រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចដែលមិនប្រកាសឱ្យដឹងជាមុន ទៅរដ្ឋធានីកៀវរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែនអំពីស្ថានភាពនៃការវាយបករបស់យោធាអ៊ុយក្រែន ព្រមទាំងកិច្ចប្រឹងប្រែងស្តារនិងកសាងប្រទេសឡើងវិញ។
ក្រសួងការបរទេសអាមេរិកនិយាយថា លោក Blinken នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal និងរដ្ឋមន្ត្រីការបរទេសលោក Dmytro Kuleba។
លោក Blinken ក៏ត្រូវគេរំពឹងថា នឹងប្រកាសផ្តល់ជំនួយថ្មីរបស់អាមេរិកជាង១ពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងការបរទេសអាមេរិក បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការគាំទ្ររបស់សហរដ្ឋអាមេរិកនឹងបន្ត ដើម្បីធានាថា យោធាអ៊ុយក្រែនមានអ្វីៗដែលខ្លួនត្រូវការក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ មន្ត្រីរូបនេះ និយាយថា នេះរួមបញ្ចូលទាំងសម្ភារៈសម្រាប់ការវាយប្រហារតាមអាកាសនិងទម្លុះខ្សែការពាររបស់រុស្ស៊ីផងដែរ ខណៈការការពារផ្លូវអាកាស «បន្តនៅជាអាទិភាពខ្ពស់មួយ»។
មន្ត្រីដដែលនិយាយថា ខណៈសហរដ្ឋអាមេរិក មានការយល់ឃើញផ្ទាល់អំពីជម្លោះនេះ វាមានសារៈសំខាន់ក្នុងការទទួលបាន«ការវាយតម្លៃពិតប្រាកដពីប្រជាជនអ៊ុយក្រែនខ្លួនឯង»។
មន្ត្រីរូបនេះ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពិគ្រោះយោបល់ជាមួយមេដឹកនាំអ៊ុយក្រែនមុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែនេះ។
មន្ត្រីដដែលនេះនិយាយថា៖ «ប្រជាជនអ៊ុយក្រែនមានបេសកកម្មដ៏សំខាន់មួយនៅបុរី New York ដើម្បីបន្តពន្យល់ដល់សម្ព័ន្ធមិត្តនិងដៃគូរបស់ពួកគេនៅជុំវិញពិភពលោកពីអ្វីដែលកំពុងកើតឡើងនិងតម្រូវការការគាំទ្រជាបន្តទៀតរបស់ពួកគេ។ វាមានសារៈសំខាន់សម្រាប់យើងក្នុងការបន្តដឹកនាំកិច្ចប្រឹងប្រែងសកលនោះ ដើម្បីគាំទ្រពួកគេ»៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។