ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានជួយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានបង្កឲ្យមានអំពើភេរវកម្មនៅក្នុងតំបន់ និងបានគំរាមកំហែងដល់ប្រទេសជិតខាងនានា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសប៉ាគីស្ថាន បានធ្វើការចោទប្រកាន់ដូច្នេះ ខណៈថ្លែងទៅកាន់កិច្ចប្រជុំជាមួយពួកអ្នកការទូត បញ្ញវន្ត និងក្រុមអ្នកសារពត៌មាននៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។
លោកបានថ្លែងថាឧទ្ធម្ភាគចក្រសហរដ្ឋអាមេរិកត្រូវបានរកឃើញថាបានដឹកសមាជិករបស់ពួករដ្ឋឥស្លាម ចេញពីស្រុក Haska Meyna ឬត្រូវបានគេស្គាល់ថា Deh Bala នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានទៅទីតាំងផ្សេងៗដែលគេមិនស្គាល់។ លោក Zarif បានថ្លែងថា «យើងទទួលបានរបាយការណ៍ចារកម្ម ព្រមទាំងបានឭពីសាក្សីដែលបានឃើញផ្ទាល់ភ្នែកថា ពួកសកម្មប្រយុទ្ធ Daesh ជាពួកភេរវជនត្រូវបានដឹកចេញពីសមរភូមិ ជួយសង្គ្រោះពីសមរភូមិប្រយុទ្ធ រួមទាំងចេញពីពន្ធនាគារ Haska នាពេលថ្មីៗនេះ»។
ទាំងប្រទេសអ៊ីរ៉ង់និងរុស្ស៊ីជានិច្ចជាកាលបានចោទប្រកាន់ថាមានឧទ្ធម្ភាគចក្រដែលគ្មានសញ្ញាបញ្ជាក់មួយចំនួន បានហោះទៅកាន់តំបន់នានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមការពារយ៉ាងរឹងមាំ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីតោនបានបដិសេធការចោទប្រកាន់ទាំងនេះ ហើយថា«នេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ» និងបានអះអាងថាការវាយប្រហារតាមអាកាសរបស់ខ្លួនធ្វើឡើងដើម្បីជួយគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន ប្រឆាំងនឹងពួករដ្ឋឥស្លាមនៅក្នុងខេត្ត Nangarhar ភាគខាងកើត៕