រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានថ្លែងនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនៅតែតាំងចិត្តយ៉ាងរឹងមាំលើការការពារប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួន ប្រឆាំងនឹងការវាយប្រហារដោយប្រដាប់អាវុធណាមួយ នៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នេះជាដំណើរទស្សនកិច្ចលើកទី ២ របស់លោក Blinken ទៅកាន់ប្រទេសហ្វីលីពីន ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេសនេះកាលពីឆ្នាំ២០២២ ហើយដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់តំបន់អាស៊ី ដើម្បីពង្រឹងការគាំទ្ររបស់អាមេរិកដល់សម្ព័ន្ធមិត្តក្នុងតំបន់ប្រឆាំងនឹងប្រទេសចិនផងដែរ។
រដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារកាន់កាប់ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង និងច្រានចោលការតវ៉ារបស់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសហ្វីលីពីនផងដែរ ហើយការសម្រេចកន្លងមករបស់តុលាការអន្តរជាតិបានប្រកាសថា ការទាមទារអះអាងរបស់ចិនក្នុងការកាន់កាប់ដែនសមុទ្រជាមួយហ្វីលីពីន មិនមានមូលដ្ឋានត្រឹមត្រូវនោះឡើយ។
ការប្រកាសសន្យាបន្តការពារប្រទេសហ្វីលីពីនរបស់លោក Blinken ត្រូវបានធ្វើឡើងក្រោយពីមានឧប្បត្តិហេតុមួយចំនួនកាលពីពេលថ្មីៗនេះ រវាងនាវារបស់ប្រទេសហ្វីលីពីននិងចិន នៅជិតតំបន់ជម្លោះថ្មប៉ប្រះទឹកក្នុងដែនសមុទ្ររបស់ហ្វីលីពីន ដែលក្នុងនោះក៏មានករណីនាវាបុកគ្នាផងដែរ។
ក្រោយពីការថ្លែងរបស់លោក Blinken រួចមក ប្រទេសចិនបានបញ្ចេញប្រតិកម្មដោយលើកឡើងថា សហរដ្ឋអាមេរិក «គ្មានសិទ្ធិ» ក្នុងការជ្រែតជ្រៀករឿងសមុទ្រចិនខាងត្បូងនេះឡើយ។
ដំណើរទស្សនកិច្ចរបស់លោក Blinken កើតមានឡើងមុនពេលកិច្ចប្រជុំត្រីភាគីក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅខែមេសាក្រោយនេះ រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida។
ដោយប្រកាសពីកិច្ចប្រជុំកំពូលបីប្រទេសជាមួយសម្ព័ន្ធមិត្តអាស៊ីប៉ាស៊ីហ្វិក អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre និយាយថា មេដឹកនាំទាំងបីប្រទេសនេះ នឹងជំរុញ«ចក្ខុវិស័យរួម សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរីនិងបើកចំហ»។
មន្ត្រីជាន់ខ្ពស់អាមេរិកធ្លាប់បាននិយាយជាញឹកញាប់ថា «ការវាយប្រហារប្រដាប់អាវុធមួយ» ប្រឆាំងនឹងនាវា យន្តហោះ កងកម្លាំង និងឆ្មាំសមុទ្រហ្វីលីពីន អាចធ្វើឱ្យគេប្រើប្រាស់សន្ធិសញ្ញាឆ្នាំ ១៩៥១ ស្តីពីការពារគ្នាទៅវិញទៅមករវាងអាមេរិកនិងហ្វីលីពីន ដែលនៅក្នុងនោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចដើម្បីការពារសម្ព័ន្ធមិត្តហ្វីលីពីនរបស់ខ្លួន៕
វេទិកាបញ្ចេញមតិ