ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden ​និង​លោក​ Netanyahu ​ជួប​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​នៅ​ហ្កាហ្សា​និង​បទឈប់បាញ់


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu នៅ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu នៅ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​ទទួលជួប​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល ​លោក​Benjamin Netanyahu ​នៅ​សេតវិមាន​ដើម្បី​ពិភាក្សាគ្នា​ដែល​មាន​គោលបំណង​ធានាឲ្យ​មាន​បទឈប់បាញ់​រយៈពេល​យូរ​នៅ​តំបន់​ហ្កាហ្សា ​និង​ការដោះលែង​ចំណាប់ខ្មាំង​ដែល​បាន​ឃុំខ្លួន​នៅ​ទីនោះ​ចាប់តាំងពី​ការវាយ​ប្រហារ​ថ្ងៃទី៧ ​ខែតុលា​របស់​ពួកហាម៉ាស់​លើ​អ៊ីស្រាអែល។

មេដឹកនាំទាំងពីរ​បាន​ជួបគ្នា​នៅ​ការិយាល័យ​សេតវិមាន​ ក្នុង​រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​មេដឹកនាំ​ទាំងពីរ​បាន​ថ្លែង​សុន្ទរកថា​បន្ត​បន្ទាប់គ្នា​ដែល​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ ដោយ​លោក Netanyahu បាន​ថ្លែង​កាលពី​ថ្ងៃពុធ​នៅ​ចំពោះមុខ​សភា​សហរដ្ឋ​អាមេរិក​ ជា​កន្លែង​ដែល​លោក​បាន​ការពារ​សង្គ្រាម​របស់​ប្រទេស​លោក​ប្រឆាំងនឹង​ក្រុមហាម៉ាស់។ រីឯ​លោក Biden ​បាន​ថ្លែង​សុន្ទរកថា​ពី​ការិយាល័យ​សេតវិមាន​ប្រកប​ដោយ​ភាព​ស្រគត់​ស្រគំ​ ដោយ​លោក​បាន​ដាក់​ចេញ​នូវ​ការគិតគូនៅ​ពីក្រោយ​ការសម្រេចចិត្ត​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​របស់​លោក​កាលពី​ថ្ងៃអាទិត្យ​ដកខ្លួនចេញ​ពី​ការឈរ​ឈ្មោះ​ប្រធានាធិបតី ​ហើយ​គាំទ្រ​អ្នកស្រី​អនុប្រធានាធិបតី​របស់​លោក។

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃពុធ​ថា ​លោក​ Biden ​នឹង​បង្ហាញ ​«ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​លោក​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល»​ ហើយ​ថា​កិច្ចប្រជុំ​នឹង​រួមបញ្ចូល​ការពិភាក្សា​អំពី​ការគំរាម​កំហែង​ដល់​អ៊ីស្រាអែល​ពីក្រុម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​មជ្ឈិម​បូព៌ា ​ដូចជា​ក្រុមហាម៉ាស់​ ក្រុមហេសបូឡា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​លីបង់ ​និង​ ក្រុមសកម្ម​ប្រយុទ្ធ ​Houthi ​របស់​យេម៉ែន។

ក្រៅពី​ស្ថានភាព​មនុស្សធម៌​នៅតំបន់​ហ្កាហ្សា ​លោក Biden ​និង​លោក ​Netanyahu ក៏​បានពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​បទឈប់បាញ់​ ដែល​បង្ហាញ​ពី​ការបញ្ឈប់​ការប្រយុទ្ធ ​ការដោះលែង​ចំណាប់ខ្មាំង​ដែល​កាន់កាប់​ដោយ​ក្រុមហាម៉ាស់​នៅហ្កាហ្សា​ ការដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ពី​អ៊ីស្រាអែល ​និង ​ការកើនឡើង​នៃ​ជំនួយ​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា៕

XS
SM
MD
LG