ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចោទប្រកាន់ប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះថា បានបំពានលើបូរណភាពទឹកដីរបស់ចិនក្នុងសមុទ្រចិនខាងត្បូងម្តងហើយម្តងទៀត ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងបានឃុបឃិតជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កើតបញ្ហា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសាព័ត៌មាន Reuters។
ប្រទេសហ្វីលីពីនបានពឹងផ្អែកលើការជួយគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីបន្តបង្ករឿងជាមួយប្រទេសចិន ដោយមានអកប្បកិរិយាប្រកបដោយភាពគ្រោះថ្នាក់ខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពតំបន់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន People's Daily របស់បក្សកុម្មុយនីស្តចិន ដែលបានសរសេរក្នុងខ្ទង់អត្ថាធិប្បាយរបស់ខ្លួននៅថ្ងៃចន្ទនេះ។
ក្រសួងការបរទេសហ្វីលីពីននិងក្រុមការងារថ្នាក់ជាតិទទួលបន្ទុកកិច្ចការសមុទ្រចិនខាងត្បូងមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយជុំវិញរឿងនេះឡើយ នៅថ្ងៃបុណ្យណូអែលនេះ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងម៉ានីល បានឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកជុំវិញជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលក្នុងនោះរួមមានការចោទប្រកាន់ដែលថា នាវាចិនបានបុកនាវាហ្វីលីពីនមួយគ្រឿង ដែលដឹកនាយអគ្គសេនាធិការកងទ័ពហ្វីលីពីនផងដែរ។
ប្រទេសចិនបានទាមទារផ្នែកច្រើនបំផុតនៃតំបន់សមុទ្រចិនខាងត្បូង ដែលផ្នែកខ្លះនៃតំបន់ទាំងនោះត្រូវបានទាមទារផងដែរ ដោយប្រទេសហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាម និងប្រទេសឥណ្ឌូណេស៊ី។ កាលពីឆ្នាំ ២០១៦ តុលាការអន្តរជាតិបានទាត់ចោលការទាមទាររបស់ចិន នៅក្នុងសំណុំរឿងក្តីក្តាំមួយ ដែលប្តឹងដោយប្រទេសហ្វីលីពីន តែរដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធសេចក្តីសម្រេចរបស់តុលា ការនោះ។
នៅក្នុងការព្រមានដោយផ្ទាល់ដ៏កម្រមួយ រដ្ឋមន្ត្រីការបរទសចិនលោ Wang Yi បាននិយាយកាលពីសប្តាហ៏មុនថា ការគិតខុសណាមួយនៅក្នុងជម្លោះជាមួយហ្វីលីពីន នឹងអាចនាំទៅដល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន និងស្នើសុំឱ្យមានការសន្ទនាគ្នាដើម្បីដោះស្រាយនូវបញ្ហា«លំបាកធ្ងន់ធ្ងរផ្សេងៗ»៕