅដ្ឋានក្នុងប្រទេសអាមេរិក។អ្នកស្រី Salma Hasan Ali ដែលជាអ្នកធ្វើការជាមួយអង្គការ Kindworks និយាយថា៖ «យើងធ្វើការជាមួយទីភ្នាក់ងារចាត់ចែងការតាំងផ្ទះសំបែងជាថ្មី។យើងបានរកឃើញពីពួកគេថាតើគ្រួសារណាមកដល់ពេលណា។បន្ទាប់មកយើងទាក់ទងនឹងពួកសមាជិកយើងហើយសុំពួកគេឱ្យជួយផ្តល់នូវវត្ថុដែលយើងត្រូវការដាក់ក្នុងផ្ទះ»។
អង្គការ Kindworks បានចាត់ចែងផ្ទះអាផាតមិន ១៧ហើយរហូតមកដល់ពេលនេះសម្រាប់ពួកជនភៀសខ្លួនមកពីប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) ប្រទេសស៊ីរីនិងប្រទេសមួយចំនួនទៀតក្នុងទ្វីបអាហ្វ្រិក។ អ្នកស្រី Alexa Clark Abdelatey ដែលជាអ្នកធ្វើការជាមួយអង្គការ Kindworks និយាយថា៖ «យើងអាចប្រើសេចក្តីស្រឡាញ់យ៉ាងច្រើន ការចាប់អារម្មណ៍ ការយកចិត្តទុកដាក់ពីសំណាក់ជនជាតិអាមេរិកាំងដែលដឹងថាពួកជនភៀសខ្លួនទាំងនេះនឹងមកដល់។ពួកគេចង់ឱ្យពួកជនភៀសខ្លួនទាំងនេះមានអារម្មណ៍ថាពួកគេត្រូវបាន ស្វាគមន៍ ដែលនេះជារឿងពោរពេញដោយអត្ថន័យយ៉ាងខ្លាំង»។
ផ្ទះអាផាតមិន នេះមានការប្រុងប្រៀបរួចស្រេចហើយ ហើយកំពុងរង់ចាំអ្នកមកនៅថ្មីៗដែលនឹងមកដល់ក្នុងពេលពីរបីថ្ងៃទៀតដើម្បីចាប់ផ្តើមជីវភាពថ្មីរបស់ពួកគេ៕
ប្រែសម្រួល ឈឹម សុមេធ