ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារបានព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រួមទាំងការដាក់ទណ្ឌកម្មបុគ្គលប្រ ឆាំងនឹងលោក Putin ខ្លួនឯងផងដែរ ប្រសិនបើមេដឹកនាំរុស្ស៊ីរូបនេះប្រើប្រាស់កងទ័ពប្រមាណ១២៧.០០០ដែលប្រុងប្រៀបរួចហើយធ្វើការវាយប្រហារនៅតាមបណ្តោយព្រំដែនប្រ ទេសអ៊ុយក្រែននោះ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖ «ខ្ញុំបានធ្វើការបញ្ជាក់យ៉ាងច្បាស់កាលពីដំបូងអំពីលោកប្រធានាធិបតី Putin ប្រសិនបើលោកត្រូវធ្វើអន្តរាគមន៍ចូលក្នុងប្រទេសអ៊ុយក្រែន ការណ៍នេះនឹងមានផលវិបាកដ៏ធ្ងន់ធ្ងរ រួមទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចហើយខ្ញុំគិតថា ត្រូវបង្កើនវត្តមានរបស់យើង វត្តមានរបស់អង្គការអូតង់នៅរណសិរ្សខាងកើតគឺប្រទេសប៉ូឡូញនិងប្រទេសរ៉ូម៉ានីជាដើម។ ប្រសិនបើលោក Putinត្រូវធ្វើអន្តរាគមន៍ក្នុងប្រទេសអ៊ុយក្រែនដោយប្រើកម្លាំងទាំងអស់នោះ វានឹងក្លាយជាការទន្ទ្រានដ៏ធំមួយចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ ការណ៍នេះនឹងផ្លាស់ប្តូរពិភពលោក»។
លោកប្រធានាធិបតីក៏បានបញ្ជាក់ដែរថា កងទ័ពសហរដ្ឋអាមេរិក៨ពាន់៥រយនាក់ដែលបានដាក់ឲ្យស្ថិតនៅក្នុងការប្រុងប្រៀបនៅសប្តាហ៍នេះ នឹងមិនត្រូវបញ្ជូនចូលក្នុងទឹកដីអ៊ុយក្រែននោះទេ ហើយកងទ័ពអាមេរិកទាំងនោះនឹងត្រូវបញ្ជូនទៅជាផ្នែកមួយនៃកិច្ចប្រតិបត្តិការរបស់អង្គការអូតង់ មិនមែនជាកិច្ចប្រតិបត្តិការរបស់សហរដ្ឋអាមេរិកតែមួយនោះទេ។ លោកប្រធានាធិបតីមិនបាននិយាយថា តើនៅពេលណាដែលលោកអាចសម្រេចចិត្តនឹងបញ្ជាកងទ័ពទាំងនោះចូលក្នុងសមរភូមិនោះទេ។
លោក Biden មានប្រសាសន៍ទៀតថា សហរដ្ឋអាមេរិកមានកាតព្វកិច្ចពិសេសជួយសម្ព័ន្ធមិត្តអង្គការអូតង់ដែលប្រឈមការគំរាមកំហែង។ អ៊ុយក្រែនមិនមែនជាសមាជិករបស់អង្គការអូតង់ទេ ថ្វីបើអ៊ុយក្រែនចង់ក្លាយជាសមាជិករបស់អង្គការនេះក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ក៏រុស្ស៊ីមើលឃើញលទ្ធភាពនៃសមាជិកភាពអង្គការអូតង់អ៊ុយក្រែនជាការគំរាមកំហែង ហើយបានទាមទារឲ្យសម្ព័ន្ធមិត្តខាងសន្តិសុខនេះរារាំងសមាជិកភាពរបស់អ៊ុយក្រែន។ លោក Putin បាននិយាយថា លោកមិនមានបំណងឈ្លានពានអ៊ុយក្រែនទេ ក៏ប៉ុន្តែ មើលឃើញការពង្រីកទៅផ្នែកខាងកើតរបស់អង្គការអូតង់ថា ជាការគំរាមកំហែងមួយ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ទៀតថា៖ «ខ្ញុំបាននិយាយជាមួយសម្ព័ន្ធមិត្តអង្គការអូតង់ទាំងអស់របស់យើងតាមជំនួបអនឡាញ ហើយយើងទាំងអស់គ្នាបានយល់ ស្របគ្នា។ យើងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា មិនមានហេតុផលសម្រាប់ជនណាម្នាក់ឬសមាជិកអង្គការអូតង់ណាមួយត្រូវព្រួយបារម្ភថាតើយើងជាអង្គការអូតង់នឹងការពារពួកគេឬក៏អត់នោះទេ»។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានប្រើសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអង្គារជំរុញឲ្យរក្សាការស្ងៀមស្ងាត់នៅក្នុងប្រទេស៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។