សហរដ្ឋអាមេរិកនឹងរៀបចំការពិភាក្សាជាមួយប្រទេសជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃអង្គារនេះ ដោយផ្តោតលើការផ្តល់អាវុធទៅឲ្យអ៊ុយក្រែនបន្ទាប់ពីអ្នកការទូតនិងមន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវដើម្បីសន្យាផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិកកាន់តែច្រើនឡើងថែមទៀតដល់ប្រទេសអ៊ុយក្រែននោះ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នឹងធ្វើការពិភាក្សានៅថ្ងៃអង្គារនេះនៅឯមូលដ្ឋានកងទ័ពអាកាស Ramstein នៅក្នុងប្រទេសអាល្លឺម៉ង់ដើម្បីសម្របសម្រួលការបង្កើនជំនួយសន្តិសុខរបស់ប្រទេសលោកខាងលិចសម្រាប់អ៊ុយក្រែន។
ឧត្តមសេនីយ៍សហរដ្ឋអាមេរិកលោក Mark Milley ប្រធានអគ្គសេនាធិការរួមបានប្រាប់ពួកអ្នកយកព័ត៌មានដែលបានធ្វើដំណើរជាមួយលោកទៅកាន់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទថា អ៊ុយក្រែនត្រូវការ«ការបន្តជួយឧបត្ថម្ភដើម្បីឱ្យបានទទួលជោគជ័យនៅលើសមរភូមិ ហើយនេះជាគោលបំណងពិតប្រាកដនៃសន្និសីទនេះ»។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov ត្រូវគេរំពឹងថានឹងចូលរួមក្នុងសន្និសីទនេះផងដែរ។
ជំនួបនោះកើតមានឡើងបន្ទាប់ពីការធ្វើដំណើររបស់លោកAustinនិងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់រដ្ឋធានីកៀវជាទីកន្លែងដែលពួកអស់លោកបានសន្យាផ្តល់ជំនួយយោធាកាន់តែច្រើនឡើងថែមទៀតដល់អ៊ុយក្រែន និងបន្តប្រមូលប្រទេសផ្សេងទៀតឱ្យចូលរួមផ្តល់វិភាគទានដល់ប្រទេសនេះ។
លោក Blinken បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងប្រទេសប៉ូឡូញបន្ទាប់ពីវិលត្រឡប់មកពីរដ្ឋធានីកៀវវិញថា ស្របពេលដែលរុស្ស៊ីកំពុងព្យាយាមប្រព្រឹត្តអំពើព្រៃផ្សៃនៅផ្នែកនានានៅក្នុងប្រទេសអ៊ុយក្រែននោះ ប្រជាពលរដ្ឋអ៊ុយក្រែនកំពុងក្រោកឈរយ៉ាងខ្លាំង ហើយពួកគេកំពុងធ្វើការងារនេះដោយមានការគាំទ្រដែលយើងបានសម្របសម្រួលមកពីជុំវិញពិភពលោក។
លោក Blinken បានមានប្រសាសន៍ទៀតថា៖ «គោលបំណងសង្គ្រាមរបស់រុស្ស៊ីបានបរាជ័យរួចហើយ ហើយអ៊ុយក្រែនបានទទួលជោគជ័យរួចហើយ។ គោលបំណងដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ីលោក Putin ក្នុងការធ្វើសង្គ្រាមនេះគឺដើម្បីដាក់បញ្ចូលអ៊ុយក្រែនទៅក្នុងផ្នែកមួយរបស់រុស្ស៊ី ដោយលុបបំបាត់អធិបតេយ្យភាពនិងឯករាជ្យភាពរបស់អ៊ុយក្រែនហើយថា គោលបំណងរបស់លោក Putin មិនបានកើតមានឡើង ហើយប្រាកដណាស់ ថានឹងមិនអាចកើតមានឡើងនោះទេ»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានថា ជម្លោះនោះអាចផ្ទុះទៅជាសង្គ្រាមលោកលើកទី៣។
លោក Sergey Lavrov បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា៖ «ភាពគ្រោះថ្នាក់នោះធ្ងន់ធ្ងរណាស់។ វាជាការពិត លោកអ្នកមិនអាចមើលស្រាលចំពោះបញ្ហានេះបានទេ»។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានបង្ហោះសារតាម Twitter ថា រុស្ស៊ីបានបាត់បង់ក្តីសង្ឃឹមចុងក្រោយរបស់ខ្លួន ដើម្បីបន្លាចពិភពលោកកុំឱ្យគាំទ្រអ៊ុយក្រែន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, Reuters និងAFP ។