ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ជួប​លោក Zelenskyy នៅឯ​សេតវិមាន​នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា​នេះ


រូបឯកសារ៖ លោកប្រធានាធិបតី Joe Biden ចាប់ដៃជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងទីក្រុងប៉ារីស ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤។
រូបឯកសារ៖ លោកប្រធានាធិបតី Joe Biden ចាប់ដៃជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងទីក្រុងប៉ារីស ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ ក្រែន​ លោក Volodymyr Zelenskyyនៅឯ​សេតវិមាន​នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា​នេះ​ ដើម្បី​ចរចា​ពី​ជម្លោះ​កំពុង​បន្ត​មាន​ឡើង​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី។ នេះ​បើ​តាម​ការប្រកាស​របស់​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

សេចក្តីថ្លែងការណ៍​មួយ​ពី​អ្នកនាំពាក្យ​សេតវិមាន​ អ្នក​ស្រី Karine Jean-Pierreបាន​និយាយ​ថា​ លោក Zelenskyy ក៏​នឹង​ជួប​ដាច់​ដោយឡែក ​ជាមួយ​អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris ដែរ។

អ្នក​ស្រី​អ្នក​នាំពាក្យ​បាន​និយាយ​ទៀត​ថា«មេដឹកនាំ​ទាំង២ នឹង​ពិភាក្សា​ស្ថានភាព​នៃ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន រួមមាន​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​អ៊ុយក្រែន និង​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​អ៊ុយក្រែន​ នៅ​ក្នុង​ការការពារ​របស់​ខ្លួន​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី។ លោក​ប្រធានាធិបតី​និង​អ្នក​ស្រី​អនុ​ប្រធានាធិប​តី នឹង​សង្កត់​ពីការតាំងចិត្ត​ ដែល​មិន​អាច​រង្គោះរង្គើ​បាន​របស់​ពួកគេ​ទាំងពីរ ក្នុងការ​គាំទ្រ​អ៊ុយក្រែន​ រហូតទាល់អ៊ុយក្រែនឈ្នះ​សង្គ្រាម​នេះ»។

លោក Zelenskyy និយាយ​ថា​លោក​មាន​ផែនការ​សម្រាប់​ជោគជ័យ​នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ប្រទេស​របស់​លោក ហើយ​ថា​ លោក​មាន​បំណង​ប្រគល់​សំណើ​នោះ​ជូន ​លោក​ប្រធានាធិបតី Biden។

នៅ​ក្នុង​សុន្ទរកថា​នៅឯ​ការបើក​ជំនួប​យុទ្ធសាស្ត្រ​អឺរ៉ុបក្រុង Yaltaប្រចាំ​ឆ្នាំ​លើក​ទី២០ នៅ​ក្នុង​រដ្ឋធានី​កៀវ​ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក Zelenskyy បាន​និយាយ​ថា​សង្គ្រាម​ឈ្លានពាន​ដូចជា​សង្គ្រាម​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយ ក្រែន អាច​បញ្ចប់ដោយ​វិជ្ជមាន​ ដោយ​កងទ័ព​ដែល​ត្រួតត្រា​ត្រូវ​បាន​រុញច្រាន​ចេញ​ពី​សមរភូមិ​ ឬ​តាម​រយៈ​ការទូត​ដែល​ក្នុង​នោះ​ ប្រទេស​ដែល​ត្រូវ​គេ​ឈ្លានពាន​រួចផុត​ពី​ការត្រួតត្រា​ ហើយ​ឯករាជ្យភាព​របស់​ខ្លួន​ត្រូវ​បាន​ការពារ។

ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ លោក Zelenskyy បាន​សម្តែង​នូវការរកាំចិត្ត​របស់​លោក​ ដែល​មិន​បាន​ទទួល​ការអនុញ្ញាត​ពី​សម្ពន្ធមិត្ត ជាពិសេស​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ ដើម្បី​ប្រើប្រាស់​អាវុធ​វង់ប្រតិបត្តិការ​ឆ្ងាយ​របស់​ពួកគេ​ ប្រឆាំង​នឹង​ទីដៅ​នានា​នៅ​ខាង​ក្នុង​ប្រទេស​រុស្ស៊ី។

សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​បាន​សម្តែង​នូវ​ការព្រួយកង្វល់ ​អំពី​ការទាញចូល​ក្នុង​ការប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី៕

XS
SM
MD
LG