ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​ចាត់​វិធាន​ការ​លើ​រុស្ស៊ី​ បើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (ស្ដាំ) ផ្ដល់​បទសម្ភាស​ដល់​អ្នកស្រី Myroslava Gongadze នៃ​ VOA អំពី​កិច្ចចរចា​ជាមួយ​នឹង​រុស្ស៊ី​អំពី​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (ស្ដាំ) ផ្ដល់​បទសម្ភាស​ដល់​អ្នកស្រី Myroslava Gongadze នៃ​ VOA អំពី​កិច្ចចរចា​ជាមួយ​នឹង​រុស្ស៊ី​អំពី​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក​ព្រមាន​ចាត់​វិធានការ​លើ​ប្រទេស​រុស្ស៊ី ប្រសិន​បើ​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ដែល​នៅ​ជិត​ខាង​នោះ។ នេះ​បើ​តាម​ប្រសាសន៍​របស់រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​អ្នកស្រី Myroslava Gongadze នាយិកា​ការិយាល័យ​អឺរ៉ុប​ខាង​កើត​របស់​ VOA កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។

​លោក Blinken បាន​ថ្លែង​ប្រាប់ VOA ​យ៉ាង​ដូច្នេះ​ថា៖ «ជា​ដំបូង យើង​បាន​ផ្ដល់​ជម្រើស​ដ៏​ច្បាស់លាស់​មួយ​ដល់​រុស្ស៊ី។ នោះ​គឺ​ដំណោះស្រាយ​តាមរយៈ​កិច្ចសន្ទនា​និង​ការ​ទូត បើ​មិន​ដូច្នោះ​ទេ នឹងត្រូវ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ហើយ​នឹង​មាន​ផលវិបាក​នានា។ យើង​បាន​ធ្វើ​ទំនាក់ទំនង​ការ​ទូត​ខ្លាំងក្លា​ដោយ​ផ្ទាល់​ជា​ច្រើន​រួច​មក​ហើយ​ជាមួយ​នឹង​រុស្ស៊ី តាមរយៈ​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​ស្ថិរភាព​របស់​អង្គការ​អូតង់ ជាមួយ​នឹង​ក្រុម​ប្រឹក្សា​រុស្ស៊ី​នៃ​អង្គការ​អូតង់​នៅ​ឯ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សុវត្ថិភាព​នៅ​អឺរ៉ុប OSCE ហើយ​ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា រុស្ស៊ី​នឹង​ជ្រើស​រើស​យក​ជម្រើស​ការទូត។ ច្បាស់ណាស់ វា​គឺ​ជា​ជម្រើស​ល្អ​ជាង»។

លោក Blinken បាន​អញ្ជើញ​ទៅ​រដ្ឋធានី​កៀវ​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​ជាមួយក្រុម​មេដឹកនាំ​អ៊ុយក្រែន​ដែល​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​លោក​ហៅ​ថា​ជា «កិច្ច​ប្រឹងប្រែង​ខាង​ការទូត​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ជុំវិញ​ការ​ដាក់​ពង្រាយ​កងទ័ព​របស់​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​អ៊ុយក្រែន»។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​និយាយ​ទៀត​ថា៖ «វិស័យ​ការទូត​នៅ​មិនទាន់​ទាល់ច្រក​ទេ។ ភាគី​សហរដ្ឋ​អាមេរិក​ជឿ​ថា មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​ជោគជ័យ​បាន​គឺ​តាមរយៈ​ការទូត»។

កាល​ពី​មុន​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Blinken បាន​និយាយ​ថា៖ «រុស្ស៊ី​បាន​បង្កើន​ការ​គំរាមកំហែង​របស់​ខ្លួន និង​បាន​បញ្ជូន​កងទ័ព​ជិត ១ សែន​នាក់​ទៅ​កាន់​ព្រំដែន​អ៊ុយក្រែន ដែល​ចំនួន​នេះ​អាច​នឹង​កើនឡើង​ទ្វេ​ដងបើ​សិន​ជា​មាន​បទ​បញ្ជា​ភ្លាមៗ​ណា​មួយ»។​

លោក Blinken បាន​បញ្ជាក់​ទៀត​ថា ​សហរដ្ឋ​អាមេរិក​កំពុង​តែ​ដឹកជញ្ជូន​ជំនួយ​ជា​សម្ភារៈ​ដល់​អ៊ុយក្រែន ដែល​គ្រោង​នឹង​ដឹក​ទៅ​ដល់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ៕

XS
SM
MD
LG