ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសថា លោកនឹងប្តូររដ្ឋមន្ត្រីការពារជាតិ ដោយដាក់លោក Rustem Umerov អាយុ៤១ឆ្នាំដែលនៅពេលបច្ចុប្បន្ននេះទទួលខុសត្រូវថវិកាឯកជនភាវូបនីយកម្មរបស់អ៊ុយក្រែន ឱ្យជំនួសរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Oleksii Reznikov។
ការប្រកាសរបស់លោកZelenskyyក្នុងអំឡុងនៃការថ្លែងសុន្ទរកថាតាមវីដេអូកាលពីយប់ថ្ងៃអាទិត្យរបស់លោកជាការបញ្ជូនសញ្ញានៃការរុះរើកាន់តែធំឡើងនៃស្ថាប័នការពារប្រទេសក្នុងសម័យសង្គ្រាមរបស់អ៊ុយក្រែន។
លោក Zelenskyy បាននិយាយថា៖ «ខ្ញុំបានសម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែន។ លោក Oleksii Reznikov បានឆ្លងកាត់សង្គ្រាមដ៏ពេញទីក្នុងរយៈពេលជាង ៥៥០ថ្ងៃ។ ខ្ញុំជឿថាក្រសួងនេះត្រូវការវិធីដោះស្រាយនិងរបៀបថ្មីផ្សេងទៀតដែលទាក់ទិនជាមួយយោធានិងសង្គមទាំងមូល»។
លោក Reznikov បានដើរតួនាទីដ៏សំខាន់នៅក្នុងការរកបានជំនួយយោធារបស់ប្រទេសលោកខាងលិចដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួយកិច្ចប្រឹងប្រែងសង្គ្រាមនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការតែងតាំងរបស់លោក ក្រសួងការពារជាតិបានប្រឡាក់ប្រឡូសដោយការចោទប្រកាន់ពុករលួយដែលលោក Reznikov បានពណ៌នាថា ជាការបង្ខូចកេរ្តិ៍ឈ្មោះ។
ការតែងតាំងលោក Umerov ដែលជាជនជាតិភាគតិច Tatar នៃតំបន់ Crimea និងជាអតីតសមាជិកសភា ត្រូវតែមានការយល់ព្រមពីសភា។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក Ihor Kolomoisky ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេនៅអ៊ុយក្រែន បានត្រូវនាំខ្លួនទៅឃុំឃាំងលើបទសង្ស័យពីការលួចបន្លំនិងលាងលុយកខ្វក់៕