ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងបង្ហាញផែនការដែលគេទន្ទឹងរង់ចាំដ៏យូរមកហើយដើម្បីផ្លាស់ប្តូរតុលាការកំពូលសហរដ្ឋអាមេរិក ដោយអំពាវនាវដល់សភាឲ្យកំណត់អាណត្តិនិងក្រមសីលធម៌សម្រាប់ចៅក្រមទាំង៩រូបនៃតុលាការនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ។ លោក Biden ក៏កំពុងជំរុញក្រុមអ្នកតាក់តែងច្បាប់ឲ្យផ្តល់សច្ចាប័នដល់វិសោធនកម្មរដ្ឋធម្មនុញ្ញមួយដែលកម្រិតអភ័យឯកសិទ្ធិប្រធានាធិបតី។
សេតវិមានកាលពីថ្ងៃចន្ទ បានលាតត្រដាងគម្រោងរបស់លោក Biden ដើម្បីកែប្រែតុលាការកំពូល តែគម្រោងនេះ ហាក់ដូចជាមានលទ្ធភាពតិចតួចក្នុងការទទួលបានការអនុម័តដោយសភាដែលមានចំនួនសមាជិកមកពីគណបក្សធំៗទាំង២ប្រហាក់ប្រហែលគ្នា ហើយនៅសល់ពេលមិនដល់១០០ថ្ងៃទៀតផងមុនថ្ងៃបោះឆ្នោត។
សេតវិមានកំពុងប្រើប្រាស់ការខឹងសម្បារដែលកាន់តែកើនឡើងក្នុងចំណោមអ្នកគាំទ្របក្សប្រជាធិបតេយ្យចំពោះតុលាការកំពូល ដែលមានសមាជិកទំនោរអភិរក្សនិយម ៦ទល់៣ ដែលចេញសេចក្តីសម្រេចផ្លាស់ប្តូរសេចក្តីសម្រេចជាប្រវត្តិសាស្ត្រស្តីពីសិទ្ធិរំលូតកូននិងអំណាចដាក់បទប្បញ្ញត្តិសហព័ន្ធ ដែលនៅជាធរមានអស់រាប់ទសវត្សរ៍មកហើយ។
ក្រុមអ្នកសេរីនិយមក៏បានសម្តែងការខកចិត្តចំពោះការលាតត្រដាងអំពីអ្វីដែលពួកគេនិយាយថាជាទំនាក់ទំនងនិងការសម្រេចចិត្តដ៏គួរឲ្យមន្ទិលដោយចៅក្រមខ្លះដែលមានទំនោរអភិរក្សនិយមក្នុងតុលាការកំពូលដែលបង្ហាញថាភាពឥតលម្អៀងរបស់ពួកគេ មិនត្រូវបានប្រកាន់ខ្ជាប់នោះទេ។
លោក Biden អំពាវនាវឲ្យលុបចោលការតែងតាំងមួយជីវិតសម្រាប់មុខតំណែងចៅក្រមតុលាការកំពូល។ លោកថាសភា គួរតែអនុម័តច្បាប់បង្កើតប្រព័ន្ធមួយដែលប្រធានាធិបតីកំពុងកាន់តំណែង ត្រូវតែងតាំងចៅក្រមតុលាការកំពូលម្នាក់រៀងរាល់ពីរឆ្នាំម្តងសម្រាប់អាណត្តិ១៨ឆ្នាំ បម្រើការនៅក្នុងតុលាការនេះ។
លោក Biden ក៏ចង់ឲ្យសភាអនុម័តច្បាប់បង្កើតក្រមសីលធម៌សម្រាប់ចៅក្រមតុលាការកំពូលដែលតម្រូវឲ្យចៅក្រមទាំងនោះ បង្ហាញពីអំណោយនានាដែលខ្លួនបានទទួល មិនចូលរួមក្នុងសកម្មភាពនយោបាយជាសាធារណៈ និងដកខ្លួនចេញពីសំណុំរឿងដែលពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ខាងហិរញ្ញវត្ថុឬខាងបញ្ហាផ្សេងៗរបស់ខ្លួនឬប្តីប្រពន្ធរបស់ខ្លួន។
លោក Biden ក៏អំពាវនាវឲ្យសភា អនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកែប្រែសេចក្តីសម្រេចជាប្រវត្តិសាស្ត្រក្នុងពេលថ្មីៗរបស់តុលាការកំពូលដែលកំណត់ថាអតីតប្រធានាធិបតីមានអភ័យឯកសិទ្ធិទូលំទូលាយ រួចផុតពីការផ្តន្ទាទោស៕