សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានកំណត់ពេលត្រូវបោះឆ្នោតនៅឯសម័យប្រជុំពិសេសនៅសប្តាហ៍ក្រោយអំពាវនាវឱ្យបញ្ឈប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងធ្វើឱ្យមានសន្តិភាពដែលនឹងធានាអធិបតេយ្យភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
មហាសន្និបាតអង្គការសហប្រជាជាតិត្រូវគេរំពឹងនឹងអនុម័តសេចក្តីសម្រេចនោះនៅពេលដែលខ្លួនជួបប្រជុំនៅថ្ងៃទី២៣ ខែកុម្ភៈ មួយថ្ងៃមុនខួបមួយឆ្នាំនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
សេចក្តីព្រាងនៃសេចក្តីសម្រេចនោះអំពាវនាវដល់អង្គការសហប្រជាជាតិនិងរដ្ឋជាសមាជិកឱ្យជួយឧបត្ថម្ភគាំទ្រដល់ការខំប្រឹងប្រែងខាងការទូតដើម្បីឱ្យសម្រេចនូវសន្តិភាពនេះ។
សេចក្តីសម្រេចនេះក៏ទាមទារឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ពន្ធស៊ីវិលរបស់អ៊ុយ ក្រែន ហើយនឹងដកកងកម្លាំងយោធារបស់ខ្លួនជាបន្ទាន់ចេញពីប្រទេសអ៊ុយក្រែន។
សេចក្តីសម្រេចរបស់មហាសន្និបាតមិនមែនជាការតម្រូវឱ្យអនុវត្តតាមនោះទេ ក៏ប៉ុន្តែសេចក្តីសម្រេចនោះមានទម្ងន់ខាងនយោបាយដែលជាការបង្ហាញមតិរបស់ពិភពលោក។
ចំណាត់ការស្រដៀងគ្នានេះដែរនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលនឹងក្លាយជាការតម្រូវឱ្យធ្វើតាមគឺមិនមែនជាជម្រើសទេ ពីព្រោះតែរុស្ស៊ីកាន់កាប់អាសនៈអចិន្ត្រៃយ៍មួយនៃអាសនៈអចិន្ត្រៃយ៍៥ដែលមានអំណាចបោះឆ្នោតវ៉េតូ។
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តរួចហើយនូវសេចក្តីសម្រេចជាបន្តបន្ទាប់ដែលបង្ហាញការគាំទ្រដល់អ៊ុយក្រែន ហើយបានរិះគន់ចំណាត់ការយោធារបស់រុស្ស៊ី។
ប៉ុន្មានថ្ងៃបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោត១៤១ទល់នឹង៥សំឡេងទាមទារឱ្យមានការឈប់បាញ់គ្នានិងដកកងទ័ពរុស្ស៊ីទាំងអស់ជាបន្ទាន់។ សេចក្តីសម្រេចមួយទៀតប៉ុន្មានសប្តាហ៍ក្រោយមកបានស្តីបន្ទោសរុស្ស៊ីចំពោះវិបត្តិមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនហើយនឹងទាមទារឱ្យមានជំនួយចេញចូលទៅកាន់ប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។