ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​រាយការណ៍​ពី​ការវាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​ក្នុង​តំបន់​ជា​ច្រើន


រូបភាព​នេះ​ដកស្រង់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម និង​ផ្តល់ឱ្យ​ដោយ Ostorozhno Novosti បង្ហាញ​ពី​ផ្សែង​ហុយ​ពេញ​ទីក្រុង និង​ការឆាបឆេះ​យ៉ាងសន្ធោសន្ធៅ​ក្នុង​តំបន់ Pskov ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។
រូបភាព​នេះ​ដកស្រង់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម និង​ផ្តល់ឱ្យ​ដោយ Ostorozhno Novosti បង្ហាញ​ពី​ផ្សែង​ហុយ​ពេញ​ទីក្រុង និង​ការឆាបឆេះ​យ៉ាងសន្ធោសន្ធៅ​ក្នុង​តំបន់ Pskov ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។

មន្ត្រី​រុស្ស៊ីបាន​រាយការណ៍​ពី​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​អ៊ុយក្រែន​ជា​ច្រើន​លើក​ កាល​ពី​យប់មិញ​ដោយ​សំដៅ​ទៅ​លើតំបន់​ជា​ច្រើន​របស់​រុស្ស៊ី​ ខណៈ​ពេល​ដែលប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​ បាន​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារតាមអាកាស​មួយ​របស់​រុស្ស៊ីលើ​រដ្ឋធានី​កៀវ​ នៅ​ព្រឹក​ថ្ងៃ​ពុធ។ ​

ប្រធាន​រដ្ឋបាល​យោធា​តំបន់​កៀវលោក​ Sergei Popko បាន​និយាយ​តាម​តេឡេក្រាម​ថា​ បំណែកបាក់បែកដែល​ធ្លាក់​ពី​លើ បាន​សម្លាប់​មនុស្ស​២​នាក់ និង​របួស​ម្នាក់។​ ​លោក​បាន​ពណ៌នា​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​រដ្ឋធានី​អ៊ុយក្រែន​នោះ​ថា​ ជា​ការ​វាយប្រហារ​ដ៏​ធំ​បំផុត​មួយ ចាប់តាំង​ពី​រដូវ​ផ្ការីកដើម​ឆ្នាំ​នេះ​មក​ ដោយ​ប្រព័ន្ធការពារដែន​អាកាស​អ៊ុយក្រែន​ ​បាន​បាញ់​ទម្លាក់​ដ្រូន​និង​មីស៊ីលរុស្ស៊ី​ប្រមាណ​ជាង​២០​គ្រឿង​ក្នុង​ការវាយប្រហារ​នោះ។​

អភិបាល​ក្រុង​កៀវ​លោក​ Vitali Klitschko​ បាន​និយាយតាម​បណ្តាញ​តេឡេក្រាម​ថា​ កម្ទេច​បាក់បែកដែល​ធ្លាក់ពីលើ​ បាន​បណ្តាល​ឱ្យ​ឆេះ​និង​ធ្វើ​ឱ្យ​ខូចខាតក្នុង​សង្កាត់​ជា​ច្រើន​ក្នុង​រដ្ឋធានី​នេះ។​ ​

ដោយ​ឡែកក្នុង​តំបន់​ Pskov ​ដែល​កាន់​កាប់​ដោយ​រុស្ស៊ី ដែល​ស្ថិត​នៅជិត​ព្រំដែន​ប្រទេស​អេស្តូនី​ និង​ប្រទេស​ឡេតូនី (Latvia) នោះ​ ក្រុម​មន្ត្រី​រុស្ស៊ី​និយាយ​ថា​ យន្តហោះដ្រូន​អ៊ុយក្រែន បានធ្វើ​ឱ្យ​ខូចខាតយន្តហោះ​ដឹក​ជញ្ជូន​យោធា​ចំនួន​៤​គ្រឿង​ នៅ​ក្នុង​ការ​វាយប្រហារទៅ​លើ​ព្រលាន​យន្តហោះ​មួយ​កន្លែង។ ​

អភិបាល​តំបន់លោក​ Mikhail Vedernikov​ បានបង្ហោះ​វីដេអូ​លើ​តេឡេក្រាម​ ដោយ​បង្ហាញ​ពីភ្លើង​ឆេះដ៏​ធំ​មួយ​នៅ​ទីតាំង​នោះ។ ​គេ​មិន​ឃើញ​មាន​សេចក្តី​រាយការណ៍​ពី​ការ​រងគ្រោះ​ដល់​មនុស្ស​ឡើយ​ ហើយ​ជើង​ហោះហើរ​នៅ​ព្រលានយន្តហោះនោះ​ត្រូវបាន​លុបចោល​ ​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​វាយតម្លៃ​ពី​ការ​ខូចខាត។​ ​

រុស្ស៊ី​និយាយ​ថា​ យោធា​របស់​ខ្លួន​បាន​បាញ់ទម្លាក់​ដ្រូន​អ៊ុយក្រែនជា​ច្រើន​គ្រឿង​ នៅតំបន់ Oryol តំបន់ Kaluga តំបន់ ​Bryansk តំបន់ Rayazan​ ​និង​តំបន់​ក្រុងមូស្គូ។​

យោធារុស្ស៊ី​ក៏​បាននិយាយ​ផង​ដែរ​ថា​ កងកម្លាំង​របស់​ខ្លួន​ បានកម្ចាត់​ការ​វាយប្រហារ​ដោយ​ដ្រូន​សមុទ្រ​មួយ​របស់​អ៊ុយក្រែន​ នៅ​លើ​ទីក្រុង​កំពង់ផែ​ Sevastopol នៃ​តំបន់​ឧបទ្វីប​ ​Crimea ដែល​ជា​មូលដ្ឋាន​យោធា​របស់កងនាវា​ជើងទឹក​រុស្ស៊ីក្នុង​សមុទ្រ​ខ្មៅ។

ដោយ​មិន​បញ្ជាក់​ពី​ទីតាំង​ណា​មួយពិត​ប្រាកដ​ក្នុង​សមុទ្រ​ខ្មៅ​នោះ​ រុស្ស៊ី​ក៏​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ដែរ​ថា​ ខ្លួន​ក៏​បាន​បំផ្លាញទូក​ដឹក​កងកម្លាំង​យោធា​អ៊ុយក្រែន​៤​គ្រឿង​ផង​ដែរ៕​ ​ ​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន The Associated Press, Agence France-Presse និង​ Reuters។

XS
SM
MD
LG