គេឃើញមានស្ត្រីជាច្រើនបើកបររថយន្តនៅតាមដងផ្លូវនានានៃទីក្រុង Mazar-e-Sharif នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ នេះជារឿងមិនធម្មតានោះទេ ដែលគេឃើញស្ត្រីបើកបរនៅក្នុងទីក្រុងដូច្នេះ។ នៅក្នុងវគ្គរៀនបើកបរមួយដែលមានរយៈពេលពេញមួយខែ ស្ត្រី ៥០ នាក់ បានចូលរួមនៅក្នុងវគ្គនេះ។ អ្នកបើកបរថ្មីទាំងនេះ បាននិយាយថា ការបើកបរគឺជាជំហានឆ្ពោះទៅកាន់ការពឹងពាក់លើខ្លួនឯង និងភាពឯករាជ្យម្ចាស់ការដោយខ្លួនឯង។
នាង Rokhsar Noori អ្នកបើកបរម្នាក់ បាននិយាយថា៖ «តាមគំនិតខ្ញុំ នេះជាឱកាសដ៏អស្ចារ្យមួយសម្រាប់ស្ត្រីរៀនបើកបរ។ ខ្ញុំគិតថា មនុស្សគ្រប់គ្នាគួរតែលើកទឹកចិត្តស្ត្រីឲ្យបើកបរជាជាងប្រឆាំងនឹងសេរីភាពនេះ»។
នាង Parvanah Noori អ្នកបើកបរម្នាក់ទៀត បានបញ្ជាក់ថា៖ «មនុស្សទូទៅតែងតែមានទស្សនៈអវិជ្ជមានចំពោះស្ត្រីដែលបើកបរ។ អ្នកទាំងនោះគួរតែគាំទ្រស្ត្រីទាំងនោះបន្ថែមទៀតទៅវិញទេ»។
នេះគឺជាលើកដំបូងហើយដែលស្ត្រីទទួលបានការជួយជ្រោមជ្រែងពីរដ្ឋបាលចរាចរណ៍ក្នុងស្រុក ពីរដ្ឋបាលកិច្ចការស្ត្រី និងពីអង្គការឯកជនមួយដើម្បីបញ្ចប់វគ្គរៀនបើកបររបស់ពួកគេ។
នាង Rokhsar Noori ទទួលបានការគាំទ្រពីឪពុកម្ដាយរបស់នាងទាក់ទិននឹងការរៀនបើកបរនេះ ដែលនេះជាករណីដ៏កម្រមួយនៅក្នុងស្រុកកំណើតរបស់នាង ដែលជាកន្លែងដែលសង្គមអភិរក្សនិយមរបស់ប្រទេសអាហ្វហ្គានីស្ថានមិនពេញចិត្តឲ្យស្ត្រីបើកបរនោះ។
នាង Rokhsar Noori បាននិយាយថា៖ «ជារឿយៗ ពួកយើងជាស្ត្រីទាមទារឲ្យមានភាពស្មើគ្នា ដូច្នេះពួកយើងអាចដើរតួនាទីប្រសើរជាងមុននៅក្នុងសង្គមរបស់យើង។ ពួកយើងជាស្ត្រីគឺមានចំនួនពាក់កណ្ដាលទៅហើយនៃសង្គមអាហ្វហ្គានីស្ថាន ហើយដើម្បីទទួលបាននូវភាពស្មើគ្នា យើងត្រូវតែប្រឆាំងនឹងផ្នត់គំនិតសង្គមដូចនេះ។ ពួកយើងជាស្ត្រីក៏អាចបើកបរដូចបុរសដែរ។ ពួកយើងត្រូវតែធ្វើគ្រប់មធ្យោបាយទាំងអស់ដើម្បីបង្ហាញថា ពួកយើងអាចធ្វើអ្វីៗបានទាំងអស់»។
សកម្មជនសិទ្ធិស្ត្រីបានបញ្ជាក់ថា ផ្នត់គំនិតសង្គមនេះធ្វើឲ្យស្ត្រីពឹងផ្អែកលើបុរសនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
នាង Palwasha Paiwandi អ្នកបើកបរម្នាក់ទៀត បាននិយាយថា៖ «ពិតជាមានបញ្ហាមួយចំនួនដែលធ្វើឲ្យស្ត្រីមិនអាចបើកបរដោយស្រួលចិត្ត។ បញ្ហាចម្បងមួយគឺផ្នត់គំនិតពីបុរាណដែលនៅមានបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលបានរារាំងស្ត្រីមិនឲ្យបើកបរ»។
កាលពីឆ្នាំមុន ស្ត្រីចំនួន ៣ រយនាក់ បានទទួលប័ណ្ណបើកបរ ដែលធ្វើឲ្យពួកគេក្លាយទៅជាអ្នកបើកបរជាស្ត្រីនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានដំបូងគេបង្អស់៕
ប្រែសម្រួលដោយ ភី សុភាដា