រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Enrique Manalo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានធ្វើ «ការប្តូរមតិគ្នាដោយស្មោះត្រង់និងគ្មានលាក់លៀម» ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ហើយថា ភាគីទាំងពីរមាន «ការយល់គ្នាជាងមុនពីគោលជំហររៀងៗខ្លួនអំពីបញ្ហាមួយចំនួន»។
លោក Manalo បានបន្ថែមថា ចិននិងហ្វីលីពីនបានកត់សម្គាល់សេចក្តីត្រូវការប្រើការសន្ទនាគ្នា ដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ នៅពេលមានការតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។
បើតាមក្រសួងការបរទេសចិន លោក Wang បាននិយាយនៅក្នុងការហៅទូរសព្ទជាមួយលោក Manalo ថា ចិននិងហ្វីលីពីនកំពុង «ប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ» ហើយព្រមានថា «ហ្វីលីពីនត្រូវធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន»។
លោក Wang បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ «កំពុងស្ថិតនៅផ្លូវខ្វែង» ហើយបាននិយាយយោងដល់អ្វីដែលលោកថាជាការបង្ករឿងក្នុងសមុទ្រដោយហ្វីលីពីន ដែលធ្វើឱ្យអន្តរាយដល់សិទ្ធិស្របច្បាប់របស់ប្រទេសចិន។
ចិននិងហ្វីលីពីនបានទាមទារដែនទឹកជាន់គ្នាក្នុងសមុទ្រចិនខាងត្បូង ហើយកាលពីប៉ុន្មានខែថ្មីៗនេះ មានការប៉ះទង្គិចគ្នារវាងនាវានេសាទ កប៉ាល់ចម្បាំងនិងនាវាឯទៀតៗ៕