ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ ២.៦០០ លាន​ដុល្លារ​ដល់​អ៊ុយក្រែន​និង​ប្រទេស ១៨ ផ្សេង​ទៀត


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ផ្តល់​តុក្កតា​មួយ​ដល់​កុមារី Marina អាយុ​៦​ឆ្នាំ ដែល​មក​ពី​តំបន់ Kherson​ ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ផ្តល់​តុក្កតា​មួយ​ដល់​កុមារី Marina អាយុ​៦​ឆ្នាំ ដែល​មក​ពី​តំបន់ Kherson​ ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​ថ្មី​ចំនួន ២.៦០០ លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​ចំនួន ១៨ ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ «ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​បំផុត​នៃ​ភាព​គឃ្លើន​របស់​ប្រទេស​រុស្ស៊ី​នៅ​ពេល​អនាគត»។

ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​របស់​លោក Blinken នេះ​គឺ​ជា​ទស្សនកិច្ច​លើក​ទី ២ ទៅ​កាន់​ប្រទេស​អ៊ុយក្រែន តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​មក។

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប​ដែល​អម​ដំណើរ​លោក Blinken បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «លោក​រដ្ឋមន្ត្រី [Blinken] ចង់​ធ្វើ​ទស្សនកិច្ច​លើក​នេះ​យ៉ាង​ខ្លាំង​នៅ​ពេល​ឥឡូវ​នេះ ដោយសារតែ​វា​ជា​ដំណាក់កាល​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន»។

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​សំដៅ​លើ​ការ​ប្រយុទ្ធ​តបត​របស់​អ៊ុយក្រែន​ជិត ៧ ខែ​កន្លង​មក​នេះ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ដោយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​កងទ័ព​អ៊ុយក្រែន​បាន​ដណ្ដើម​មក​វិញ​នូវ​ក្រុង​មួយ​ចំនួន​ក្នុង​តំបន់ Kharkiv។

មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា៖ «ជំនួយ​យោធា​ទាំង​អស់​នេះ​គឺ​ដើម្បី​ជួយ​ធានា​ថា​ប្រទេស​អ៊ុយក្រែន​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​តបត​ទៅ​វិញ [ប្រឆាំង​នឹង​រុស្ស៊ី]»។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken នេះ​បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​ចូល​មក​ដល់ ដែល​នៅ​ក្នុង​មហា​សន្និបាត​នោះ បណ្ដា​មេដឹកនាំ​នានា​មកពី​ជុំវិញ​ពិភពលោក​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​សម្រាប់​អ្វី​ដែល​មន្ត្រី​សហរដ្ឋ​អាមេរិក​ថា​ជា​ឱកាស​នៅ​ក្នុង​ការ​បញ្ជាក់​អះអាង​ជា​ថ្មី​អំពី​គោលការណ៍​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ចែង​អំពី​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី។

ក្នុង​ចំណោម​ជំនួយ​ចំនួន ២.៦០០ លាន​ដុល្លារ​ដែល​លោក Blinken បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំនួយ​ចំនួន ៦៧៥ លាន​ដុល្លារ​ជា​ជំនួយ​ផ្នែក​សព្វាវុធ​និង​គ្រាប់​រំសេវ​ដែល​បាន​មក​ពី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​យល់ព្រម​ផ្ដល់​ជំនួយ​យោធា​ចំនួន ៦៧៥ លាន​ដុល្លារ​នេះ​ដល់​ប្រទេស​អ៊ុយក្រែន។

លោក Austin បាន​បញ្ជាក់​បន្ថែម​ថា ជំនួយ​នេះ​នឹង​មាន​ដូចជា​កាំភ្លើង​ធំ​ធុន​ធ្ងន់ គ្រាប់​កាំភ្លើង​ធំ រថពាស​ដែក និង​ប្រព័ន្ធ​បាញ់​រថក្រោះ​ជាដើម។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ការ​ប្រជុំ​របស់​ក្រុម​ទំនាក់ទំនង​ការពារ​អ៊ុយក្រែន (Ukraine Defense Contact Group) នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​មាន​ការ​ចូលរួម​ពី​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​មកពី​ប្រទេស​ជា​ច្រើន។

លោក Austin បាន​លើកឡើង​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន «គឺ​ស្ថិត​នៅ​ដំណាក់កាល​សំខាន់​មួយ​ទៀត» ស្រប​ពេល​ដែល​កងទ័ព​អ៊ុយក្រែន​បង្កើន​ការ​ប្រយុទ្ធ​តបត​ទៅ​វិញ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស និង​ថា «ឥឡូវ​នេះ យើង​ឃើញ​មាន​លេច​ឡើង​នូវ​ជ័យជម្នះ​នៃ​កិច្ច​ប្រឹងប្រែង​រួម​របស់​យើង​នៅ​ឯ​សមរភូមិ»។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ទំនាក់ទំនង​ការពារ​អ៊ុយក្រែន​នេះ​នឹង​ធ្វើការ​រួម​គ្នា​ដើម្បី​បណ្ដុះបណ្ដាល​កងទ័ព​អ៊ុយក្រែន​និង​បំពេញ​តាម​តម្រូវការ​របស់​អ៊ុយក្រែន «សម្រាប់​រយៈពេល​វែង»។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្ដល់​ជំនួយ​បន្ថែម​ដល់​អ៊ុយក្រែន​ដូច​នេះ បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ពុធ​បាន​សរសើរ​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា «ដំណឹង​ល្អ» ពី​តំបន់ Kharkiv ដោយ​លោក​បាន​និយាយ​ថា កងទ័ព​អ៊ុយក្រែន​បាន​ដណ្ដើម​មក​វិញ​នូវ​ក្រុង​មួយ​ចំនួន​ពី​កងទ័ព​រុស្ស៊ី។

លោក Zelenskyy បាន​លើកឡើង​នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​របស់​លោក​អំពី​កង​យោធា​អ៊ុយក្រែន​មួយ​ចំនួន ដោយ​បាន​សរសើរ «ភាព​ក្លាហាន​និង​វីរភាព​របស់​ពួកគេ​ដែល​បាន​បង្ហាញ​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​បេសកកម្ម​ប្រយុទ្ធ»។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា កង​កាំភ្លើង​ធំ​របស់​អ៊ុយក្រែន​បាន​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ជោគជ័យ​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG