ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​​​តិចតួច​ទៅ​​ដល់​​ជន​រងគ្រោះ​រញ្ជួយ​ដី​ក្នុង​ប្រទេស​ស៊ីរី


ក្រុម​អ្នក​ជួយ​សង្គ្រោះ​និង​អ្នកស្រុក​រុករក​នៅ​គំនរ​នៃ​អគារ​ដែល​បាក់​រលំ​នៅ​ក្នុង​ទី​ក្រុង Harem ខេត្ត Idlib ប្រទេស​ស៊ីរី ក្បែរ​ព្រំដែន​តួកគី កាល​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
ក្រុម​អ្នក​ជួយ​សង្គ្រោះ​និង​អ្នកស្រុក​រុករក​នៅ​គំនរ​នៃ​អគារ​ដែល​បាក់​រលំ​នៅ​ក្នុង​ទី​ក្រុង Harem ខេត្ត Idlib ប្រទេស​ស៊ីរី ក្បែរ​ព្រំដែន​តួកគី កាល​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ដំណើរ​ការ​ជួយ​សង្គ្រោះ​កុមារ​២​នាក់​ចេញ​ពី​គំនរ​បាក់បែកនៃ​អគារ​រលំ​ដោយ​ការ​រញ្ជួយដី​នៅ​ក្នុង​ទីក្រុង​ Idlib ​និង​ទីក្រុង​ Aleppo ​នៃ​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរីនោះគឺជា​ព័ត៌មាន​ល្អ​ដែល​កម្រ​នឹង​កើត​មាន នៅ​ក្នុង​តំបន់​មួយ​ ដែល​ទទួល​រង​គ្រោះ​មហន្តរាយ​ដោយការ​រញ្ជួយដី​ដ៏​ធំ​ ដែល​បាន​កើត​ឡើងនៅ​ភាគ​ខាង​ត្បូង​ប្រទេស​តួកគី ​និង​ប្រទេសក្បែរខាង​គឺ​ស៊ីរី កាល​ពី​ថ្ងៃ៦​ ខែ​កុម្ភៈ​កន្លង​ទៅ។

ខណៈ​ពេល​ដែលប្រតិបត្តិ​ការមនុស្ស​ធម៌ដ៏​ធំ​មួយ​កំពុង​ដំណើរ​ដោយ​យឺតៗក្នុង​ប្រទេស​តួកគី​នោះ​ កិច្ចប្រឹង​ប្រែង​យឺតៗ​ស្រដៀង​គ្នា​នេះ​ស្ទើរតែ​មិន​មាននៅក្នុង​ប្រទេស​ស៊ីរី។​ ​

បញ្ហា​ដឹក​ជញ្ជូន​ដែល​កើត​មាន​ដោយ​សារ​ជម្លោះ​នឹង​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី​អស់រយៈ​ពេល​ជាង​១២​ឆ្នាំ ​ការ​ប៉ះពាល់​ដោយ​សារ​ការ​ដាក់​ទណ្ឌកម្មជា​ឯកតោ​ភាគី​ ក៏​ដូច​ជា​ភាព​ស្ទាក់​ស្ទើរក្នុង​ការ​ជួយ​ដល់រដ្ឋាភិបាលរបស់​ប្រធានាធិបតី​ស៊ីរី​លោក ​Bashar al-Assad​ ដែល​ត្រូវ​បានចាត់​ទុកថា​ ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​នោះ​ គឺ​ជា​កត្តា​កំណត់​មួយ​ចំនួន។​

អ្នក​នាំពាក្យ​ការិយាល័យ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌​ (OCHA)​ របស់​អង្គការ​សហ​ប្រជាជាតិ​ លោក​ Jens Laerke ​បាន​ព្រមាន​ថា​ ភាព​តានតឹង​ខាង​នយោបាយរវាង​តួកគី​ និង​ប្រទេស​ស៊ីរី​ដែលជា​ប្រទេស​ក្បែរ​ខាង​នៅ​ភាគ​ខាង​ជើងនោះ អាចរួម​ចំណែក​ការលំបាក​ដល់​ក្រុម​អ្នកផ្តល់​ជំនួយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងវិបត្តិ​គ្រោះ​រញ្ជួយ​ដីនៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោក​ថា​ «វា​មាន​សារៈ​សំខាន់ដែល​គ្រប់គ្នា​មើល​ឃើញរឿង​នេះថា​ ជា​វិបត្តិ​មនុស្ស​ធម៌​មួយ​ព្រោះថា ​វាដូច្នេះ​មែន។​ សូម​កុំយក​រឿង​នេះ​ធ្វើ​ជា​រឿង​នយោបាយ។​ អនុញ្ញាតឱ្យ​យើង​យក​ជំនួយ​ទៅ​ឱ្យ​ជន​រង​គ្រោះ​ ដែល​ត្រូវ​ការ​ជា​ចាំបាច់​នោះ»។

លោក ​Laerke ​កត់​សម្គាល់​ថា​ គ្រោះ​រញ្ជួយ​ដី​បាន​បញ្ឈប់​ប្រតិបត្តិ​ការ​ផ្តល់​ជំនួយ​ឆ្លង​ព្រំដែនជា​បណ្តោះ​អាសន្ន​ ពី​ប្រទេស​តួកគី​ទៅ​កាន់​ប្រទេស​ស៊ីរី ដោយ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់ការ​ផ្តល់ជំនួយ​សង្គ្រោះ​ដ៏​ចាំបាច់នានា។​ ​

