ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ បានជំរុញឲ្យពលរដ្ឋអាមេរិកាំងចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ហើយបានព្រមានពីសក្ដានុពលនៃការប្រឈមមុខដាក់គ្នាដ៏ខ្លាំងជាមួយរដ្ឋាភិបាលក្រុងមូស្គូ ដែលកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពរុស្ស៊ី អាចប្រយុទ្ធគ្នាក្នុងសមរភូមិផ្លូវគោក។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកប្រធានាធិបតី Biden បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ NBC News ថា៖ «ពលរដ្ឋអាមេរិកាំង ត្រូវតែចាកចេញពីប្រទេសអ៊ុយក្រែន។ ត្រូវតែចាកចេញឥឡូវនេះ»។
លោកប្រធានាធិបតីបាននិយាយទៀតថា៖ «យើងកំពុងប្រឈមមុខនឹងកម្លាំងកងទ័ពដ៏ធំបំផុតមួយក្នុងពិភពលោក។ នេះ ជាស្ថានភាពខុសប្លែកមួយដែលស្ថានការណ៍នេះ អាចក្លាយជាគ្រោះថ្នាក់មួយរំពេច»។
លោក Biden ក៏បានបញ្ជាក់ជាថ្មីថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ លោកនឹងបញ្ជូនទាហានអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន សូម្បីតែដើម្បីជួយសង្គ្រោះជនជាតិអាមេរិកក្នុងករណីមានការឈ្លានពានពីរុស្ស៊ីក៏ដោយ។
លោកនិយាយទៀតថា៖ «នេះ ជាសង្រ្គាមលោកមួយ។ នៅពេលដែលអាមេរិក និងរុស្ស៊ីចាប់ផ្ដើមប្រយុទ្ធគ្នា វាដូចជាយើងស្ថិតនៅក្នុងពិភពមួយផ្សេងទៀតអ៊ីចឹង»។
ភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងមូស្គូ ស្ថិតក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក ដោយសហរដ្ឋអាមេរិក បាននិយាយថា ទាហានរុស្ស៊ីប្រហែល ១ សែន ៣ ម៉ឺននាក់ ត្រូវបានដាក់ជាក្រុមនៅក្នុងកងពលប្រយុទ្ធតូចៗរាប់សិបកងពលនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។
មេដឹកនាំលោកខាងលិច កំពុងធ្វើកិច្ចសហប្រតិបត្តិការខាងការទូតក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ។ ប៉ុន្តែការអត្ថាធិប្បាយរបស់លោក Biden និងក្រសួងការបរទេសអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បន្តព្រមានឲ្យពលរដ្ឋអាមេរិកាំងចាកចេញពីប្រទេសអ៊ុយក្រែន គឺស្ទើរតែប្រាកដថា ច្បាស់ជាមានភាពតានតឹងថ្មីៗមិនខាន។
ទោះយ៉ាងណាក៏ដោយ លោក Biden បានច្រានចោលសេណារីយ៉ូនៃការជួយសង្គ្រោះជនជាតិអាមេរិកាំងនៅអ៊ុយក្រែនដោយនិយាយថា «តើអ្នករកពួកគេដោយរបៀបណា»?។
លោក Biden បានបន្តទៀតថា «អ្វីដែលខ្ញុំសង្ឃឹមនោះគឺ ប្រសិនសិន (ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin) ល្ងង់រហូតដល់បង្កជម្លោះនេះ លោកក៏ឆ្លាតគ្រប់គ្រាន់ក្នុងការមិនធ្វើអ្វីដែលប៉ះពាល់ជាអវិជ្ជមានដល់ពលរដ្ឋអាមេរិកដែរ»។
លោក Biden បាននិយាយថា លោកមិនចាំបាច់ប្រាប់លោក Putin នោះទេ។ លោកបន្ថែមទៀតថា «លោក Putin ដឹងរឿងនេះហើយ»៕