ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យសមាជិកក្រុមគ្រួសាររបស់បុគ្គលិកអ្នកការទូតអាមេរិក ចាកចេញពីរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន និងបានអនុញ្ញាតឲ្យមន្ត្រីបុគ្គលិកទូត អាចចាកចេញពីប្រទេសនេះ ដោយស្ម័គ្រចិត្ត ដោយសារតែការបន្តនៃការគំរាមកំហែងនៃសកម្មភាពកងទ័ពរុស្សីប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសអាមេរិក ក៏បានស្នើដល់ពលរដ្ឋអាមេរិកាំងទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនឲ្យពិចារណាចាកចេញពីប្រទេសនេះនៅពេលនេះ ដោយប្រើប្រាស់ជើងហោះហើរពាណិជ្ជកម្ម ឬតាមមធ្បោបាយធ្វើដំណើរឯកជនដ៏ទៃផ្សេងទៀតដែលអាចមាន។
ក្រសួងការបរទេសអាមេរិក បានចេញការព្រមានកម្រិតទី៤នៃការធ្វើដំណើរឡើងវិញសម្រាប់អ៊ុយក្រែនដោយនិយាយថា «មិនត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដោយសារតែការគំរាមកំហែង កំពុងបន្តកើនឡើង បណ្តាលមកពីសកម្មភាពកងទ័ពរុស្សី និងជំងឺកូវីដ១៩»។ កាលពីពេលមុន សហរដ្ឋអាមេរិក ក៏បានចេញការព្រមានពីការធ្វើដំណើរកម្រិតទី៤ផងដែរ ក៏ប៉ុន្តែដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ តែប៉ុណ្ណោះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានចេញសេចក្តីប្រកាសនៃការធ្វើដំណើរទៅកាន់ប្រទេសរុស្សីឡើងវិញផងដែរកាលពីយប់ថ្ងៃអាទិត្យ ដោយបានបញ្ជាក់ថា «មិនត្រូវធ្វើដំណើរទៅកាន់ប្រទេសរុស្សីនោះឡើយ ដោយសារតែភាពតានតឹងនៅតែបន្តកើតមាននៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន លទ្ធភាពនៃការធ្វើទុក្ខបុកម្នេញប្រឆាំងពលរដ្ឋអាមេរិកាំង កម្រិតនៃការជួយរបស់ស្ថានទូតអាមេរិកសម្រាប់ពលរដ្ឋអាមេរិកាំងនៅក្នុងប្រទេសរុស្សី ការរឹតបន្តឹងច្រកចេញចូលដោយសារជំងឺកូវីដ១៩ អំពើភេរវកម្ម ការធ្វើទុក្ខបុកម្នេញពីមន្ត្រីសន្តិសុខរដ្ឋាភិបាលរុស្សី និងការពង្រឹងការអនុវត្តច្បាប់ក្នុងស្រុកតាមអំពើចិត្ត»។
មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ទៀតថា ស្ថានភាពសន្តិសុខ ជាពិសេសនៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន នៅតំបន់គ្រីមមៀ និងតំបន់ភាគខាងកើតអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្សី មានលក្ខណៈមិនអាចទស្សន៏ទាយបាន ហើយអាចកាន់តែយ៉ាប់យ៉ឺនឡើងដោយមានព័ត៌មានតិចតួច។
មន្ត្រីអាមេរិកនោះ បានលើកឡើងទៀតថា លោកប្រធានាធិបតី Biden បាននិយាយហើយថា ការឈ្លានពានខាងយោធារបស់រុស្សីលើអ៊ុយក្រែន អាចកើតឡើងក្នុងពេលណាមួយ ហើយក្នុងករណីដែលវានឹងកើតឡើងមែននោះ ស្ថានទូតអាមេរិកនៅក្នុងទីក្រុងកៀវ មានលទ្ធភាពតាមកម្រិតរបស់ខ្លួនតែប៉ុណ្ណោះក្នុងការជួយដល់ពលរដ្ឋអាមេរិកាំងដែលចង់ចាកចេញពីប្រទេសនោះ។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានព្រមានដល់ប្រទេសរុស្សីថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដឹងពីកលល្បិច និងបច្ចេកទេសទាំងអស់ដែលរុស្សីអាចប្រើប្រាស់ក្នុងការបំផ្លាញដល់រដ្ឋាភិបាលអ៊ុយក្រែន ប៉ុន្តែសហរដ្ឋអាមេរិក នៅតែបន្តជំរុញកិច្ចពិភាក្សាតាមរយៈការទូត ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយនូវភាពតានតឹងនៅក្នុងអឺរ៉ុបខាងកើតនោះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press, Agence France-Presse និង Reuters។