ប្រតិបត្តិការ​ផ្តល់​ជំនួយ​នោះ​ត្រូវ​បានគ្រប់គ្រង​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។​ ​ប្រតិបត្តិការនោះ​ជា​ខ្យល់​ដង្ហើម​របស់​មនុស្ស​ប្រមាណ​៤​លាន​នាក់​ នៅ​ក្នុង​ទឹកដី​ភាគ​ខាង​ជើង ​ដែល​គ្រប់គ្រង់​ដោយ​ក្រុម​ឧទ្ទាមនៅ​ក្នុង​ប្រទេស​ស៊ីរី​ ​ពី​ព្រោះក្បួន​រថយន្ត​ដឹក​ជំនួយ​ពី​តំបន់ដែល​រដ្ឋាភិបាល​គ្រប់គ្រង​ មិន​អាច​ឆ្លង​កាត់​ខ្សែ​បន្ទាត់តំបន់​មាន​ជម្លោះ​នោះ​ទេ។​ ​

គេ​ប៉ាន់​ស្មាន​ថា​ មាន​មនុស្ស​ប្រមាណ​២៣​លាន​នាក់បាន​រង​ការ​ប៉ះពាល់​ដោយ​ការ​រំញ្ជួយដីកម្រិត​៧,៨​រិជ្ជទ័រ ​ដែល​ជា​កម្លាំង​រញ្ជួយដី​ដ៏​ខ្លាំង​បំផុត​មួយដែលបាន​កើត​មាន​ក្នុង​តំបន់​នោះក្នុង​រយៈ​ពេល​ជិត​១០០​ឆ្នាំ​កន្លងទៅ​នេះ។​ ខណៈ​សេចក្តី​រាយ​ការណ៍​ចុង​ក្រោយ​នានា​បង្ហាញ​ថា ​ មាន​អ្នក​ស្លាប់​ប្រមាណជាង​១១.០០០​នាក់​នោះ​ ​ អង្គការ​សុខភាព​ពិភពលោក​ ​និយាយ​ថា​ ខ្លួនរំពឹង​ថា​ តួលេខ​អ្នក​ស្លាប់​នឹង​អាចកើន​ឡើង​រហូត​ដល់​ប្រមាណ​២​ម៉ឺន​នាក់។​ ​

អ្នក​នាំពាក្យ​អង្គការ​ UNICEF​ លោក ​James Elder​ បាន​ឱ្យ​ដឹង​ថា​ កុមារ​ជា​អ្នក​ប្រឈម​ហានិភ័យ​ខ្លាំងបំផុត។ ​លោកថា៖​ «នៅ​ពេល​ដែល​យើង​បាន​ឮ​ពីតួលេខ​ផ្លូវការពី​ការ​រញ្ជួយ​ដី​នោះ​ ​អង្គការ ​UNICEF ​បារម្ភ​ថា ការ​រញ្ជួយ​ដី​ ដែល​បាន​កើត​ឡើងនៅ​តំបន់​ភាគ​នីរតី​តួកគី​ និងភាគ​ខាងជើង​ស៊ីរី​នោះ​ អាច​សម្លាប់​កុមារអស់​ជា​ច្រើន​ពាន់​នាក់»។​

លោក​បន្ត​ទៀត​ថា៖​ «ពួក​គេ​បាន​ចូល​គេង​ជា​ធម្មតា​ ប៉ុន្តែ​បាន​ភ្ញាក់​ដោយ​សំឡេង​ស្រែក​យំ​នៃ​អ្នក​ជិត​ខាង​ ដោយ​សារ​កញ្ចក់​ធ្លាក់​បាក់បែក​ និង​ដោយ​សារ​សំឡេងអគារ​ថ្មបាក់​ដ៏​គួរឱ្យ​រន្ធត់​នោះ»។
លោក ​Elder ​បន្ថែម​ទៀត​ថា​ មុន​ពេល​គ្រោះ​រញ្ជួយ​ដី​កើត​ឡើង​នោះ ​ក្រុម​កុមារ​ក្នុង​តំបន់​នោះ កំពុង​ត្រូវ​ការ​ជំនួយមនុស្សធម៌ចាំបាច់​ក្នុង​គ្រា​អាសន្ន​រួច​ទៅ​ហើយ។​ ក្រុម​កុមារជា​ច្រើន​នៅ​ក្នុង​តំបន់​ភាគ​ពាយ័ព្យ​ប្រទស​ស៊ីរី​កំពុង​ទទួល​រងការផ្ទុះ​ឆ្លង​ជំងឺ​អាសន្នរោគ ​ អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ ​និង​ជម្លោះ​ដ៏​ឃោរឃៅ។​ ​ជា​ការណ៍​ពិត​ណាស់​ ការ​រញ្ជួយ​ដី​នេះនឹង​រឹត​តែធ្វើ​ឱ្យ​ស្ថាន​ភាព​របស់​ពួក​គេ​កាន់​តែអាក្រក់​ខ្លាំងហួស​ពី​ការ​គិត»៕​

ប្រែសម្រួលដោយលោក ជ្រា វណ្ណរិទ្ធ

XS
SM
MD
LG