រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ដំណោះស្រាយដ៏ល្អបំផុតសម្រាប់វិបត្តិរុស្ស៊ីនិងអ៊ុយក្រែន គឺដំណោះស្រាយខាងការទូតហើយលោករំពឹងថានឹងពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់និងចក្រភពអង់គ្លេសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដែលកំពុងធ្វើដំណើរជាមួយលោកទៅកាន់ប្រទេសអូស្ត្រាលីដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រទេស Quadថា«ដូចអ្នកទាំងអស់គ្នាដឹងរួចហើយថា យើងកំពុងចូលរួមក្នុងយុទ្ធសាស្ត្រផ្លូវ២ដែលយើងកំពុងមានដើម្បីជំរុញសកម្មភាពការទូតដែលជាជម្រើសមួយដែលយើងចង់បាននិងមានការទទួលទទួលខុសត្រូវ ស្របពេលជាមួយគ្នានោះ យើងក៏កំពុងបង្កើតនូវភាពកំញើញដ៏ខ្លាំងមួយដើម្បីការពារកុំឲ្យរុស្ស៊ីបង្កើនសកម្មភាពដ៏គឃ្លើនរបស់ខ្លួន»។
ប្រធានាធិបតីបារាំងលោកEmmanuel Macron បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ដំណោះស្រាយមួយ អាចប្រើពេលរាប់ខែ។
លោក Macron បាននិយាយនៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនជាទីកន្លែងដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថា៖ «យើងមិនត្រូវមើលស្រាលទៅលើភាពតានតឹងនៃស្ថានការណ៍នេះឡើយ។ វាជាស្ថានភាពមួយដែលមិនធ្លាប់មានកាលពីមុននោះទេ។ ខ្ញុំមិនគិតថា យើងអាចដោះស្រាយវិបត្តិនេះបានតាមរយៈការពិភាក្សាតែ២ឬ៣ម៉ោងនោះឡើយ»។
លោកMacron បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកVladimir Putin រយៈពេល៥ម៉ោងនៅក្នុងទីក្រុងមូស្គូកាលកាលពីថ្ងៃចន្ទកន្លងទៅនេះ។
ប្រធានាធិបតីបារាំងរូបនេះ បាននិយាយថា កិច្ចពិភាក្សារបស់លោកជាមួយលោកPutinបានជួយធានាថា ស្ថានការណ៍នៃវិបត្តិនេះ នឹងមិនកាន់តែអាក្រក់ឡើងហើយភាពតានតឹងនឹងមិនកើនឡើងថែមទៀតនោះឡើយជុំវិញភាពមិនចាញ់មិនឈ្នះគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិចដែលគាំទ្ររដ្ឋាភិបាលទីក្រុងកៀវនោះ។
លោក Macron បានថ្លែងបន្ទាប់ពីជំនួបជាមួយលោកZelenskiyថា៖ «ខ្ញុំជឿជាក់ថា មានដំណោះស្រាយជាក់ស្តែងនិងរឹងមាំមួយដែលអនុញ្ញាតឲ្យយើងធ្វើសកម្មភាពទៅមុខទៀត»។
អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ីលោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា៖ «សំណើរបស់លោក MacronចំពោះលោកPutinមានលក្ខណៈសមហេតុផលមួយចំនួន ប៉ុន្តែអ្នកនាំពាក្យរូបនេះបានបដិសេធន៍ចំពោះការលើកឡើងមួយចំនួនដែលថា វិបត្តិនោះត្រូវបានដោះស្រាយរួចហើយ។ លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ យើងនៅមិនទាន់មើលឃើញពីភាពប្រុងប្រៀបខ្លួនរបស់សមភាគីប្រទេសលោកខាងលិចរបស់យើងក្នុងការគិតគូរលើក្តីកង្វល់របស់យើងនោះឡើយ»។
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោកZelenskiyវិញបានលើកឡើងក្រោយជំនួបជាមួយលោកMacronថា លោកចង់ឲ្យប្រធានាធិបតីរុស្ស៊ីលោកPutinបង្ហាញនូវចេតនាល្អមួយក្នុងការដកកងទ័ពរុស្ស៊ីចេញពីតាមបណ្តោយព្រំដែនរបស់អ៊ុយក្រែន។
លោកថ្លែងថា៖ «ខ្ញុំមិនជឿទាំងស្រុងតែទៅលើពាក្សសម្ដីនោះឡើយ។ ខ្ញុំជឿថា អ្នកនយោបាយគ្រប់រូប អាចមានតម្លាភាពតាមរយៈសកម្មភាពជាក់ស្តែងរបស់ខ្លួន»៕