ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងរៀបចំជំនួបមួយជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholzនៅសេតវិមាននៅថ្ងៃចន្ទនេះ ដែលរបៀបវារៈនៃកិច្ចប្រជុំនេះ ទំនងជាផ្តោតសំខាន់ទៅលើកិច្ចប្រឹងប្រែងដើម្បីកំញើញដល់ការឈ្លានពានណាមួយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
សមាជិកអង្គការអូតង់ទាំងពីរនេះបានសម្តែងនូវការគាំទ្រដើម្បីជំរុញកងកម្លាំងសម្ព័ន្ធមិត្តអង្គការអូតង់នៅផ្នែកខាងកើតអឺរ៉ុប ដោយសហរដ្ឋអាមេរិកបានបញ្ជាឲ្យដាក់កងកម្លាំងរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសប៉ូឡូញនិងរ៉ូម៉ានីហើយលោក Scholzបាននិយាយកាលពីថ្ងៃអាទិត្យថា លោកយល់ព្រមពង្រឹងនូវក្រុមកម្លាំងសមរភូមិ ដែលដឹកនាំដោយអាល្លឺងម៉ង់នៅក្នុងប្រទេសលីទុយអានី។
សហរដ្ឋអាមេរិកក៏បានដឹកជញ្ជូនជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ដែលក្នុងនោះមានគ្រាប់រំសេវ និងកាំជ្រួចមីស៊ីលកម្ទេចរថក្រោះជាដើម។ អាល្លឺម៉ង់បានធ្វើឲ្យសមាជិកអង្គការអូតង់មួយចំនួនមិនពេញចិត្ត ចំពោះការបដិសេធមិនគាំទ្រការផ្តល់អាវុធប្រល័យ ដោយរដ្ឋាភិបាលអាល្លឺម៉ង់បានលើកឡើងពីគោលនយោបាយរបស់ខ្លួន ដែលមិនបញ្ជូនអាវុធប្រភេទទាំងនេះទៅកាន់តំបន់ជម្លោះនោះទេ។
ចំណុចរសើបមួយទៀតនោះគឺថា អាល្លឺម៉ង់បានពឹងផ្អែកទៅលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីហើយគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 ត្រូវបានបង្កើតឡើងដើម្បីបញ្ជូនឧស្ម័នធម្មជាតិទៅកាន់ប្រទេសអាល្លឺម៉ង់ផងដែរ។
សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសដទៃជាច្រើនទៀត បានមើលឃើញពីគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិនោះ ថាជាការកំញើញមួយនៃការវាយប្រហាររបស់រុស្សីលើអ៊ុយក្រែន ដោយបាននិយាយថា ការចូលឈ្លានពានណាមួយ នឹងមានន័យថានឹងបញ្ចប់នូវគម្រោងនេះ។
ទន្ទឹមនឹងការពិភាក្សាស្តីពីជម្លោះអ៊ុយក្រែននិងរុស្ស៊ីនោះ សេតវិមានក៏បាននិយាយផងដែរថា លោក Biden និងលោកScholz ក៏នឹងពិភាក្សាគ្នាផងដែរពីបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ ដែលរួមមានការប្រែប្រួលអាកាសធាតុនិងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាដើម៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។