រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅប្រទេសហ្វីលីពីននៅសប្តាហ៍ក្រោយ នៅក្រោយបេសកកម្មមួយកាលពីពេលថ្មីៗនេះនៅទីនោះដោយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo។ ទស្សនកិច្ចនេះមានឡើងនៅពេលមានភាពតានតឹងកើនឡើងរវាងហ្វីលីពីននិងចិនអំពីជម្លោះក្នុងសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា«លោករដ្ឋមន្ត្រី Blinken នឹងធ្វើដំណើរទៅទីក្រុងម៉ានីលដើម្បីបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាគ្មានងាករេរបស់យើងដល់សម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង»និង«ដើម្បីលើកស្ទួយសន្តិភាពនិងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង»។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានប្រកាសអំពីជំនួបរបស់លោកជាមួយលោក Blinken នៅថ្ងៃទី១៩ ខែមីនា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការនិងសន្តិសុខ។
លោក Miller បានថ្លែងថា៖ «ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក៏នឹងគូសបញ្ជាក់សារៈសំខាន់នៃចំណងទាក់ទងទ្វេភាគីដ៏ខ្លាំងមាំរបស់យើង ដែលក្នុងរយៈពេល៧៥ឆ្នាំមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីជំរុញចក្ខុវិស័យដូចគ្នារបស់យើងសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយសេរី ជាប់ទាក់ទងគ្នាដោយចំហ មានភាពសម្បូររុងរឿង មានសន្តិសុខនិងមានភាពធន់»។
នៅក្នុងបេសកកម្មពាណិជ្ជកម្មនិងវិនិយោគរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី Raimondo នៅក្រុងម៉ានីលក្នុងសប្តាហ៍នេះ លោកស្រីបានប្រកាសអំពីផែនការបណ្តាក់ទុនជាងមួយពាន់លានដុល្លារក្នុងវិស័យបច្ចេកវិទ្យានៃប្រទេសហ្វីលីពីននិងជួយបង្កើនចំនួនរោងចក្រ semiconductor នៅក្នុងប្រទេសនេះឱ្យកើនឡើងទ្វេដង។ វិធានការនេះរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវគេមើលឃើញថាជាការជំរុញវិស័យបន្ទះឈីបរបស់រដ្ឋាភិបាលក្រុងម៉ានីលនៅពេលមានការប្រកួតប្រជែងខ្លាំងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង៕
វេទិកាបញ្ចេញមតិ